ជាតិ
អ្នកភូមិត្នោតជ្រុំ ធ្វើពិធីលៀងមេមត់ ជាការដឹងគុណដល់ព្រលឹងដូនតា ម្ចាស់ទឹកម្ចាស់ដី
20, Feb 2024 , 10:58 am        
រូបភាព
ពិធីលៀងមេមត់របស់អ្នកភូមិត្នោតជ្រុំ ស្រុកពួក ខេត្តសៀមរាប។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ពិធីលៀងមេមត់របស់អ្នកភូមិត្នោតជ្រុំ ស្រុកពួក ខេត្តសៀមរាប។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី
 
សៀមរាប៖ អ្នកភូមិរស់នៅក្នុងតំបន់អង្គរ ពិសេសអ្នកភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក តែងធ្វើពិធីលៀងមេមត់ជារៀងរាល់ឆ្នាំ ដើម្បីជាការគោរពនឹកគុណអមនុស្ស ដូចជាព្រលឹងដូនតា អារក្សអ្នកតា ម្ចាស់ទឹកម្ចាស់ដីជាដើម។ អ្នកភូមិជឿថា ពិធីនេះអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺឈឺថ្កាត់ផ្សេងៗ។
 
ជាអ្នកស្នងរូបម្នាក់ លោកតា ឌិន ហាន បានរៀបចំពិធីលៀងមេមត់នៅផ្ទះផ្ទាល់ខ្លួន ដើម្បីលាបំណន់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ។ ក្រៅពីនេះក៏ដើម្បីសុំសេចក្ដីសុខចម្រើន ឱ្យព្រលឹងដូនតាដែលជាគ្រូកំណើត បានសប្បាយផង និងឱ្យអ្នកស្នងរូប បានជាពីជំងឺផ្សេងៗ ព្រមទាំងបង្ហាញនូវការនឹកគុណ ដល់ខ្មោចជីដូនជីតា ដែលបានថែរក្សាក្រុមគ្រួសារឱ្យសុខសប្បាយកន្លងមក។
 
លោកតា ហាន ពន្យល់ថា បើសិនអ្នកជំងឺបានជាសះស្បើយ គេត្រូវរៀបចំពិធីលៀងមេមត់ ទៅតាមថ្ងៃខែ ដែលបានសន្យាជាមួយគ្រូ តាមរយៈការបន់ស្រន់នេះ។ តាមជំនឿ គេធ្វើពិធីលៀងមេមត់ ឱ្យចំថ្ងៃព្រហស្បតិ៍ ឬចំថ្ងៃពេញបូណ៌មី ខែមាឃ។ លោកតា ពន្យល់ទៀតថា មុនដល់ពិធីលៀងមេមត់នេះ គេត្រូវធ្វើពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃ។ 
 
បន្ទាប់ពីពិធី​ឡើងអ្នកតា គឺមានកិច្ចសំពះគ្រូ ដោយធ្វើឱ្យចំខែពេញបូណ៌មី។ ផុតពីនោះ បើគ្រូណាចង់លៀងមេមត់ គឺអាស្រ័យលើការសម្រេចចិត្តរបស់គ្រូនោះ ដោយមិនកំណត់ថា ធ្វើជារៀងរាល់ឆ្នាំទេ ពោលគឺ២ទៅ៣ឆ្នាំ ទើបធ្វើម្ដងក៏បាន។ បើតាមលោកតា ហាន វាអាស្រ័យលើការសន្យាជាមួយគ្រូ និងរយៈពេលប៉ុន្មានឆ្នាំ ត្រូវលៀងមេមត់ជូនគ្រូម្ដងប៉ុណ្ណោះ។ ពិធីលៀងមេមត់នេះ ត្រូវលេងភ្លេងមេមត់ ទើបអាចបញ្ចូលរូបបាន។
 
រីឯគ្រឿងរណ្តាប់ និងសំណែន ក្នុងពិធីលៀងមេមត់ មានដូចជា គ្រូកំណើត កន្លោងគ្រូកំណើត ពែបាយព្រាយ សំណែនគ្រូកំណើត គ្រែព្រះធម៌ បាយសី ជម ពិតាន តោក ជមព្រះភូមិ ក្បាលជ្រូក ម្លូ ស្លា បារី ធូប ទៀន សម្លបាយ នំអន្សម ចេកណាំវ៉ា ផ្លែឈើគ្រប់មុខ។ នេះជាការរៀបរាប់របស់លោកតា ឌិន ហាន។ 
 
លោកតា បន្ថែមថា គ្រឿងរណ្ដាប់ទាំងអស់នេះ រៀបចំដោយអ្នកត្រូវស្នងរូបនីមួយៗផ្សេងគ្នា ទៅតាមគ្រូបាអាចារ្យកាន់រៀងខ្លួន។ អ្នកស្នងរូប មានចំនួនច្រើនមិនក្រោម១០រូបនោះឡើយ មានប្រុសស្រី ចាស់ ក្មេង និងរៀបចំ​នៅក្នុងរោង​មួយយ៉ាងសមរម្យ សម្រាប់ធ្វើកិច្ចពិធី ហើយមានក្រុមវង់ភ្លេងអារក្សផង។ ក្នុងកិច្ចពិធីនេះដែរ ក៏ឃើញមានអ្នកភូមិផង បានយកអង្ករ និងបច្ច័យមកចូលរួមតាមសទ្ធារៀងៗខ្លួនផងដែរ។
 
សូមរំលឹកថា ពិធីលៀងមេមត់នេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកភូមិ​ក្នុងតំបន់អង្គរ ព្រោះជាផ្នែកមួយនៃការរស់នៅរបស់ពួកគេ ទាក់ទងនឹងជំនឿ ដែលមិនអាច​កាត់ផ្តាច់បានឡើយ។ វាក៏បង្ហាញពីការដឹងគុណចំពោះបុព្វបុរស ជាគ្រូបាអាចារ្យ ជាឪពុកម្ដាយ​ដែលបានចែកឋានទៅហើយផង។ ការជឿជាក់ និងការឃើញហេតុការណ៍​នៅក្នុងពិធីនេះ ​ត្រូវបានអ្នកស្រុកអង្គរយល់ថា វត្ថុស័ក្ដិសិទ្ធិ និងបារមីនៅតែមានជីវិតរស់នៅលើដែនដីអង្គរ ​មិនសាបសូន្យនោះឡើយ។ ការគោរពប្រតិបត្តិទាំងនេះ ជាការរួមចំណែកមួយ​ក្នុងការថែរក្សា​មរតក​​ជំនឿរបស់ដូនតា ឱ្យនៅមានជីវិតតកូនតចៅគ្រប់ជំនាន់៕

© រក្សាសិទ្ធិដោយ thmeythmey.com