កីឡាជាតិ
ជាតិ
ហុកគីកម្ពុជា បញ្ចូនអត្តពលិក២៤រូប ប្រកួតនៅថៃ ដើម្បីត្រៀមព្រឹត្តិការណ៍ធំៗ២
20, Feb 2024 , 6:59 pm        
រូបភាព
ក្រុមកីឡាការិនី ចូលរួមប្រកួតនៅប្រទេសថៃ រូបពី សហព័ន្ធកីឡាហុកគីកម្ពុជា
ក្រុមកីឡាការិនី ចូលរួមប្រកួតនៅប្រទេសថៃ រូបពី សហព័ន្ធកីឡាហុកគីកម្ពុជា
សហព័ន្ធកីឡាហុកគីកម្ពុជា នឹងដឹកនាំកីឡាករ១២នាក់ និងកីឡាការិនី១២នាក់ ចូលរួមប្រកួតព្រឹត្តិការណ៍ Saraburi Indoor Hockey Tournament នៅប្រទេសថៃ។ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា អះអាងថាការចូលរួមនេះ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិក ត្រៀមប្រកួត Men and Women indoor Asia Cup 2024 និង 6th Asian Indoor and Martial Arts Games ដែលជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ។


សហព័ន្ធកីឡាហុកគីកម្ពុជា នឹងចូលរួមប្រកួត Sarburi Indoor Hockey Tournament តាមការអញ្ជើញរបស់ម្ចាស់ផ្ទះថៃ។ អត្ដពលិកកកម្ពុជា ២៤រូប បានចេញដំណើរនាថ្ងៃទី២០ ខែកុម្ភៈ ដោយព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣-២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
 
លោក កាំង សុធា បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ការប្រកួតនេះ គ្រាន់តែជាការវាស់ស្ទង់ពីកម្រិតសមត្ថភាព ស្វែងយល់ពីចំណុចខ្លាំង និងខ្សោយរបស់ក្រុម ដែលចូលរួមប៉ុណ្ណោះ។ «នេះ គឺជាការប្រកួតកម្ដៅសាច់ដៅ វាស់ស្ទង់សមត្ថភាព របស់ក្រុមកីឡាករ-កីឡាការិនីរបស់យើង។»។ អគ្គលេខាធិការរូបនេះ បានប្រាប់ដូច្នេះ។
  
កីឡាករ ចូលរួមប្រកួតកីឡាហ៊ុក នៅប្រទេសថៃ រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា

ដោយឡែក មន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះ បន្ថែមទៀតថា ការប្រកួតនេះ មានសារសំខាន់ ព្រោះជាផ្នែកមួយនៃការត្រៀមខ្លួន និងពង្រឹងសមត្ថភាពអត្ដពលិកកម្ពុជាបន្ថែម ដើម្បីត្រៀមចូលរួមប្រកួត Men and Women indoor Asia Cup 2024 និង 6th Asian Indoor and Martial Arts Games ដែលជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតនៅប្រទេសថៃនេះ មាន២វិញ្ញាសា ផ្នែកបុរសមាន៦ក្រុមចូលរួម ដូចជា៖ក្រុម Army, Bundung Hockey, កម្ពុជា, Saraburi, ម្ចាស់ផ្ទះថៃ និង West Jawa។ រីឯវិញ្ញាសាផ្នែកនារី ៤ក្រុមចូលរួម មានដូចជា៖ កម្ពុជា, Saraburi, ថៃ និង West Jawa៕

Tag:
 កាំង សុធា
  ហុកគី
© រក្សាសិទ្ធិដោយ thmeythmey.com