ជាតិ
សង្គមជាតិ
អាជ្ញាធរសៀមរាប នឹងដំណើរការរថយន្តក្រុងសាធារណដំបូង រវាងក្រុងរុនតាឯក-ក្រុងសៀមរាប
14, Feb 2024 , 3:19 pm        
រូបភាព
សកម្មភាពធ្វើដំណើរប្រចាំថ្ងៃ ក្នុងក្រុងសៀមរាប តាមបណ្ដោយផ្លូវស្ទឹងសៀមរាប ជាប់នឹងព្រះរាជដំណាក់។ រូបភាព ស៊ុល រ៉វី៕
សកម្មភាពធ្វើដំណើរប្រចាំថ្ងៃ ក្នុងក្រុងសៀមរាប តាមបណ្ដោយផ្លូវស្ទឹងសៀមរាប ជាប់នឹងព្រះរាជដំណាក់។ រូបភាព ស៊ុល រ៉វី៕
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នឹងដាក់ដំណើរការសាកល្បងរថយន្តក្រុងសាធារណៈ ពីក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤តទៅ។


បើតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្ត ឡានក្រុងសាកល្បងនេះ សម្រាប់ពលរដ្ឋធ្វើដំណើរដោយឥតបង់ថ្លៃសេវាឡើយ។ ក្នុងសេចក្ដីជូនដំណឹង បានសរសេរថា៖ «ការដាក់ដំណើរឡានក្រុងសាធារណៈនៅពេលនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក បំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ...»។ 
 
ចំពោះចំណតឡានក្រុងសាកល្បងនៅក្រុងសៀមរាប ស្ថិតនៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ដោយមានម៉ោងចេញដំណើរ ចំនួន៩ជើង ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច។



ចំណែកចំណតឡាននៅក្រុងរុនតាឯកវិញ ស្ថិតនៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក នឹងចេញដំណើរ១០ជើងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥កន្លះព្រឹក ដល់ម៉ោង៦នាទីល្ងាច។ 
 
ដោយឡែកម៉ោង ៩ព្រឹក, ម៉ោង ១១ព្រឹក និងចាប់ពីម៉ោង១រសៀល ដល់ម៉ោង៣រសៀល មិនមានម៉ោង (រថយន្តមិនចេញដំណើរ) សម្រាប់ពលរដ្ឋធ្វើដំណើរទៅមក ក្រុងរុនតាឯកតេជោសែន ទៅក្រុងសៀមរាប ឡើយ។
 
គួរជម្រាបថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចបង្កើត «ក្រុងរុនតាឯកតេជោសែន»ឡើង នៅថ្ងៃទី១១មករា ឆ្នាំ២០២៤។ ក្រុងនេះ មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង ពោលគឺកាត់ឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង ពីស្រុកប្រាសាទបាគង៕ 
 

Tag:
 ThmeyThmey
  ឡានក្រុងសាធារណ
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com