RFI
អន្តរជាតិ
សេដ្ឋកិច្ច​អាល្លឺម៉ង់ ​ធ្លាក់​ចុះព្រោះ​តែ​វិបត្តិ​អូស​បន្លាយ
23, Feb 2024 , 7:59 am        
រូបភាព
អធិការបតី​​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ AP - Kay Nietfeld
អធិការបតី​​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ AP - Kay Nietfeld
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
រដ្ឋាភិបាល​អាល្លឺម៉ង់ ​ព្យាករ​ឲ្យដឹង​ថា ​​សេដ្ឋកិច្ច​ធ្លាក់ចុះ នៅក្នុងឆ្នាំ២០២៤​។ នេះបើយោងតាម​ របាយការណ៍សេដ្ឋកិច្ច​ ​ចេញផ្សាយ​​ថ្ងៃពុធ ទី​២១កុម្ភៈ។ ដំណឹង​នេះ ធ្លាក់​មក​តែ​១សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​​ ​​អាល្លឺម៉ង់ បានដណ្តើមឈ្មោះ​​ជា​មហា​អំណាច​​សេដ្ឋកិច្ច​ទី៣ពិភពលោក ពីប្រទេសជប៉ុន។ ពេល​ឃើញ​ អាល្លឺម៉ង់ ដែលជាក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​អឺរ៉ុប​ ជួបបញ្ហាសេដ្ឋកិច្ចយ៉ាង​​ដូច្នេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង ក៏​​ក្រើន​រំឭក​ឲ្យសន្សំសំចៃ។​ ​
 
ដើមឆ្នាំនេះ សេដ្ឋកិច្ច​អាល្លឺម៉ង់​ជួប​ស្ថានភាព​លំបាក។ នេះ​ជាការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ លោក​ Steffen Hebestreit ដោយ​បង្ហើបអំពី​តារាងសន្ទស្សន៍​សេដ្ឋកិច្ច​អាល្លឺម៉ង ដែល​បង្ហាញថា កំណើន​ចំណូល​ក្នុងស្រុក​សរុប​ ជួប​កំណើនទាប​ខ្លាំង ពោល​គឺកើនតែ​០,២% តែប៉ុណ្ណោះ​ ខុសពី​ឆ្នាំទៅមិញ មាន​ដល់​១,៣%។ ប្រសិន​​បើ​គ្មានអ្វីផ្លាស់ប្តូរ​ប្រែប្រួល​ធំដុំទេ ជាមធ្យម​ក្នុង​​ពេញ​១ឆ្នាំនេះ​ អាល្លឺម៉ង់​ ​នឹង​ជួប​កំណើន​សេដ្ឋកិច្ច​ ​ ត្រឹមតែ ​០,៥% តែប៉ុណ្ណោះ។​
 
ជាមួយ​នឹងគ្នា​នេះ រដ្ឋមន្ត្រីសេដ្ឋកិច្ច Robert Habeck ​ពន្យល់ដែរថា ស្ថានភាពសេដ្ឋកិច្ច​លំបាក​ខ្លាំង​ បណ្តាល​មក​ពីកត្តាជាច្រើនរួម​ផ្សំគ្នា​​ ហើយ​វិបត្តិ​​ទាំងនោះ​​ចេះតែ​អូលបន្លាយ​ ដែល​ជះ​ឥទ្ធិពល​​អាក្រក់​នាំឲ្យ​ប៉ះពាល់​ដល់​វិស័យ​ឧស្សហកម្មអាល្លឺម៉ង់។​ ​​វិស័យ​ឧស្សហកម្មអាល្លឺម៉ង់ តំណាងឲ្យ ២០% នៃ​ទំហំ​សេដ្ឋកិច្ច​ទាំងមូល​។ ពេលនេះ សកម្មភាព​​ផលិត​ឧស្សហកម្ម ​មិនទាន់​បាន​កើន​ឡើងស្មើនឹង​កម្រិត​ មុន​ពេល​ផ្ទុះ​វិបត្តិ​កូវីដ​១៩ នៅឡើយទេ។
 
វិបត្តិ​សង្គ្រាម​ឈ្លាន​ពានរុស្ស៊ី​នៅអ៊ុយក្រែន ​ជះផលវិ​បាក​ខ្លាំង​ដល់​ឧស្សហកម្មអាល្លឺម៉ង់ ជាពិសេស​គឺ តម្លៃ​ថាមពល​ដែល​កើនថ្លៃខ្ពស់ខ្លាំង​ រួម​ជាមួយ​នឹងទណ្ឌកម្ម​​បិទខ្ទប់​ឈប់​នាំ​ចូល​ឧស្ម័ន​ពី​រុស្ស៊ី​។ តម្លៃ​អត្រា​កម្ចីការប្រាក់​ឡើងខ្ពស់​ និង​អតិផរណាទំនិញ បាន​រាំងស្ទះ​ដល់​ការ​បញ្ជាទិញ ហើយ​និង​ វិនិយោគទុន នៅអាល្លឺម៉ង់​។​
 
ពាណិជ្ជកម្ម​អន្តរជាតិ ក៏ជះ​ចំហាយ​អាក្រក់​ ហើយ​ក៏ជាប់ទាក់ទង​ការ​ធ្លាក់​ចុះ​កម្រិត​​បញ្ជាទិញ​ពីចិន ដែលជាទីផ្សារធំ​មួយ​របស់អាល្លឺម៉ង់។ នេះក៏ពាក់​ព័ន្ធ​នឹង​​កំណើន​​ដើរយឺត​នៃសេដ្ឋកិច្ច​របស់ចិន ដែរ​។ ​
 
បញ្ហារួម​ផ្សំផ្សេង​ទៀត គឺ​ការ​កែប្រែទម្រង់​សេដ្ឋកិច្ច សម្រាប់​សម័យ​កាល​អន្តរបរិស្ថានអាកាសធាតុ​ ធ្វើឲ្យ ​ឧស្សាហកម្មផលិត​រថយន្តអាល្លឺម៉ង់​ ធ្លាក់​ចុះ។ ហេតុផល​ម្យ៉ាង​ ក៏ព្រោះតែ​ រដ្ឋ​ឈប់​ជួយ​ទិញ​ ហើយ​គ្មាន​ឧបត្ថម្ភធន​ពីរដ្ឋ​ទៀត ដែលធ្វើឲ្យ ឧស្សាហកម្មផលិត​រថយន្តអាល្លឺម៉ង់ លំបាក​នឹង​ប្រកួត​ប្រជែង​ ដូចជា​ ចិន ឬ សហរដ្ឋ​អាមេរិក​​។ ដើមសប្តាហ៍​នេះ ក្រុម​ហ៊ុន​ឧស្សាហកម្ម​អឺរ៉ុប ជាង​៦០ បាន​ចេញសេចក្តីអំពាវនា​វ​ឲ្យ​ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ​រក​ដំណោះស្រាយ ​និងជួយ​គាំទ្រ​ពួក​គេ។
 
ប្រឈម​នឹង​ស្ថានភាពនេះ គណបក្ស​នយោបាយ​ទាំង​៣ ក្នុងជួរ​រដ្ឋាភិបាល​ចម្រុះ​អាល្លឺម៉ង់ បាន​បើក​ការ​ជជែកពិភាក្សា​គ្នា​យ៉ាងព្រោងព្រាត ហើយ​ក៏​នាំ​ឲ្យ​ការ​ខ្វែង​គំនិត​គ្នា​សម្បើម​ណាស់។

អ្នក​នយោបាយ​បក្សខ្លះ ស្នើឲ្យ​ដំឡើងពន្ធ​លើក្រុមហ៊ុន​ដើម្បី​បង្កើន​ចំណូល។ គណបក្សខ្លះទៀត ថាមិនត្រូវ​សង្កត់​ក​ក្រុមហ៊ុន​ទេ ផ្ទុយ​ទៅវិញ ត្រូវ​តែបន្ធូរ​ លើកលែងពន្ធ​ដើម្បីជំរុញ​ការ​វិនិយោគបន្ថែម​។ ​បក្ស​ខ្លះទៀតថាត្រូវ​សើរើ​កញ្ចប់​ថវិកាជាតិឡើងវិញ​​ និងត្រូវ​​កាត់​​បន្ថយកម្ចី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com