អន្តរជាតិ
លោក Beecher អ្នកកាសែតទម្លាយផែនការអាម៉េរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ស្លាប់ក្នុងវ័យ៩០ឆ្នាំ
20, Feb 2024 , 11:59 am        
រូបភាព
អតីតអ្នកសារព័ត៌មាន The New York Times លោក William Beecher (ខាងស្តាំ)។ រូបភាព The New York Times និង Air Force Museum
អតីតអ្នកសារព័ត៌មាន The New York Times លោក William Beecher (ខាងស្តាំ)។ រូបភាព The New York Times និង Air Force Museum
អតីតអ្នកសារព័ត៌មាន The New York Times លោក William Beecher ដែលបានរាយការណ៍ពីផែនការទម្លាក់គ្រាប់ដ៏សម្ងាត់នៅកម្ពុជារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទៅកាន់មហាជនអាម៉េរិក បានទទួលមរណភាពហើយកាលពីថ្ងៃទី៩ ខែកុម្ភៈ ក្នុងវ័យ៩០ឆ្នាំ
 
តាមការបញ្ជាក់របស់កូនស្រី និងកូនប្រសារ លោក William Beecher អ្នកកាសែតអាម៉េរិក ដែលរាយការណ៍ការទម្លាក់គ្រាប់បែកនៅកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី៩ ខែកុម្ភៈ ក្នុងផ្ទះរបស់លោក នៅក្រុង Wilmington។ អ្នកសារព័ត៌មានរូបនេះ បានស្លាប់ក្នុងវ័យ៩០ឆ្នាំ។ 
 
លោក Beecher ម្ចាស់ពាន Pulitzer Prize ឆ្នាំ១៩៨៣ ចំពោះរបាយការណ៍ពាក់ព័ន្ធការប្រណាំងប្រជែងនុយក្លេអ៊ែ។ លោក មានកូនស្រីចំនួន ៤នាក់ និងចៅរហូតដល់ ១០នាក់។ កើតនៅក្នុងឆ្នាំ ១៩៣៣ លោក William Beecher ជាអតីតអ្នកកាសែតដ៏ឆ្នើមប្រចាំនៅ The New York Times។ មហាជនអាម៉េរិក ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ បានស្គាល់អ្នកកាសែតរូបនេះ តាមរយៈស្នាដៃ ឬអត្ថបទពាក់ព័ន្ធនឹងព័ត៌មានសម្ងាត់របស់សេតវិមាន ក្នុងនោះក៏មានផែនការទម្លាក់គ្រាប់បែកនៅកម្ពុជាផងដែរ។ 
 
ក្រោមប្រតិបត្តិការបញ្ជីម្ហូបអាហារ ប្រធានាធិបតីអាម៉េរិក លោក Richard Nixon បានបញ្ជាឱ្យទម្លាក់គ្រាប់បែកនៅកម្ពុជា ដើម្បីកម្ទេចមូលដ្ឋានកងកម្លាំងវៀតណាមខាងជើង។ នេះជាយុទ្ធនាការដ៏សម្ងាត់ខ្លាំងមួយ ដោយសូម្បីតែរដ្ឋមន្រ្តីការបរទេស លោក William Rogers ក្នុងជំនាន់នោះ ក៏មិនបានដឹងពីព័ត៌មាននេះដែរ។ 
 
តាមរយៈការចុះផ្សាយព័ត៌មាននៅទំព័រមុខនៃកាសែត The New York Times ក្នុងថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៦៩ លោក William Beecher បានសរសេរថា ត្រឹមតែរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ គ្រាប់បែកប្រមាណ៥ពាន់តោន ត្រូវបានទម្លាក់នៅកម្ពុជា។ ទន្ទឹមនេះ លោក Beecher បានបង្ហាញផងដែរថា គ្មានឡើយការបញ្ជូនកម្លាំងកងទ័ពទ្រង់ទ្រាយធំនៅទឹកដីកម្ពុជាដែលប្រកាន់ជំហរអព្យាក្រឹត ដោយអាម៉េរិកប្រើត្រឹមកម្លាំងចារកិច្ចប៉ុណ្ណោះ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ក្នុងការទម្លាក់គ្រាប់បែក។
 
ការចុះផ្សាយបែបនេះ បានធ្វើឱ្យសេតវិមានភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់មានការស្វែងរកប្រភពផ្តល់ព័ត៌មានឱ្យលោក Beecher ថែមទៀត។ 
 
«ក្នុងរយៈពេល ២សប្តាហ៍ប៉ុណ្ណោះ លោក Alexander Haig ជំនួយការលោក Henry Kissinger ទីប្រឹក្សាសន្តិសុខជាតិ បានបញ្ជាឱ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) រកព័ត៌មានពីទូរសព្ទលោក Beecher ដើម្បីដឹងថានរណាអ្នកបញ្ចេញព័ត៌មាន»។ នេះបើតាមការចុះផ្សាយរបស់កាសែត​ The New York Times នៅថ្ងៃទី១៨ ខែកុម្ភៈ។ 
 
ក្នុងឆ្នាំ១៩៧៣ លោក Beecher បានចាកចេញពី The New York Times ដើម្បីបន្តការងារនៅក្រសួងការពារជាតិ ក្នុងនាមជាឧបការីរដ្ឋមន្រ្តីស្តីទីសម្រាប់កិច្ចការសាធារណៈ។ នៅពីរឆ្នាំបន្ទាប់ លោក Beecher បានត្រលប់មកក្នុងអាជីពជាអ្នកសារព័ត៌មានវិញ ក្នុងនាមជាអ្នកឆ្លើយឆ្លងឱ្យកាសែត The Boston Globe ពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ។ 
 
អ្នកកាសែតរូបនេះ បានដើរចេញពី The Boston Globe ហើយបន្តការងារជានាយកការិយាល័យក្រុងវ៉ាស៊ីនតោន នៃកាសែត The Minneapolis Star Tribune។ លោក Beecher ក៏ធ្លាប់កាន់តំណែងជានាយកកិច្ចការសាធារណៈ នៅគណៈកម្មការបទប្បញ្ញត្តិនុយក្លេអ៊ែរផងដែរ។ 
 
ចុងក្រោយ អ្នកសារព័ត៌មានដ៏ឆ្នើមរូបនេះ បានចូលនិវត្តន៍ក្នុងនាមជាសាស្រ្តាចារ្យព័ត៌មាន ក្នុងសកលវិទ្យាល័យ University of Maryland៕ 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com