ជាតិ
ព័ត៍មានសុខភាព
សុខភាព
គ្រោះថ្នាក់ ! ទឹកនោមផ្អែម​ប្រភេទ​២ អាច​ធ្វើ​ឲ្យ​ពិការ និង​គ្រោះថ្នាក់​ដល់​ជីវិត​បាន
16, Feb 2024 , 6:59 am        
រូបភាព
ជឿ​ថា​គ្នា​យើង​ដឹង​បាន​ច្រើន​ហើយ ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កើត​មាន​ភាគច្រើន​លើ​មនុស្ស​ធំ​ពេញវ័យ​ដោយ​ស្ងប់ស្ងាត់​បំផុត និង​ប្រើ​ពេលវេលា​ច្រើន​ឆ្នាំ បន្តិច​ម្ដង​ៗ ដោយ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំងអស់​។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែ​ត​។
 
យើង​ត្រូវ​ដឹង​ថា គ្រាន់តែ​បញ្ហា​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​តែ​មុខ នាំ​ទៅ​ដល់​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំងអស់ ដែល​អាច​នាំ​ទៅ​ដល់​ទាំង​ពិការ​ភាព និង​អាយុជីវិត​។ ក្នុង​ករណី​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ មិន​បាន​ព្យាបាល​ត្រឹមត្រូវ និង​ឲ្យ​ទាន់​ពេលវេលា ជំងឺ​នេះ​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា​៖
 
– ខ្សោយតម្រងនោម
– ខូច​សាច់ដុំ​បេះដូង ដោយ​មក​ពី​ស្ទះ​សរសៃឈាម​បេះដូង
– ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល
– ពិការ​ភ្នែក
– បាត់បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ (​ងាយ​ប្រឈម​នឹង​ការ​របួស​ជើង ឬ​វះកាត់​ជើង​)​។
 
ហេតុ​បែប​នេះ​ហើយ ទើប​យើង​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ពិនិត្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ដោយ​គ្រូពេទ្យ​គឺជា​វី​ធី​ល្អ​បំផុត ដើម្បី​ចៀសវាង ក៏​ដូច​ជា​ទប់ស្កាត់​កើត​ជំងឺ​ទឹកនោមផ្អែម​។ ដូច​គ្នា​នេះ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ មិន​ថា​គ្នា​យើង​ណា​កើត​ទឹកនោមផ្អែម ឬ​គ្នា​យើង​ដែល​មាន​សុខភាព​ធម្មតា​ទេ គួរ​ផ្លាស់​ប្ដូរ​របៀប​រស់នៅ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ​៖
 
១. ហាត់ប្រាណ​យ៉ាងតិច ៣០-៤៥​នាទី​/​ថ្ងៃ
២. ញ៉ាំ​អាហារ​យ៉ាងតិច ៣​ដង​/​ថ្ងៃ ឲ្យ​ទៀងពេល (​អាហារ​គ្រប់ពេល​គួរ​មាន​បន្លែ​ចម្រុះ​)
៣. ចៀសវាង​អាហារ​ប្រៃ​ឲ្យ​បាន​ច្រើន
៤. ឈប់​ជក់បារី
៥. កាត់​បន្ថយ​អាហារ​កាឡូរី​ខ្ពស់ មក​ពី​ប្រភព​ស្ករ ខ្លាញ់ និង​សាច់​ក្រហម
៦. កាត់​បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត
៧. ពិសេស ត្រូវ​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ឲ្យ​បាន​ច្រើន (​ដែល​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​វិបត្តិ​មេតា​បូ​លិ​ក​)​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com