សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃជាប្រទេសនាំចេញមាន់ច្រើនជាងគេទី៣ លើពិភពលោក
12, Feb 2024 , 4:19 pm        
រូបភាព
រូបភាព ៖ Thaiger
រូបភាព ៖ Thaiger
ថៃបាននាំចេញមាន់ប្រមាណ ១០ម៉ឺនតោនដែលមានតម្លៃជាង ១០០ពាន់លានបាត (២,៧៩ពាន់លានដុល្លារ) នៅឆ្នាំ ២០២៣ ។ ទំហំដ៏ច្រើននេះបានធ្វើឱ្យថៃជាប់ចំណាត់ថ្នាក់ទី៣ លើពិភពលោកលើការនាំចេញមាន់ បន្ទាប់ប្រេស៊ីល និងអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី៩ ខែកុម្ភៈ។​
 
តាមការបញ្ជាក់របស់លោកស្រី Chaweewan Kampa ប្រធានសមាគមផ្សព្វផ្សាយបសុបក្សីថៃ ចំណាត់ថ្នាក់នៃការនាំចេញមាន់របស់ថៃនៅឆ្នាំ២០២៣ មានភាពប្រសើរជាងឆ្នាំ២០២២ ដែលនៅលំដាប់លេខ៤ លើពិភពលោក។ 
 
លោកស្រីបានកោតសរសើរចំពោះវិធានការជំរុញការនាំចេញរបស់រដ្ឋាភិបាលថៃ ក៏ដូចជាការសម្រេចចិត្តដ៏ឆាប់រហ័សរបស់ខ្លួនក្នុងការបន្តការនាំចូលសណ្តែកសៀងក្រោមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) មួយឆ្នាំទៀត ដែលបានជួយដោះស្រាយបញ្ហាតម្លៃកើនឡើង និងកង្វះចំណីសត្វ។
 
កិច្ចព្រមព្រៀងក្រោមបទប្បញ្ញត្តិរបស់ WTO អនុញ្ញាតឱ្យនាំចូលសណ្តែកសៀងក្នុងអត្រាពន្ធ២ភាគរយ ដែលជំនួសឱ្យអត្រាពន្ធធម្មតា ១១៩ភាគរយ។ ទន្ទឹមនេះ ក៏មានការអនុញ្ញាតឱ្យនាំចូលពោតសម្រាប់ចំណីសត្វក្នុងអត្រាពន្ធ ២០ភាគរយជំនួសឱ្យ ៧០ភាគរយចំនួន ៥៤៧០០តោន។ 
 
យ៉ាងណាមិញ លោកស្រី Chaweewan បានមើលឃើញថា ​ថៃ​នៅ​តែ​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​តម្លៃ​ផលិតកម្ម​ខ្ពស់​ ​បើ​ធៀប​នឹង​គូ​ប្រជែង។ លោកស្រីបញ្ជាក់ថា ប្រេស៊ីល និងអាម៉េរិក ជាកន្លែងផលិតកម្មសណ្តែកសៀង និងពោតដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ជាចំណីសត្វ ខណៈថៃកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការក្នុងស្រុក។
 
ប្រធានសមាគមរូបនេះ បានជំរុញឱ្យរដ្ឋាភិបាលថៃពិចារណាលើការពង្រីកការនាំចូលបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀង WTO ជាពិសេសការកំណត់កូតានាំចូល ដើម្បីជួយកសិករចិញ្ចឹមមាន់កាត់បន្ថយថ្លៃដើម និងធ្វើឱ្យផលិតផលរបស់ថៃមានការប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។
 
ទន្ទឹមនេះ លោក Sitthiphan Thanakiatpinyo ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកថៃបាននិយាយថា ចំណីសត្វជាបន្ទុកសម្រាប់ការចំណាយដ៏ធំបំផុតសម្រាប់កសិករ ហើយបានជំរុញឱ្យរដ្ឋាភិបាលផ្តល់អាទិភាពដល់បញ្ហានេះ។
 
ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកថៃ បានបន្ថែមថា ពន្ធបច្ចុប្បន្ន និងការកំណត់ជាច្រើនលើការនាំចូលចំណីសត្វគួរតែត្រូវបានបន្ទាបបន្ថែមទៀត ដូចជាពន្ធ ២ភាគរយលើអាហារសណ្តែកសៀង និងពន្ធ ៩ភាគរយ លើគ្រាប់ធញ្ញជាតិ និងពន្ធ ១៥ភាគរយលើចំណីត្រី និងការកំណត់នាំចូល​ស្រូវ​សាលី​​១​ភាគ​៣​នៃ​ផលិតកម្ម​ពោត​ក្នុង​ស្រុក៕ 

Tag:
 ថៃ
  មាន់
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com