ភ្នំពេញ៖ ចំនួនអ្នកមានការងារធ្វើ ក្នុងវិស័យឧស្សាកម្មបន្តកើនឡើងជាបន្តបន្ទាប់ ពី២,៤លាននាក់ នៅឆ្នាំ២០១៨ ដល់ ៣,១លាននាក់ ក្នុងឆ្នាំ២០២៥។ ចំណែក វិស័យសេវាកម្មវិញ កើនពី ៣,៤លាននាក់ ទៅ៤លាននាក់ នៅចន្លោះឆ្នាំ២០១៨ ដល់២០២៥។ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ទិន្នន័យក្នុងរបាយការណ៍ក្រសួង បានឱ្យដឹងថា កាលពីឆ្នាំ២០២២ ចាប់ពីអាយុ១៥ ទៅ៦៤ឆ្នាំ មាន៩,១លាននាក់ ហើយចំនួននេះ បានកើនឡើងដល់ ៩,៣លាននាក់ ឬកើន២,៧ភាគរយ ក្នុងឆ្នាំ២០២៣ ។ ហើយនៅឆ្នាំ២០២៣ ចំនួនអ្នកមានការងារធ្វើ ក្នុងវិស័យកសិកម្ម ថយចុះ២,៣ភាគរយ ខណៈវិស័យឧស្សាកម្ម និងសេវាកម្ម បានរក្សាកំណើនការងារពី ៣,២ភាគរយ ទៅ ៦,៦ភាគរយ។
នៅចន្លោះឆ្នាំ ២០២៤ ដល់២០២៦ តាមរយៈវិស័យការងារទាំងបីខាងលើ ពិសេស វិស័យឧស្សាហកម្ម និងសេវាកម្ម ក្រសួងព្យាករថាកម្ពុជានឹងអាចបង្កើតការងារបន្ថែមដល់ពលរដ្ឋប្រមាណ២៣,៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ក្រសួងបានចាត់ទុក វិស័យឧស្សាហកម្ម ជាក្បាលម៉ាស៊ីនបង្កើតការងារ ហើយក្នុងមួយឆ្នាំ ក្រសួងរំពឹងថាវិស័យនេះ នឹងបង្កើតការងារបានប្រមាណ១៦,៧ម៉ឺននាក់។ ក្រសួងអះអាងថា ចំនួនអ្នកមានការងារធ្វើក្នុងវិស័យឧស្សាហកម្ម នឹងបន្តកើន ពី២,៨លាននាក់ នៅឆ្នាំ២០២៣ ទៅ២,៩លាននាក់ នៅឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៥ នឹងកើនដល់៣,១លាននាក់។
ចំណែក ការងារក្នុងវិស័យសេវាកម្ម ក្នុងឆ្នាំ២០២០ និង២០២១ បានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារវិបត្តិកូវីដ-១៩។ ប៉ុន្តែ វិស័យនេះ បានចាប់ផ្ដើមងើបឡើងវិញ បន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញ ដែលនាំឱ្យចំនួនការងារ កើនឡើងដល់៤.៣ភាគរយ នៅឆ្នាំ២០២២ ទៅ៦.៦ភាគរយ នៅឆ្នាំ២០២៣។
រីឯ កំណើនសេដ្ឋកិច្ចវិស័យសេវាកម្មវិញ ក្រសួងព្យាករថាឆ្នាំ២០២៤ នឹងកើន៦,៩ភាគរយ ប៉ុន្តែបើធៀបនឹងឆ្នាំ២០២៣ គឺទាបជាង ដែលសម្រេចបានកំណើន៨,១ភាគរយ។ របាយការណ៍ដដែល បានបញ្ជាក់ពីមូលហេតុនេះការកើនឡើងយ៉ាងដូច្នេះ៖ «ការកើនឡើងនេះដោយសារការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាពិសេសអនុវិស័យស្នាក់នៅនិងភោជនីយដ្ឋាន, អនុវិស័យលក់ដុំ-រាយ, និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ខណៈពេល ដែលអនុវិស័យអចលនទ្រព្យត្រូវបានរំពឹងថាងើបឡើងវិញក្នុងកំណើនយឺត»។
កំណើនការងារនៃវិស័យឧស្សាហកម្ម និងសេវាកម្ម គឹដោយសារការកើនឡើងតម្រូវការ ផលិតកម្មនិងអាជីវកម្ម ព្រមទាំងការផ្លាស់ប្ដូរការងារពីវិស័យកសិកម្ម ដែលក្រសួងបានព្យាករថាចំនួនការងារនឹងថយចុះប្រមាណ៩,៨ម៉ឺននាក់ ក្នុងមួយឆ្នាំ ឬស្មើនឹង៣,៥ភាគរយ៕