ជាតិ
អ្នកប្រើប្រាស់គ្រឿងញៀន ជាង២ម៉ឺននាក់ បានទទួលការព្យាបាល នៅឆ្នាំ២០២៣
20, Feb 2024 , 5:39 pm        
រូបភាព
លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ រូបពី ហ្វេសប៊ុកលោក នេត សាវឿន
លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ រូបពី ហ្វេសប៊ុកលោក នេត សាវឿន
ភ្នំពេញ៖ ឆ្នាំ២០២៣ មានអ្នកប្រើប្រាស់គ្រឿងញៀន ២៣ ០៤៦នាក់ បានទទួលការព្យាបាល ដោយក្នុងនោះ ១២ ៣១១ នាក់ បានធ្វើសមហរណកម្មចូលក្នុងសង្គមឡើងវិញ។ នេះបើតាម ការលើកឡើងរបស់លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នារសៀលថ្ងៃទី២០ កុម្ភៈ។
 
យ៉ាងណាក៏ដោយ លោក នេត សាវឿន ក៏បានកត់សម្គាល់ថា អ្នកប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ទៀត ពុំទទួលបានការព្យាបាលត្រឹមត្រូវ ដោយសារខ្វះមជ្ឈមណ្ឌលស្ដារនីតិសម្បទា ដែលមានគុណភាព ជាពិសេសខ្វះកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារសាមី។
 
បើតាមរបាយការណ៍ ដែលលោក លោក នេត សាវឿន បានលើកឡើងនេះ នៅឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន៨០៦៣ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ២០០០២នាក់។ ការបង្ក្រាបបទល្មើសទាំងនេះ សមត្ថកិច្ច បានដកហូតគ្រឿងញៀន ២៩៨៨គីឡូក្រាម និងសារធាតុផ្សំគ្រឿងញៀន ១ ៤៩៦គីឡូក្រាម។ ជាមួយគ្នានេះ សមត្ថកិច្ច ដុតបំផ្លាញគ្រឿងញៀនចោល ជាង៣៤៧តោន។ 
 
ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនកន្លងមក អាជ្ញាធរ បានសង្កេតឃើញថា បញ្ហាគ្រឿងញៀននៅតែបន្តកើនឡើង ដោយសារភូមិសាស្រ្តកម្ពុជា នៅជាប់តំបន់ត្រីកោណមាស ,បញ្ហាសកលលោក រួមទាំងកង្វះឧបករណ៍ត្រួតពិនិត្យ។ ចំពោះការចែកចាយនិងប្រើប្រាសគ្រឿងញៀន តាមមូលដ្ឋាន ទាំងនៅទីក្រុង និងជនបទ បន្តកើនឡើង។ នេះបើតាម ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
 
លោកសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «បញ្ហារាលដាលគ្រឿងញៀនតាមមូលដ្ឋាននេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ពីគណៈបញ្ជាការឯភាព អាជ្ញាធរថ្នាក់ក្រោមជាតិ ពីថ្នាក់ខេត្ត ដល់ក្រុង-ស្រុក សង្កាត់-ឃុំ និងភូមិ ក្នុងការពង្រឹងការត្រួតពិនិត្យនិងចែកចាយក្នុងសហគមន៍»៕
 
បើតាមលោក នេត សាវឿន កត្តាដែលនាំឱ្យគ្រឿងញៀននៅកម្ពុជា បន្តកើនឡើង គឺដោយសារអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមានលទ្ធភាព និងធនធានគ្រប់គ្រាន់ ក្នុងផលិតសារអប់រំជាវីដេអូ រឿងខ្លី កម្មវិធីកម្សាន្តនានា ពីបញ្ហាគ្រឿងសម្រាប់បញ្ជ្រាបចំណេះដឹងទៅពលរដ្ឋ។ ហើយថ្មីៗនេះ មានការលួចនាំចូលគ្រឿងញៀនធំៗ រួមទាំងផលិតក្នុងស្រុក ដោយយកសារធាតុផ្សំដែលនាំដោយស្របច្បាប់ទៅផ្សំ ដើម្បីចេញជាគ្រឿងញៀនផងដែរ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com