RFI
អន្តរជាតិ
OCDE ប្រកាសពីការផ្តើមកិច្ចពិភាក្សាដើម្បីបញ្ចូល ឥណ្ឌូណេស៊ី ជាសមាជិកថ្មី 22, Feb 2024 , 7:39 pm
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឈន៍សេដ្ឋកិច្ច ចាប់ផ្តើមពិភាក្សា ដើម្បីដាក់បញ្ចូល ឥណ្ឌូណេស៊ី ជាសមាជិកថ្មី។ AP - Francois Mori
×
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឈន៍សេដ្ឋកិច្ច ហៅកាត់ជាភាសាបារាំង OCDE បានប្រកាសនៅថ្ងៃអង្គារ ទី២០កុម្ភៈ អំពីការចាប់ផ្តើមកិច្ចជជែកពិភាក្សា ដើម្បីដាក់បញ្ចូល ឥណ្ឌូណេស៊ី ជារដ្ឋសមាជិក។ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ១នេះ បញ្ជាក់ថា ការបញ្ចូលឥណ្ឌូណេស៊ីជាសមាជិកថ្មី នឹងផ្តល់ផលប្រយោជន៍ទាំងសងខាង។ សូមជ្រាបថា ចេតនាចង់ចូលជាសមាជិករបស់ OCDE ត្រូវប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បង្ហាញឡើងជាសាធារណៈ នៅខែសីហា ឆ្នាំ២០២៣។
«ឥណ្ឌូណេស៊ី មានសេដ្ឋកិច្ចខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក លំដាប់ទី៣។ ប្រទេសនេះ ជាកម្លាំងចលករដ៏សំខាន់ចាំបាច់ ដើម្បីបំពេញតួនាទីអភិបាលកិច្ច ក្នុងតំបន់និងអន្តរជាតិ។» នេះបើតាមការលើកឡើងរបស់លោក មាត្យាស ក័រមាន្ន អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឈន៍សេដ្ឋកិច្ច OCDE ដោយបញ្ជាក់បន្ថែមថា កិច្ចពិភាក្សាអំពីបេក្ខភាពឥណ្ឌូណេស៊ី ជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ហើយនិង ផ្តល់ផលប្រយោជន៍ដល់ភាគីទាំង២។ ជាក់ស្តែង ការជាប់ឈ្មោះក្នុងនីតិវិធីនេះ អនុញ្ញាតឲ្យ ឥណ្ឌូណេស៊ី ទទួលបានជំនួយគាំទ្របច្ចេកទេសជាច្រើនពីអន្តរជាតិ ដើម្បីកម្មវិធីកំណែទម្រង់ និងសម្រេចមហិច្ឆតាក្លាយជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំង ចន្លោះពេលនេះទៅឆ្នាំ២០៤៥។
ឥណ្ឌូណេស៊ី ជាដៃគូសហការគន្លឹះ១របស់ OCDEប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ គឺតាំងតែពីឆ្នាំ២០០៧មក។ ពេលនេះ ឥណ្ឌូណេស៊ី ច្បាស់ជាមិនទាន់ត្រូវសម្រេចបានចូលជាសមាជិក ភ្លាមៗឡើយ ចាំបាច់ត្រូវឆ្លងកាត់ដំណាក់កាលនីតិវិធីជាច្រើន ហើយត្រូវគណៈកម្មាធិការជំនាញ ជាង២០ ពិនិត្យវាយតម្លៃ។ គណៈកម្មាធិការជំនាញទាំងនោះ នឹងវាយតម្លៃទៅលើទិដ្ឋភាពច្បាប់ ស្ថានភាពនយោបាយ ស្ថិរភាពសេដ្ឋកិច្ច ភាពបើកទូលាយសម្រាប់វិនិយោគទុន អភិបាលកិច្ច ការប្រឆាំងអំពើពុករលួយ ការសម្របខ្លួននឹងកំណើនកម្តៅផែនដី និងយន្តការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។ល។ ក្រោយមកទៀត ការបញ្ចូលសមាជិក ចាំបាច់ត្រូវទទួលយល់ស្របជាឯកច្ឆន្ទ ក្នុងសំឡេងយល់ព្រមតែមួយ ពីសំណាក់រដ្ឋសមាជិក ទាំង ៣៨ ប្រទេស។
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឈន៍សេដ្ឋកិច្ច OCDE មានមូលដ្ឋានស្នាក់ការកណ្តាលនៅក្រុងប៉ារីស និងបានបង្កើតឡើងក្នុងបរិបទសង្គ្រាមត្រជាក់ នៅឆ្នាំ១៩៦១ ដោយ សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួននៅអឺរ៉ុប ហើយ បន្តិចម្តងៗ បើកចំហទទួលសមាជិកមកពីបណ្តាទ្វីបផ្សេងទៀត។ ក្រោយពី ម៉ិចស៊ិកនិងជីលី គឺប្រទេស កូឡុំប៊ី ចូលជាសមាជិកនៅឆ្នាំ២០២០។ ឆ្នាំ២០២១ កូស្តារីកា ក្លាយជាសមាជិកទី៣៨ ចុងក្រោយគេ។
ក្នុងឆ្នាំ២០២២ មានប្រទេស ៥ ជាប់ឈ្មោះបេក្ខភាពក្នុងនីតិវិធីចូលជាសមាជិក គឺ ប្រេស៊ីល ប៉េរូ រ៉ូម៉ានី ប៊ុលហ្ការី និង ក្រអាស៊ី។ អង្គការអន្តរជាតិ១នេះ ធ្វើសកម្មភាពជំរុញការៀបចំគោលនយោបាយសាធារណៈ ដើម្បីសម្រេចកម្មវត្ថុលើកកម្ពស់វិបុលភាព សមភាព និងសុខុមាលភាពទាំងអស់គ្នា។ បាវចនារបស់ OCDE គឺ «គោលនយោបាយល្អប្រសើរ ជីវិតល្អប្រពៃ»៕
© រក្សាសិទ្ធិដោយ thmeythmey.com