សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃទំនិញប្រើប្រាស់នៅចិន ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ១៤ឆ្នាំ
12, Feb 2024 , 9:59 pm        
រូបភាព
អតិថិជនទិញទំនិញនៅផ្សារទំនើបមួយក្នុងទីក្រុង Anshun ខេត្ត Guizhou ភាគនិរតីប្រទេសចិន។ រូបភាព ៖ Xinhua
អតិថិជនទិញទំនិញនៅផ្សារទំនើបមួយក្នុងទីក្រុង Anshun ខេត្ត Guizhou ភាគនិរតីប្រទេសចិន។ រូបភាព ៖ Xinhua
តម្លៃទំនិញប្រើប្រាស់នៅចិននៅក្នុងខែមករាបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩។  តួលេខនេះបានកំពុងដាក់សម្ពាធលើរដ្ឋាភិបាលចិនដើម្បីបង្កើនវិធានការជំរុញស្តារសេដ្ឋកិច្ចឡើងវិញ នៅក្នុងបរិបទនៃចក្ខុវិស័យកំណើនតិចតួច និងទីផ្សារហិរញ្ញវត្ថុមានការប្រែប្រួលខ្លាំង។
 
ទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិចិន (NBS) កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានថយចុះ ០,៨ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៩។ តួលេខនេះ គឺខ្ពស់ជាងការព្យាករដែលធ្លាក់ចុះប្រមាណ ០,៥ភាគរយរបស់អ្នកជំនាញសេដ្ឋកិច្ចដែលបានធ្វើពីមុន។ 
 
លោក Zhiwei Zhang ប្រធានផ្នែកគ្រប់គ្រងទ្រព្យសកម្មរបស់ក្រុមហ៊ុន Pinpoint បានប្រាប់សារព័ត៌មាន Bloomberg ថា ទិន្នន័យ CPI នាពេលនេះ បានបង្ហាញថាចិនកំពុងប្រឈមមុខនឹងសម្ពាធអតិផរណារយៈពេលយូរ។ ទាក់ទិនបញ្ហាខាងលើ ប្រធានផ្នែកគ្រប់គ្រងរូបនេះ បានជំរុញឱ្យ ចិនត្រូវតែធ្វើសកម្មភាពឱ្យបានឆាប់រហ័ស និងច្បាស់លាស់ ដើម្បីជៀសវាងហានិភ័យនៃការរំពឹងទុកអតិផរណាដែលធ្វើឱ្យអ្នកប្រើប្រាស់លែងមានទំនុកចិត្ត។ 
 
មិនត្រឹមតែតម្លៃទំនិញធ្លាក់ចុះប៉ុណ្ណោះទេ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានថយចុះ ២,៥ភាគរយក្នុងខែមករា បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាការធ្លាក់ចុះ ១៦ ខែជាប់ៗគ្នានៃតម្លៃទំនិញដែលចេញពីរោងចក្រ។
 
ទិន្នន័យទាំងនេះ កើតឡើងនៅពេលដែលអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិនិយោគកំពុងព្យាយាមអំពាវនាវឱ្យទីក្រុងប៉េកាំងធ្វើអ្វីបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ច និងទីផ្សារភាគហ៊ុន។
 
ទំនុកចិត្តលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងធ្លាក់ចុះ បើទោះបីជារដ្ឋាភិបាលចិនបានអនុវត្តវិធានការជំរុញសេដ្ឋកិច្ច ដូចជាការកាត់បន្ថយអត្រាការប្រាក់ បន្ថយអត្រាទុនបម្រុងដែលត្រូវការ និងការចេញមូលបត្របំណុលដើម្បីកៀរគរដើមទុនសម្រាប់វិនិយោគិនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក៏ដោយ។ អ្នក​សេដ្ឋកិច្ច​និយាយ​ថា ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​មិ ន​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​វិល​មក​ផ្លូវដូចដើមវិញបានទេ។
 
នៅឆ្នាំ ២០២៣ ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិនបន្ទាប់ពីជំងឺកូវីដ-១៩ បានធ្វើឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសហាក់មានទុទិដ្ឋិនិយម និងមានទំនោរកំណត់ការចំណាយ ដែលនាំឱ្យតម្លៃទំនិញធ្លាក់ចុះនៅក្នុងឆ្នាំនោះ។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ រង្វាស់តម្លៃទំនិញនៅចិនបានកត់សម្គាល់ពីការធ្លាក់ចុះដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៩៩ ដែលនេះជាបញ្ហាប្រឈមដ៏ធំសម្រាប់អ្នកបង្កើតគោលនយោបាយចិនត្រូវប្រឈមមុខដើម្បីរុញកំណើនឡើងវិញនៅឆ្នាំ ២០២៤។
 
កម្រិតសន្ទស្សន៍ CPI ស្នូល ដោយមិនរាប់បញ្ចូលក្រុមទំនិញដែលមានការប្រែប្រួលតម្លៃជាញឹកញាប់ដូចជាអាហារ និងថាមពលបានកើនឡើង ០,៤ភាគរយក្នុងខែមករា បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលទាបជាងការកើនឡើងដែលបានកត់ត្រាក្នុងខែធ្នូ ហើយទាបបំផុតចាប់តាំងពីខែមិថុនាឆ្នាំមុន។ តម្លៃសាច់ជ្រូកបានធ្លាក់ចុះ ១៧ភាគរយដែលជាហេតុផលចម្បងដែលតម្លៃអាហារបានធ្លាក់ចុះ ៥,៩ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៩៤។
 
យោង​តាម​អ្នក​ជំនាញ ហានិភ័យ​ដែល​បរិត្តផរណា​បង្កដល់​សេដ្ឋកិច្ច​ចិន​មាន​ទំហំ​ធំខ្លាំងណាស់។ ប្រសិនបើស្ថានការណ៍មិនវិលវិញទេ សេដ្ឋកិច្ចចិនអាចធ្លាក់ចុះ ដែលអ្នកប្រើប្រាស់ត្រូវពន្យារពេលសម្រាប់ចំណាយ ដោយសារការរំពឹងទុកថាតម្លៃនឹងបន្តធ្លាក់ចុះ។ ដូច្នេះការប្រើប្រាស់សរុបនឹងធ្លាក់ចុះ ហើយនឹងរីករាលដាលដល់អាជីវកម្មនានានៅក្នុងស្រុក។
 
សេដ្ឋវិទូព្យាករថា សម្ពាធបរិត្តផរណានៅចិននឹងបន្តយ៉ាងហោចណាស់ ៦ខែទៀត ដែលភាគច្រើនដោយសារតែវិបត្តិអចលនទ្រព្យដែលមិនមានទីបញ្ចប់ក្នងពេលដ៏ខ្លី។ ចិនបានសម្រេចគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រហែល ៥ភាគរយក្នុងឆ្នាំ ២០២៣ ដែលតម្រូវឱ្យអ្នកធ្វើគោលនយោបាយចិនខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានកំណើនបែបនេះនៅឆ្នាំ២០២៤។ 
 
« វិបត្តិអចលនទ្រព្យដែលអូសបន្លាយពេលយូរ និងការប្រែប្រួលទីផ្សារភាគហ៊ុនកំពុងធ្វើឱ្យចិត្តសាស្ត្ររបស់ប្រជាជនមានទុទិដ្ឋិនិយម។ លោក Raymond Yeung ប្រធានសេដ្ឋវិទូរបស់ធនាគារ ANZ បានលើកឡើងបែបនេះសំដៅទៅលើការធ្លាក់ចុះនៃតម្រូវការដែលនាំទៅដល់ការផលិតលើសក្នុងទីផ្សារចិន។
 
បើតាមអ្នកជំនាញរូបនេះ ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងសេដ្ឋកិច្ចចិនគឺមានទំហំច្រើន ហើយទិន្នន័យអតិផរណាទាបជាហេតុផលដ៏ល្អសម្រាប់អាជ្ញាធរចាត់វិធានការ៕ 

Tag:
 ចិន
  អតិផរណា
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com