ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
៣១ឆ្នាំមកនេះ កម្ពុជា​បោះសម្អាតផ្ទៃដីមីន​បានជាង៣០០០គីឡូម៉ែត្រការ៉េ
22, Feb 2024 , 8:19 pm        
រូបភាព
រូបតំណាងៈ មន្ត្រីជំនាញរបស់ស៊ីម៉ាក់កំពុងដោះមីនចេញពីចម្ការដំឡូងមីរបស់កសិករ​មួយកន្លែង។ រូបថត៖ CMAC
រូបតំណាងៈ មន្ត្រីជំនាញរបស់ស៊ីម៉ាក់កំពុងដោះមីនចេញពីចម្ការដំឡូងមីរបស់កសិករ​មួយកន្លែង។ រូបថត៖ CMAC
កម្ពុជា បោះសម្អាតផ្ទៃដីមានមីនបានចំនួន៣ ០២៤គីឡូម៉ែត្រការ៉េ ក្នុងរយៈពេល៣១ឆ្នាំមកនេះ។ ផ្ទៃដីកម្ពុជាដែលត្រូវបានសម្អាតមីនរួចរាល់ចាប់ពីឆ្នាំ១៩៩២ដល់២០២៣នេះ គឺមាន៧៦ភាគរយនៃផ្ទៃដីសរុប យកទៅប្រើប្រាស់ និងបង្កបង្កើនផល នៅក្នុងវិស័យកសិកម្ម។
 
បច្ចុប្បន្ន មានប្រជាពលរដ្ឋជិត១២លាននាក់ ទទួលផលបានពីសកម្មភាពរបស់រដ្ឋាភិបាល​និងដៃគូអភិវឌ្ឍន៍ៗក្នុងការបោះសម្អាតមីនដែលសល់ពីសង្គ្រាមកន្លងមកនេះ។​ កិច្ចការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនេះ នឹងត្រូវបន្តអនុវត្ត​ ដើម្បីសម្រចបាននូវកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ថ្ងៃ២៤កុម្ភៈ ឆ្នាំ២០២៤ ជាខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។
 
នាឱកាសប្រារព្ធទិវាជាតិដឹងអំពីមីន ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ​បានរំលឹកថាក្នុងរយៈពេល៣១ឆ្នាំមកនេះ កម្ពុជារកឃើញ និងបំផ្លាញចោល នូវមីនប្រឆាំងមនុស្សចំនួន១ ១៧៩ ៣៦៥គ្រាប់, មីនប្រឆាំង រថក្រោះ២៦ ៣៣៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៣ ១០៥ ៥៩៣គ្រាប់។  ដោយឡែក ក្នុងឆ្នាំ២០២៣ ផ្ទៃដី៤៤៤គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច។ ក្នុងនោះ រកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្ស២៣ ៩៤៦គ្រាប់, មីនប្រឆាំងរថក្រោះ២០៤គ្រាប់ និងគ្រាប់ មិនទាន់ផ្ទុះចំនួន ៦៦ ៣៧៤គ្រាប់។ 
 
ការណ៍នេះធ្វើឱ្យចំនួនជនរងគ្រោះដោយសារមីនបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៣២នាក់ក្នុងឆ្នាំ២០២៣។  « មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យនេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដើម្បីអាចធានាបាននូវការរស់នៅ របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង»។ សម្តេច​ ហ៊ុន ម៉ាណែត បានផ្ញើសារបែបនេះទៅកាន់ប្រជាពលរដ្ឋនាឱកាសប្រារព្ធទិវាជាតិដឹងអំពីមីន។
 
កាលឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានបង្កើតគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា។ ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កើតនូវ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពដល់ពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផល ប៉ះពាល់ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន។ កម្មវិធីនេះចាប់ផ្តើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។ 
 
ចាប់ពីឆ្នាំ២០២២ រដ្ឋាភិបាលបានប្រកាស​​នូវរាជធានី-ខេត្តចំនួន១៤ អស់មីន  រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។ 
 
« ឆ្នាំ២០២៤នេះ យើងគ្រោងប្រកាសខេត្តចំនួន៤ទៀត ក្រចេះ កំពង់ធំ សៀមរាប និងរតនគិរី ជាខេត្តអស់មីន»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ថា ៖ «ចាប់តាំងពីយើងចាប់ផ្ដើមស្ដារការរស់ឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលបានកំណត់យកសកម្មភាពមីន ជាផ្នែកមួយដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងផែនការយុទ្ធសាស្ត្រ ជាតិសំខាន់ៗ»។ 
 
ទោះបីកម្ពុជា ជាប្រទេសធ្លាប់ឆ្លងកាត់និងទទួលរងនូវការបំផ្លាញ ដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីន សំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរក្តី ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ដូចជា៖ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីរី ស៊ីប យេម៉ែន ប្រទេសឆាដ ម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ 
 
ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។ បើតាមសម្តេ​ច នៅឆ្នាំ២០២៣ កម្ពុជាបន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគកម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ក្នុងចំណោម១២០ប្រទេស ដែលបានបរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ 
 
រយៈពេលជាង១៧ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន៩ ២៨១នាក់ ក្នុងនោះនារី ៧៥៣នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុ សន្តិភាពនេះហើយ ទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូន លើសកលលោកដែលបានជួយផ្តល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក។ ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគីសកម្មនៃអនុសញ្ញាស្តីពី ការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពដែលមាន៤៥ប្រទេសចូលរួម។ 
 
ទន្ទឹមនឹងនេះ កម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានសមាជិក១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាបពីថ្ងៃទី២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកសកម្មភាព បោសសម្អាតមីនជាការងារអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
 
ថ្វីត្បិតវិស័យបោសសម្អាតមីន ទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក៏ដោយ កម្ពុជា​ត្រូបោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១៣២១គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។

ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលយើងត្រូវតែយកចិត្តទុកដាក់។ 
 
ក្នុងន័យនេះ កម្ពុជាប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។ ពិសេស គឺអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»៕
 

Tag:
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com