អន្តរជាតិ
នយោបាយអន្តរជាតិ
លោកពូទីនថា កីឡាមិនគួរឡូកឡំជាមួយនយោបាយ 22, Feb 2024 , 9:59 pm
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចូលរួមក្នុងកីឡាអនាគត នៅថ្ងៃទី២១ ខែកុម្ភៈ។ រូបភាព AFP
× កីឡា គួរតែមិនពាក់ព័ន្ធជាមួយនយោបាយ។ ផ្ទុយទៅវិញ កីឡាគួរតែជាឧបករណ៍សម្រាប់រួបរួម និងភាពជិតស្និទ្ធគ្នា។ លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងបែបនេះ នៅថ្ងៃទី២១ ខែកុម្ភៈ ក្នុងពេលចូលរួមបើកកម្មវិធីកីឡាមួយនៅកាហ្សាក់ស្ថាន។
កីឡាអនាគត (Games of the Future) ដែលរួមមានទាំងកីឡាបែបប្រពៃណី និងកីឡាអេឡិចត្រូនិច ត្រូវបានរៀបចំឡើងនៅកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា។ ពីកម្មវិធីកីឡាអនាគតនេះ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី ក៏បានបង្ហាញវត្តមានរបស់ខ្លួនផងដែរ និងបានជំរុញកុំឱ្យយកនយោបាយទៅប្រឡូកប្រឡាក់ជាមួយនយោបាយ។
«ខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀត ហើយខ្ញុំចង់និយាយជាថ្មីថា កីឡាគួរតែនៅដាច់ពីនយោបាយ»។ លោកពូទីន បានសង្កត់ធ្ងន់បែបនេះ ក្នុងជំនួបជាមួយសមភាគីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅថ្ងៃទី២១ ខែកុម្ភៈ។ លោកប្រធានាធិបតីរុស្ស៊ី បានយល់ឃើញថា កីឡា គួរតែជាជាមធ្យោមបាយសម្រាប់បង្រួបបង្រួម និងនាំប្រជាជនឱ្យមានភាពជិតស្និទ្ធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។
តាមការបញ្ជាក់របស់លោកពូទីន ប្រទេសចំនួន ១០៤ប្រទេស បានទៅចូលរួមក្នុង កីឡាអនាគត។ លោកប្រធានាធិបតី ក៏យល់ឃើញផងដែរថា កីឡាអនាគត ពិតជាល្អ ដោយសារវាបានរួមបញ្ចូលកីឡាអេឡិចត្រូនិច។ បើតាមលោកពូទីន យុវជនជាច្រើននៅជុំវិញពិភពលោក បានចាប់អារម្មណ៍ខ្លាំងលើហ្គេមប្រភេទថ្មីនេះ៕
Tag:
រុស្ស៊ី
Games of the Future
© រក្សាសិទ្ធិដោយ thmeythmey.com