អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីអេស្តូនី ច្រានចោលដីកាចាប់ខ្លួនរបស់រុស្ស៊ី 19, Feb 2024 , 12:09 pm
នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas ។ រូបភាព ៖ AFP
× នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas បានច្រានចោលដីការចាប់ខ្លួនរបស់រុស្ស៊ី ដោយចាត់ទុកជាការគំរាមកំហែង ស្របពេលមានការរំពឹងទុកថាលោកស្រីអាចទទួលបានតំណែងខ្ពស់នៅក្នុងសហភាពអឺរ៉ុប។
« ដីកាចាប់ខ្លួននេះ គឺគ្រាន់តែមានបំណងបំភិតបំភ័យ និងរារាំងការសម្រេចចិត្តដែលបានគ្រោងទុក។ វាគ្រាន់តែជាល្បិចរបស់រុស្ស៊ី និងមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ»។ លោកស្រី Kaja Kallas បានផ្តល់បទសម្ភាសបែបនេះនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich នៅអាល្លឺម៉ង់ថ្ងៃទី១៨ ខែកុម្ភៈ ដោយសំដៅការប្រកាសរបស់ក្រសួងមហាផ្ទៃរុស្ស៊ីកាលពីថ្ងៃទី១៣ ខែកុម្ភៈ។
អ្នកនយោបាយអេស្តូនីរូបនេះប្រឈមនឹងការចាប់ខ្លួន ប្រសិនបើឈានជើងចូលទឹកដីរុស្ស៊ី។ ក្រៅពីលោកស្រី Kallas ក្រសួងមហាផ្ទៃរុស្ស៊ីបានចេញដីកាចាប់ខ្លួនរដ្ឋមន្ត្រីការបរទេសអេស្តូនី Taimar Peterkop ប៉ុន្តែមិនបានបញ្ជាក់ពីការចោទប្រកាន់លើមន្ត្រីទាំងពីរនេះទេ។ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ហេតុផលសម្រាប់ការចាប់ខ្លួនគឺ ការបំផ្លាញបូជនីយដ្ឋានកងទ័ពក្រហមសូវៀតនៅអេស្តូនី។
យ៉ាងណាមិញ លោកស្រី Kallas បាននិយាយថា ការរំពឹងទុកលោកស្រីអាចចូលកាន់តំណែងជាប្រធានគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប ក្រោយពីការបោះឆ្នោតសភាអឺរ៉ុបនៅខែមិថុនាខាងមុខជំនួសតំណែងលោក Josep Borrell បច្ចុប្បន្ន ដែលបានជំរុញឱ្យមានដីកាចាប់ខ្លួននេះ។
លោកស្រីបញ្ជាក់ថា ៖« ជនជាតិរុស្ស៊ីបានដឹងរឿងនេះ នោះហើយជាមូលហេតុដែលពួកគេបានចេញដីកាចាប់ខ្លួន ដើម្បីបញ្ជាក់ថា ខ្ញុំជាអ្នកញុះញង់រុស្ស៊ីខ្លាំងក្លាបំផុត »។
លោកស្រី Kallas បានកាន់តំណែងជានាយករដ្ឋមន្ត្រីអេស្តូនី តាំងពីខែមករា ឆ្នាំ២០២១។ លោកស្រីតែងរិះគន់រុស្ស៊ីមិនសំចៃមាត់ថាបានគំរាមកំហែងចំពោះសន្តិសុខនៃបណ្តាប្រទេសលោកខាងលិច ព្រមទាំងបានសម្រេចចិត្តវាយកម្ទេចវិមានសម័យសូវៀតនៅអេស្តូនី។ វិមានទាំងនេះត្រូវបានសាងសង់ឡើងដើម្បីរំលឹកដល់អ្នកដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទី២។
អេស្តូនីជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំបំផុត ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ លោកស្រី Kallas ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញសហភាពអឺរ៉ុបឱ្យគាំទ្រអ៊ុយក្រែនបន្ថែមដែរ។
កាលពីឆ្នាំ២០២៣ អេស្តូនីបានផ្តួចផ្តើមការចរចាដើម្បីបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវរបស់អឺរ៉ុបដល់អ៊ុយក្រែន ដែលនាំឱ្យសមាជិកសហភាពអឺរ៉ុបទាំង ២៧ យល់ព្រមនឹងផ្តល់ជំនួយដល់ទីក្រុងគៀវចំនួន ១លានគ្រាប់នៅខែមីនាឆ្នាំ២០២៤ ។ យ៉ាងណាមិញ សហភាពអឺរ៉ុបទំនងជាអាចសម្រេចបានត្រឹមតែ ៥០ភាគរយនៃគោលដៅនេះប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com