អន្តរជាតិ
វេជ្ជបណ្ឌិតកម្មសិក្សាកូរ៉េខាងត្បូងជាច្រើនលាឈប់ការងារ ព្រោះរដ្ឋបង្កើនចំនួនសិស្សចូលរៀនពេទ្យ
21, Feb 2024 , 2:52 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
វេជ្ជបណ្ឌិតកម្មសិក្សាកូរ៉េខាងត្បូងលើសពី ៧០ភាគរយនៃចំនួនសរុប បានដាក់ពាក្យលាលែងពីការងារ ដើម្បីតវ៉ានឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួននិស្សិតចូលរៀនពេទ្យ​។ នេះបើតាមការបញ្ជាក់របស់មន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកុម្ភៈ។ ដោយសារវេជ្ជបណ្ឌិតកម្មសិក្សាច្រើនពេកដាក់ពាក្យលាឈប់ រដ្ឋាភិបាល បានអំពាវនាវឱ្យត្រលប់ទៅធ្វើការវិញ ដើម្បីបង្ការការបង្អាក់ប្រព័ន្ធវេជ្ជសាស្រ្ត។
 
ក្រោយរដ្ឋាភិបាលបានបញ្ចេញផែនការបង្កើនចំនួនសិស្សឱ្យចូលរៀនពេទ្យត្រឹម ២ពាន់នាក់ នៅក្នុងឆ្នាំ២០២៥ វេជ្ជបណ្ឌិតកម្មសិក្សាប្រមាណ ៨ ៨១៦នាក់ បានដាក់ពាក្យលាលែងពីការងារ បើគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ។ ក្នុងចំណោមអ្នកទាំងនោះ មានវេជ្ជបណ្ឌិតកម្មសិក្សាចំនួន ៧ ៨១៣នាក់ បានចាកចេញពីកន្លែងការងារហើយ។ នេះបើតាម​ អនុរដ្ឋមន្រ្តីសុខា​ភិបាលទីពីរ លោក Park Min-soo ​បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ។ 
 
«រដ្ឋាភិបាលបានបញ្ជាឱ្យវេជ្ជបណ្ឌិតកម្មសិក្សាចំនួន ៦ ១១២នាក់ ត្រលប់ទៅធ្វើការវិញ»។ អនុរដ្ឋមន្រ្តីសុខាភិបាលទីពីរ បានសង្កត់ធ្ងន់បែបនេះ ក្នុងគោលបំណងការពារប្រព័ន្ធសុខាភិបាលក្នុងប្រទេស ពីការបង្អាក់ និងអាចជួយសង្រ្គោះ អ្នកជំងឺកម្រិតធ្ងន់បានទាន់ពេលវេលា។ វេជ្ជបណ្ឌិតកម្មសិក្សា មានចំនួនសរុបប្រមាណ ១៣ ០០០នាក់។ នេះបើតាមលោក Park Min-soo ដដែល។
 
ទំនងបន្ទោសលើវេជ្ជបណ្ឌិតកម្មសិក្សាទាំងនោះ មន្រ្តីសុខាភិបាលរូបនេះ បានបន្ថែមថា នៅលើពិភពលោក វាមិនធ្លាប់មានឡើយ ដែលបុគ្គលិកវេជ្ជសាស្រ្ត ចាត់វិធានការរួមគ្នាប្រឆាំងរដ្ឋាភិបាល ដោយមិនគិតពីអ្នកជំងឺធ្ងន់ធ្ងរ និងជួយសង្រ្គោះបន្ទាន់។ 
 
ត្រង់ចំណុចនេះ លោក Part បានកត់សម្គាល់ថា ការតវ៉ាត្រូវតែមានដែនកំណត់ ហើយមិនត្រូវប៉ះពាល់ដល់មូលដ្ឋានជីវិតរបស់មនុស្ស។ ដើម្បីបង្ការហានិភ័យព្រោះគ្មានវេជ្ជបណ្ឌិត កូរ៉េខាងត្បូង បានត្រៀមមន្ទីរពេទ្យយោធាចំនួន ១២បន្ទប់ និងបើកប្រតិបត្តិការជាច្រើនម៉ោង នៅមន្ទីរពេទ្យចំនួន ៩៧កន្លែងទៀត។ 
 
ជុំវិញការបង្កើនចំនួននិស្សិតចូលរៀនពេទ្យនេះ រដ្ឋាភិបាលបានបញ្ជាក់ថា វាចាំបាច់សម្រាប់សង្គមកូរ៉េ ដោយសារតែតំបន់ជនបទខ្វះវេជ្ជបណ្ឌិត និងត្រូវការវេជ្ជបណ្ឌិតក្នុងវិស័យសំខាន់ៗដូចជា ផ្នែកវះកាត់ជាដើម។ ចំណែកវេជ្ជបណ្ឌិតកម្មសិក្សាយល់ថា ការបង្កើនចំនួននិស្សិតពេទ្យ នឹងអាចកាត់បន្ថយប្រាក់បៀវត្ស និងឋានៈសង្គមរបស់ខ្លួន៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com