អន្តរជាតិ
ជប៉ុនទទួលភ្ញៀវទេសចរ ២,៦៩លាននាក់ក្នុងខែមករា ដោយស្មើនឹងទំហំមុនឆ្នាំ ២០១៩
22, Feb 2024 , 11:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
តាមទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ជប៉ុនទទួលបានភ្ញៀវទេសចរបរទេសលើសពី ២ លាននាក់ ក្នុងរយៈពេលប្រាំបីខែជាប់ៗគ្នា ដល់ខែមករា ឆ្នាំ២០២៤។ ចំនួន នេះ ជាការបង្ហាញមួយនៃសក្តានុពលនៃវិស័យទេសចរណ៍ជប៉ុន ដែលមានតាំងពីមុនផ្ទុះជំងឺកូវីដ-១៩។
 
ទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបង្ហាញថា ចំនួនភ្ញៀវបរទេសសម្រាប់អាជីវកម្ម និងការកម្សាន្តមាន ២,៦៩លាននាក់ កាលពីខែមុន ដោយធ្លាក់ចុះបន្តិច បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងខែធ្នូ ជប៉ុនទទួលបានភ្ញៀវទេសចរ ២,៧៣ លាននាក់។ 
 
ទោះការមកដល់ក្នុងខែមករារបស់ភ្ញៀវទេសចរ ត្រូវបានរងផលប៉ះពាល់ដោយការរញ្ជួយដីដ៏ធំ នៅថ្ងៃទី១ ខែមករា នៅភាគខាងលិចនៃខេត្ត Ishikawa ក្តី ចំនួននេះគឺដូចគ្នាទៅនឹងកម្រិតក្នុងឆ្នាំ ២០១៩ ដែលជាពេលជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរ ចំនួនសរុបចំនួន ៣៩,៩លាននាក់។
 
អ្នកធ្វើដំណើរភាគច្រើនក្នុងខែនីមួយៗគឺមកពី កូរ៉េខាងត្បូង តៃវ៉ាន់ និងអូស្ត្រាលី។ ឯអ្នក ទេសចរមកពីចិននៅតែទាបជាងកម្រិតមុនការរាតត្បាត ដែលនៅពេលនោះអ្នកដំណើរចិនដីគោកមានចំនួនជិតមួយភាគបី នៃភ្ញៀវទេសចរ​ទាំងអស់ និង ៤០ភាគរយនៃការចំណាយ របស់ភ្ញៀវទេសចរសរុប។ 
 
ភ្ញៀវចិនមានចំនួន ៤១៥៩០០ នាក់ក្នុងខែមករា កើនឡើង ៣៣ ភាគរយធៀបនឹងខែមុន។ ហើយប្រតិបត្តិករហាងទំនិញ Isetan Mitsukoshi Holdings និង J.Front Retailing បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានរួមចំណែកយ៉ាងច្រើនដល់ការលក់ ទំនិញប្រណីត និងរបស់របរគ្មានពន្ធនៅក្នុងពាក់កណ្តាលដំបូងនៃខែកុម្ភៈ។
 
អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនប្រឹក្សាឧស្សាហកម្មទេសចរណ៍ Honichi Lab លោក Teppei Kawanishi មានប្រសាសន៍ថា ភ្ញៀវទេសចរចិន អាចនឹងជ្រើសរើសសម្រាប់ការធ្វើដំណើរ កម្សាន្តកាន់តែច្រើននៅឆ្នាំនេះ ដែលជានិន្នាការត្រូវបានស្គាល់ថាជាការស្នាក់នៅលំហែ ដែលផ្ទុយទៅនឹងការកើនឡើងនៃការដើរទិញអីវ៉ាន់ ដែលបានឃើញកាលពីប៉ុន្មានឆ្នាំមុន។
 
«របៀបរស់នៅគឺ​ដើរ​ជុំវិញ​កន្លែង​កម្សាន្ត​មួយ​យឺតៗ ហើយ​រីករាយ​ជាមួយ​វា​ដូច​អ្នក​ស្រុក»។ លោក​បាន​បញ្ជាក់បែបនេះ ដោយសំដៅលើការស្នាក់នៅបែបលំហែកម្សាន្ត និងការរស់នៅ ប្រចាំថ្ងៃ ដូចជនជាតិជប៉ុន។
 
គួរបញ្ជាក់ថា លំហូរចូលនៃអ្នកទេសចរ គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ជប៉ុន ហើយអ្នកទេសចរបានចំណាយច្រើនជាង ៣៣,៣២ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាទំហំលើសពីគោលដៅរបស់រដ្ឋាភិបាល​លើកដំបូង។
 
ទេសចរណ៍ទៅកាន់ជប៉ុនទាំងអស់ ត្រូវបានផ្អាកអស់រយៈពេលជាង ២ ឆ្នាំក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែ​ឧស្សាហកម្ម​នេះ ​ត្រូវ​បាន​ដោះស្រាយ​កាល​ពី​ឆ្នាំ​មុន ​ដោយ​ការ​ ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រាក់​យ៉េន ដែល​ធ្វើ​ឱ្យ​ជប៉ុន​ក្លាយជាទិសដៅទេសចរណ៍ដ៏អំណោយផលមួយ៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com