អន្តរជាតិ
តុលាការ​បង្គាប់​​ហូឡង់​បញ្ឈប់​ចែកចាយ​គ្រឿងបរិក្ខារយន្តហោះF-35 ដល់​អុីស្រាអែល
13, Feb 2024 , 9:59 am        
រូបភាព
យន្តហោះចម្បាំង F-35។ រូបភាព AFP
យន្តហោះចម្បាំង F-35។ រូបភាព AFP
ហូឡង់ត្រូវតែបញ្ឈប់ការផ្តល់គ្រឿងបរិក្ខារនៃយន្តហោះចម្បាំង F-35 ដែលអុីស្រាអែល ប្រើប្រាស់នៅតំបន់កាហ្សា។ តុលាការឧទ្ធរណ៍ហូឡង់ បានចេញសាលដីកាបែបនេះ នៅថ្ងៃទី១២ ខែកុម្ភៈ ក្រោមហេតុផល ការលក់គ្រឿងបង្គុំទាំងនោះ ធ្វើឡើងដោយសារវាអាច ព័ន្ធនឹងការបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ យ៉ាងណាមិញ រដ្ឋាភិបាលជំទាស់សេចក្តីសម្រេចមួយនេះ។
 
បើតាមសាលា​ឧទ្ធរណ៍​ក្នុង​ទីក្រុង​ឡាអេ​ គ្រឿងបន្លាស់ដែលនាំចេញពីហូឡង់ទៅអុីស្រាអែល​បាន​រួម​ចំណែក​រំលោភ​ច្បាប់​ដោយ​អុីស្រាអែល​ក្នុង​សង្រ្គាម​ប្រឆាំង​ក្រុម​ហាម៉ាស។
 
«តុលាការ​បញ្ជា​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ចេញ​គ្រឿង​បរិក្ខារF-35 បន្ថែម​ទៀត​ទៅ​កាន់​អុីស្រាអែល ​ក្នុង​រយៈ​ពេល ៧ ថ្ងៃ»។ សាលដីការបស់តុលាលើកឡើងបែបនេះ រួចបន្តថា វាមានហានិភ័យច្បាស់លាស់ដែលការបំពានច្បាប់មនុស្សធម៌ធ្ងន់ធ្ងរត្រូវបានប្រព្រឹត្តនៅក្នុងតំបន់កាហ្សាជាមួយនឹងយន្តហោះចម្បាំង F-35 របស់អុីស្រាអែល។
 
តាមពិតទៅ គ្រឿងបង្គុំ F-35 ក្នុងរឿងនេះ ជាកម្មសិទ្ធិរបស់អាម៉េរិក ដែលត្រូវបានរក្សាទុកនៅឃ្លាំងនៅហូឡង់ ហើយបន្ទាប់មកត្រូវបានដឹកជញ្ជូនទៅកាន់ដៃគូជាច្រើន រួមទាំងអុីស្រាអែល តាមរយៈកិច្ចព្រមព្រៀងនាំចេញដែលមានស្រាប់។ អាជ្ញាប័ណ្ណនាំចេញត្រូវបានផ្តល់នៅឆ្នាំ ២០១៦ ក្នុងរយៈពេលមិនកំណត់ ប៉ុន្តែតុលាការបានសម្រេចថាស្ថានភាពបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក។
 
តុលាការសម្គាល់ផងដែរថា ទោះបីអាជ្ញាបណ្ណត្រូវបានបញ្ចប់ក្នុងរយៈពេលមិនកំណត់រយៈពេលក្ដី ក៏មិន មានន័យថារដ្ឋអាចបិទភ្នែកចំពោះអ្វីដែលអាចកើតឡើងនៅពេលក្រោយនោះទេ។
 
កាលពីខែធ្នូ តុលាការថ្នាក់ក្រោមនៅទីក្រុងឡាអេបានបញ្ជាក់ថា ការផ្គត់ផ្គង់គ្រឿងបន្លាស់ ជាការសម្រេចចិត្តផ្នែកនយោបាយដែលចៅក្រមមិនគួរជ្រៀតជ្រែកឡើយ។ ប៉ុន្តែ ​តុលាការ​ឧទ្ធរណ៍​បាន​បដិសេធ​ការ​សម្រេច​នេះ ដោយសង្កត់ធ្ងន់ថា ហូឡង់​ត្រូវ​តែ​ហាម​ឃាត់​ការ​នាំ​ចេញ​ទំនិញ​យោធា ​ប្រសិន​បើ​មាន​ហានិភ័យ​ច្បាស់​លាស់​នៃ​ការ​រំលោភ​ច្បាប់​មនុស្សធម៌​ធ្ងន់ធ្ងរ​ក្នុងសង្គ្រាម។
 
ក្រោយសេចក្តីសេចក្តីសម្រេចខាងលើ រដ្ឋាភិបាលក្រុងអាំស្ទែដាំ បានជំទាស់ និងដាក់បណ្តឹងតវ៉ាទៅកាន់តុលាការកំពូល ក្រោមហេតុផលថាគ្រឿងបន្លាស់ទាំងនោះ ជាផ្នែកនៃអាវុធដ៏សំខាន់សម្រាប់អុីស្រាអែល ក្នុងការការពារខ្លួន។ 
 
គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសអះអាង ថា ការវាយប្រហាររបស់អុីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨៣៤០នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ៕

Tag:
 ហូឡង់
  អុីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com