ជាតិ
សង្គមជាតិ
កម្ពុជាទទួលបានកូនផ្សោតទី២ នាថ្ងៃក្តីស្រឡាញ់! 15, Feb 2024 , 12:59 pm
× ក្រុមអ្នកស្រាវជ្រាវនៃ រដ្ឋបាលជលផល និងអង្គការWWF រកឃើញកូនផ្សោតទើបកើតមួយក្បាល ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ។ នេះជាកូនផ្សោតទី២ហើយដែលកម្ពុជាទទួលបាននៅដើមឆ្នាំ២០២៤។ បើតាមការចុះផ្សាយរបស់WWF។
«ស្វាគមន៍កូនផ្សោតទី២ ក្នុងឆ្នាំ២០២៤ មកក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំថ្ងៃនៃក្តីស្រឡាញ់តែម្តង!»។ អង្គការWWF បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបែបនេះនៅថ្ងៃទី១៤កុម្ភៈ ដោយបានរំលឹកថា កូនផ្សោតទី១ក្នុងឆ្នាំនេះ គឺបានប្រទះឃើញនៅថ្ងៃទី១១កុម្ភៈ។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ខណៈបច្ចុប្បន្នសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ចាប់តាំងពីឆ្នាំ២០០៤មក។ ហេតុដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវពួតដៃរួមគ្នាការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនាសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
តាមការប៉ាន់ស្មានសត្វផ្សោតនៅកម្ពុជាមានប្រមាណ៩០ក្បាល ដែលកំពុងរស់នៅតាមបណ្តោយអន្លង់ធំៗប្រវែង១៨០គីឡូម៉ែត្រនៃទន្លេមេគង្គស្ថិតក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com