កីឡាអន្តរជាតិ
អន្តរជាតិ
Mascherano ថា អាហ្សង់ទីនបើកផ្លូវសម្រាប់ Messi គ្រប់ពេល នាព្រឹត្តិការណ៍អូឡាំពិក
13, Feb 2024 , 11:33 am        
រូបភាព
លោក Javier Mascherano គ្រូបង្វឹកក្រុមអាយុក្រោម ២៣ឆ្នាំ អាហ្សង់ទីន និងជាអតីតមិត្តរួមក្រុម កាលនៅក្លិប Barcelona បានលើកឡើងថា ខ្សែប្រយុទ្ធ Lionel Messi នឹងត្រូវបានអញ្ជើញដោយបើកចំហ សម្រាប់ការប្រកួតលេងជាមួយនឹងក្រុម U23 នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ នេះ។


កាលពីពេលថ្មីៗនេះ អាហ្សង់ទីន បានទម្លាក់ក្រុមម្ចាស់ការពារជើងឯកមេដាយមាស ២លើកជាប់គ្នា​ ប្រេស៊ីល នៅត្រឹមវគ្គជម្រុះ ដើម្បីឈ្នះកៅអីប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ (Paris 2024)។
 
«អ្នកគ្រប់គ្នាដឹងហើយថាទំនាក់ទំនងខ្ញុំជាមួយនឹង Leo Messi បែបណានោះ ជាមិត្តភាពដែលខ្ញុំមានមកដល់ពេលនេះ។ កីឡាករដូចជារូបគេ គឺទ្វានឹងតែងតែបើកចំហរង់ចាំទទួលរូបគេដើម្បីមួយជួយដល់ពួកយើងនៅអូឡាំពិក បន្ទាប់មកភាពច្បាស់លាស់គឺអាស្រ័យនៅលើរូបគាត់ និងការប្តេជ្ញាចិត្តរបស់គាត់។»។ នេះបើតាមសម្តីរបស់ Mascherano។
 
ក្រោយពេលដែលអាហ្សង់ទីនឈ្នះកៅអីទៅ Paris 2024 ខ្សែប្រយុទ្ធដែលជួយជម្រើសជាតិអាហ្សង់ទីនឈ្នះពាន World Cup លើកទី៣ ក្នុងប្រវត្តិសាស្ត្រ បានបង្ហោះសារកាលពីថ្ងៃទី១១ ខែកុម្ភៈ នៅលើបណ្តាញសង្គម Instagram ដែលលាយឡំរូបភាពជាមួយនឹងលោក Mascherano អមជាមួយនឹងពាក្យអបអរជ័យជម្នះផងដែរ។
 
កីឡាករយុវជនមានក្តីសង្ឃឹមថា នឹងអាចចូលរួមលេងជាមួយវត្តមានរបស់ Messi ។ កីឡាករខ្សែបម្រើវ័យក្មេង ដែលកំពុងមានទម្រង់លេងល្អ Thiago Almada ចាត់ទុកថា ការលេងជាមួយតារាបាល់ទាត់ប្រចាំប្រទេសខ្លួន គឺជាការសម្រេចបាននូវក្តីស្រម៉ៃ។ កីឡាករ Almada ចង់ឃើញ ម្ចាស់ពាន Ballon d’Or ៨សម័យ មានឈ្មោះលេងក្នុងក្រុមនៅ Paris 2024។
 
កីឡាករ Almada បាននិយាយដូច្នេះថា៖« ខ្ញុំសង្ឃឹមថាគាត់នឹងមានការសម្រេចចិត្ត ដែលថាគាត់នឹងមកកាន់ទីនោះ។ យើងចង់ឃើញគាត់នៅពេលនោះ ដែលវានឹងក្លាយជាក្តីស្រម៉ៃ ដែលថាគាត់នឹងអាចលេងបាន។»។
 
កាលពីឆ្នាំ ២០០៨ នៅប្រទេសចិន Messi ធ្លាប់បានជួយដល់អាហ្សង់ទីន ឈ្នះមេដាយមាសអូឡាំពិកម្តងហើយ។ 
 
តែយ៉ាងណា ការប្រកួតពានរង្វាន់ Copa America 2024 ក៏ខិតជិតមកដល់ដូចគ្នា ដែលការប្រកួតនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា​ ។ ការប្រកួតនោះនឹងបញ្ចប់មុន ២សប្តាហ៍ប៉ុណ្ណោះ នៃការប្រកួត Paris 2024 មកដល់៕

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com