ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ ផែនការគ្រប់វិស័យសរសេរដោយកូនខ្មែរ មន្ត្រីខ្មែរ គឺលែងពឹងជំនាញការបរទេសហើយ 15, Feb 2024 , 6:59 pm
ក្រុមនិស្សិតនាំគ្នាថតសែលហ្វីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
× «ចំណេះដឹងជាអំណាច»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងការប្រគល់សញ្ញាបត្រជូននិស្សិតជាង៥០០០នាក់ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ដោយសារពលរដ្ឋពោរពេញដោយចំណេះដឹងបែបនេះហើយ ទើបកម្ពុជាលែងពឹងពាក់ជំនួយការបរទេសសម្រាប់ការសរសេរផែនការ។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «យើងមានចំណេះដឹង យើងអាចមានលទ្ធភាពរៀបចំផែនការដើរដោយខ្លួនឯង ធ្វើខ្លួនឯងច្រើន និងបង្កើននូវទំនុកចិត្តលើខ្លួនឯង»។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ភាពប្រកួតប្រជែង និងជម្រើសគឺផ្អែកលើសមត្ថភាពបុគ្គល ហើយធនធានមនុស្សទាំងនេះ គឺជាតួអង្គដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយរាប់តាំងពីថ្នាក់ដឹកនាំជាតិ ដល់ក្រោមជាតិ ព្រមទាំងពលរដ្ឋនៅគ្រប់វិស័យ។
សម្តេចទទួលស្គាល់ថា ការប្រកួតប្រជែងរបស់កម្ពុជានៅមិនទាន់ដល់ប្រទេសជិតខាងដែលគ្មានសង្គ្រាមនោះឡើយ ប៉ុន្តែគម្លាតកាន់តែឃ្លាតតិច។ «បើមន្ត្រីរបស់យើងមិនមានអ្នកចេះច្បាប់ មិនមានអ្នកចេះសេដ្ឋកិច្ច ជាក្រុមមួយសម្រាប់ចរចា តើយើងអាចចរចាឈ្នះគេទេ?»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ ដោយប្រៀបធៀបទិដ្ឋភាពកាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ ដែលគ្រប់ក្រសួងស្ថាប័នទាំងអស់ តែងតែពឹងអ្នកជំនាញបរទេសជាពិសេសពី IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ), World Bank (ធនាគារពិភពលោក) ក្នុងការសរសេរផែនការ។
នៅចំពោះមុខនិស្សិតជាង៥០០០នាក់ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា៖ «ឥឡូវរាល់ផែនការរបស់យើង គឺកូនខ្មែរ មន្ត្រីខ្មែរអ្នកធ្វើ តាំងពីថ្នាក់ជាតិដល់ក្រោមជាតិ អ្នកណាថា កម្ពុជាងពឹងលើប្រទេសនេះ ពឹងលើប្រទេសនោះ ទៅមើលទៅ»។ សម្តេចបានលើកឡើងពីសមត្ថភាពរបស់បញ្ញវន្តខ្មែរលើការគ្រប់គ្រងរៀបចំផែនការដឹកនាំ ការដឹកនាំការអនុវត្តផែនការគ្រប់វិស័យ ហើយធនធានភាគច្រើនគឺទទួលបានការបណ្តុះបណ្តាលក្នុងប្រទេសនារយៈពេលប្រមាណ៤០ឆ្នាំចុងក្រោយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com