អន្តរជាតិ
អូស្រ្តាលីនឹងពង្រីកកម្លាំងកងទ័ពជើងទឹកឱ្យធំបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទីពីរ
20, Feb 2024 , 5:09 pm        
រូបភាព
ប្រមុខការពារជាតិអូស្រ្តាលី លោក Richard Marles ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ។ រូបភាព AFP
ប្រមុខការពារជាតិអូស្រ្តាលី លោក Richard Marles ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ។ រូបភាព AFP
ប្រមុខការពារជាតិអូស្រ្តាលី លោក Richard Marles នៅថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសពង្រីកកម្លាំងទ័ពជើងទឹកទៅក្នុងទំហំបំផុត ចាប់តាំងពីសង្រ្គាមលើកលើកទីពីរ។ ការអភិវឌ្ឍទ័ពជើងទឹកនេះ ធ្វើឡើងស្របពេលចិន កំពុងពង្រឹងកម្លាំងទ័ពជើងទឹករបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់។
 
ស្របពេលស្ថានការណ៍ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងមានភាពមិនច្បាស់លាស់ ហើយចិនកំពុងពង្រឹងកម្លាំងទ័ពជើងទឹក តាមរយៈការកសាងនាវាជាបន្តបន្ទាប់ រដ្ឋាភិបាលក្រុងកង់បេរ៉ា បានប្រកាសពង្រីកកម្លាំងទ័ពជើងទឹកឱ្យទៅក្នុងទំហំធំបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទីពីរ។
 
«វាជាកងកម្លាំងដ៏ធំបំផុត ដែលយើងនឹងមានចាប់តាំងពីសង្រ្គាមលោកលើកទីពីរ»។ លោក Richard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ។ បើតាមប្រមុខការពារជាតិរូបនេះ អូស្រ្តាលី នឹងបន្ថែមការចំណាយការពារជាតិរហូតដល់ ៧,២៥ពាន់លានដុល្លារ សម្រាប់ទសវត្សរ៍ខាងមុខ ដើម្បីបន្ថែមនាវាយោធារបស់ខ្លួនឱ្យមានរហូតដល់ ២៦គ្រឿង។ ក្នុងពេលបច្ចុប្បន្ន រដ្ឋាភិបាលក្រុងកង់បេរ៉ា មាននាវាយោធាត្រឹម ១១គ្រឿងប៉ុណ្ណោះ។ 
 
ក្រោមគម្រោងការពារជាតិចុងក្រោយនេះ អូស្រ្តាលី បានបន្ថែមនាវាចម្បាំងប្រភេទ Hunter ចំនួន ៦គ្រឿង, នាវាប្រើក្នុងគោលដៅទូទៅ ១១គ្រឿង នាវាពិឃាដ ៣គ្រឿង និងនាវាផ្សេងទៀត។ នាវាមួយចំនួន អាចប្រតិបត្តិការបាន ដោយមិនចាំបាច់មនុស្សបើក ហើយនាវាចម្បាំងខ្លះ អាចបំពាក់មីស៊ីលប្រភេទ Tomahawk។ មីស៊ីលប្រភេទ Tomahawk អាចវាយប្រហារលើសត្រូវបានចម្ងាយឆ្ងាយ និងគោលដៅក្នុងដែនដីរបស់សត្រូវ។ 
 
ផែនការចំណាយដ៏ច្រើនសន្ធឹកនេះ ធ្វើឱ្យរដ្ឋាភិបាលក្រុងកង់បេរ៉ាចំណាយលើវិស័យការពារជាតិ កើនដល់២,៤ភាគរយនៃផលិតផលក្នុងស្រុកសរុបឯណោះ ពោលគឺខ្ពស់ជាងការចំណាយរបស់សមាជិកអង្គការណាតូទៅទៀត។ ថវិកាការពារជាតិអូស្រ្តាលី ក្នុងឆ្នាំ២០២៣ មានប្រមាណ ២៩ពាន់លានដុល្លារ។
 
ក្នុងចំណោមនាវាខាងលើ នាវាយោធាមួយចំនួន នឹងត្រូវសាងសង់នៅក្នុងក្រុងភាគខាងត្បូង Adelaide ដោយអាចបង្កើតការងារក្នុងស្រុក ប្រមាណ ៣ពាន់កន្លែង ហើយនាវាផ្សេងទៀតយករចនាតាមអាម៉េរិក និងបណ្តាប្រទេសផ្សេង។ 
 
កន្លងមក អូស្រ្តាលី ក៏បានពង្រឹងកម្លាំងទ័ពជើងទឹករបស់ខ្លួន តាមរយៈការចុះហត្ថលេខាពាក់ព័ន្ធ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយអាម៉េរិក និងអង់គ្លេសផងដែរ។ ការចុះកិច្ចព្រមព្រៀងកាលនោះ បានបង្កឱ្យមានបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំងជាមួយបារាំង ដោយសារអូស្រ្តាលី​បានលុបកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលឥន្ធនៈ។ ចំណែកចិន ក៏រិះគន់ពីកិច្ចព្រមព្រៀងនោះដែរ ក្រោមហេតុផលអាចនឹងមានការរីកសាយនុយក្លេអ៊ែរ។ 
 
តាមការប៉ាន់ប្រមាណរបស់កម្លាំងទ័ពជើងទឹកអាម៉េរិកនៅពេលកន្លងមក ចិនអាចនឹងមាននាវាយោធារហូតដល់ ៤០០គ្រឿង ក្នុងឆ្នាំ២០២៥ ហើយកើនដល់ ៤៤០គ្រឿង ក្នុងឆ្នាំ២០៣០៕

Tag:
 អូស្រ្តាលី
  ចិន
  រុស្ស៊ី
  អាម៉េរិក
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com