RFI
អន្តរជាតិ
កូនកើត​នៅ​លើ​ទឹក​ដីបារាំង​ ប្រាកដ​ជាមាន​សញ្ជាតិ​បារាំង?
13, Feb 2024 , 7:59 am        
រូបភាព
កើត​នៅ​លើ​ទឹក​ដីបារាំង​ ប្រាកដ​ជាមាន​សញ្ជាតិ​បារាំង? AFP PHOTO RICHARD BOUHET
កើត​នៅ​លើ​ទឹក​ដីបារាំង​ ប្រាកដ​ជាមាន​សញ្ជាតិ​បារាំង? AFP PHOTO RICHARD BOUHET
ដោយ៖អៀង សុខម៉ិញ/RFI
 
ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍​ដ៏​ធ្ងន់ធ្ងរ និង​អសន្តិសុខសង្គម​យ៉ាង​​តាន​តឹង​ខ្លាំងនៅ​ម៉ៃយ៉ុត ដែល​ជា​តំបន់​ក្រីក្រ​ជាង​គេបំផុត​របស់​បារាំង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាសនៅ​ថ្ងៃ​អាទិត្យ​ទី ១១​កុម្ភៈ ២០២៤ ​សើរើ​រដ្ឋធម្មនុញ្ញ​ ដើម្បី​សុំ​លុប​សិទ្ធិ​ទទួល​សញ្ជាតិ​តាម​ទីកន្លែង​​កំណើត។ តើ​សិទ្ធិ​នេះជា​អ្វី​​?
 
Mayotte ជា​ដែន​ដី​កោះ​របស់​​បារាំង ដែល​ស្ថិត​នៅ​ក្នុង​មហាសមុទ្ទ​ឥណ្ឌា និង​ជា​តំបន់ដ៏​​ក្រីក្រ​ជាង​គេ​បំផុត​របស់​ប្រទេស។ តាំងពី​ថ្ងៃទី​២២​មករា​២០២៤​មក កោះ​ត្រូវ​ជាប់​គាំង​ និង​បិទ​ខ្ទប់​ដោយ​​សហគមន៍​ពលរដ្ឋ ដើម្បី​បរិហារ​ស្ថាន​ភាព​អសន្តិសុខ​និង​អន្តោប្រវេសន៍​​នៅលើ​កោះ។ មាន​ពលរដ្ឋ​រស់​នៅ​ជាង​​៣សែន​មួយ​ម៉ឺន​នាក់ ជិតពាក់កណ្តាល (៤៨%) ជា​ជន​អន្តោប្រវេសន៍​ជាតិ​កូម៉រ ឬ​​ជាតិ​ផ្សេង​នៅ​អាហ្វ្រិក។
 
ប្រឈម​នឹង​ស្ថានភាព​បែប​នេះ​ ក្នុង​ដំណើរទស្សនកិច្ច​នៅ​លើ​កោះនា​ថ្ងៃអាទិត្យ​ទី​១​១កុម្ភៈ២០២៤ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង លោកហ្សេរ៉ាលដ៍ ដារម៉ាណាំង​ បាន​​សម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់មួយ ប្រកាស​បិទ​បញ្ចប់​សិទ្ធិ​តាមទី​កំណើត​​ នៅ​លើ​ដែន​ដី​ម៉ៃយ៉ុត។ ​កែប្រែ​រដ្ឋធម្មនុញ្ញ​រួច មាន​តែ​ទារក​ប្រសូត​ចេញ​ពី​ឪពុកម្តាយ​បារាំង​ទេ (សិទ្ធិតាមឈាម) ទើប​មាន​​សញ្ជាតិ​បារាំងភ្លាម។ ​វិធានការ​ដាច់​ណាត់​នេះ នឹង​បង្អាក់​លំហូរ​​អន្តោប្រវេសន៍​រត់​ឆ្លង​សមុទ្ទ​តាម​ទូក​មក​បារាំង​ជាមិន​ខាន។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ដារម៉ាណាំងដដែល។
តើ​បារាំង​មាន​ច្បាប់​ស្តីពី​សិទ្ធិ (​ទទួល​សញ្ជាតិ​​) តាម​ទីកំណើត​យ៉ាងណា?
 
សិទ្ធិតាម​​ទីកន្លែង​កំណើត ជា​ច្បាប់​ដែល​អនុញ្ញត​ឱ្យ​មនុស្ស​ម្នាក់​មាន​សញ្ជាតិ​នៃ​ប្រទេស​ជា​ទីកន្លែង​កំណើត​របស់​គេ ទោះ​បី​ជា​ឪពុកម្តាយ​មិនមែនជា​​ជនជាតិ​ប្រទេស​នោះ​ក៏​ដោយ។
 
នៅ​បារាំង ទារក​កើត​លើ​ទឹក​ដី​បារាំង​មាន​សញ្ជាតិ​បារាំង​ជា​ស្វ័យប្រវត្តិ​ដរាប​ណា​តែ​ឪពុកឬ​ម្តាយជា​បារាំង​ប៉ុណ្ណោះ ឬ​ហៅ​ថា​សិទ្ធិ​តាម​ឈាម។ បារាំង​គ្មាន ​“សិទ្ធិ​តាមទីកំណើត”​ ពិត​ប្រាកដ​ដូច​នៅ​សហរដ្ឋ​អាមេរិក​ទេ។ ​ក្នុង​ក្របខ័ណ្ឌ​នៃសិទ្ធិ​តាមទី​កំណើត ​កូន​បរទេស​កើត​ក្នុង​ទឹក​ដី​បារាំង​​ អាច​ទទួល​សញ្ជាតិ​បារាំង​ ​នៅ​ពេលពេញ​​វ័យអាយុ​១៨​ឆ្នាំ ឬ​ដោយ​សុំ​ចាប់​ពី​អាយុ​១៣​ឆ្នាំឡើង​​ទៅ ដោយ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត គឺ​ត្រូវ​រស់នៅ​លើ​ដែន​ដី​បារាំង​ជាប់​រហូត​រយៈ​ពេល​យ៉ាង​តិច​៥​ឆ្នាំ ចាប់​ពី​អាយុ​១១​ឆ្នាំមក។ ដោយ​ឡែក​​នៅ​ដែន​ដីឯនាយ​សមុទ្រ​ម៉ៃយ៉ុត តាំងពី​ឆ្នាំ​២០១៨​មក លទ្ធភាព​ក្មេង​ក្លាយ​ជា​ជនជាតិ​បារាំង​បាន​រួម​តូច​យ៉ាង​ខ្លាំង។ កូនរបស់​ជន​បរទេស​​កើត​លើទឹក​ដី​បារាំង​ម៉ៃយ៉ុត អាច​សុំ​សញ្ជាតិ​បារាំង​បាន​ដរាប​ណា​តែ​ឪពុក​ឬ​ម្តាយ​មាន​ស្ថានភាព​រស់​នៅ​ស្រប​ច្បាប់​លើ​ទឹក​ដីបារាំង (​យ៉ាង​ហោចតាំងពី​បី​ខែមក)។ ឥលូវរដ្ឋាភិបាល​លុប​​សិទ្ធិ​នេះ​តែ​ម្តង ហើយអ្នក​កាន់​បណ្ណ​​ស្នាក់​នៅ​ស្រុកមៃយ៉ុត​មិន​អាច​ធ្វើ​ដំណើរ​មក​បារាំង​ដែន​ទ្វីបទេ។
 
មាន​ករណី​ពិសេស​មួយទៀត​ ដែល​បារាំងគោរព​សិទ្ធ​តាម​ទីកំណើត​ ​ដោយ​ព្រម​ផ្តល់​សញ្ជាតិបារាំង​​ដល់​ក្មេង​កើត​ភ្លាម គឺ​ទារក​របស់​ឪពុកម្តាយ​គ្មាន​ប្រទេស។ នេះ​ជា​ច្បាប់​អន្តរជាតិ​ដែលហាម​ឃាត់​មិន​ឱ្យ​រដ្ឋមួយ​បង្កើត​​អ្នក​អត់​សញ្ជាតិ​ថ្មី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com