សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីកំពុងសិក្សាផ្តល់សិទ្ធិដល់បុគ្គលិកធ្វើការពីផ្ទះ
23, Feb 2024 , 8:59 am        
រូបភាព
រូបភាព ៖ ABC
រូបភាព ៖ ABC
ចាប់តាំងពីការរាលដាលជំងឺកូវីដ-១៩ផ្ទុះឡើង ការងារពីផ្ទះបានក្លាយជានិន្នាការនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងអូស្ត្រាលី។ ការ​ធ្វើ​ការ​ពី​ផ្ទះ​មាន​អត្ថប្រយោជន៍​ច្រើន ប៉ុន្តែ​ក៏​មាន​បញ្ហាប្រឈមច្រើន​សម្រាប់​ក្រុមហ៊ុន​។ ជុំវិញបញ្ហានេះ អូស្ត្រាលី​ចាប់ផ្តើម​សិក្សាស្រាវជ្រាវ​ពី​គ្រប់​ភាគី​មុន​នឹង​ធ្វើ​ការសម្រេចចិត្ត​លើ​បញ្ហា​នេះ​។
 
តាមអាជ្ញាធរស្ថិតិអូស្ត្រាលី គិតត្រឹមខែសីហា ឆ្នាំ២០២៣ បុគ្គលិកចំនួន ៣៧ភាគរយនៅអូស្រ្តាលី ដែលស្មើនឹង ២,២លាននាក់បានធ្វើការជាប្រចាំពីផ្ទះ។ ចំនួននេះកើនឡើង ៥ភាគរយបើធៀបទៅនឹងរយៈពេលមុនជំងឺកូវីដកូវីដ-១៩ផ្ទុះឡើង ប៉ុន្តែនៅតែទាបជាងឆ្នាំ២០២២ ។ ការរាលដាលជំងឺកូវីដ-១៩ បានបង្កើតឱកាសមួយសម្រាប់ការងារពីផ្ទះដែលមានការពេញនិយមខ្លាំង ប៉ុន្តែថាតើត្រូវបន្តរក្សាទម្រង់បែបបទនេះ ឬយ៉ាងណា វាអាស្រ័យលើភាគីជាច្រើនរួមទាំងកម្មករ និងនិយោជិត។
 
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចអូស្ត្រាលីនៅថ្ងៃទី ២២ ខែកុម្ភៈ បង្ហាញថា ការងារពីផ្ទះបានជួយគ្រួសារដែលមានកូនតូច ជនពិការ និងមនុស្សដែលមានស្ថានភាពសុខភាពខ្សោយ ឱ្យចូលរួមកម្លាំងពលកម្ម។ ការ​ធ្វើ​ការ​ពី​ផ្ទះ​ជួយ​សន្សំ​សំចៃ​ពេល​ធ្វើ​ដំណើរ​បាន​ច្រើន ហើយ​ធ្វើ​ឱ្យ​កម្មករ​ជា​ច្រើន​មាន​អារម្មណ៍​សប្បាយ​រីក​រាយ។ ជាពិសេស អ្នកដែលធ្វើការនៅផ្ទះនៅអូស្ត្រាលី មានប្រាក់បៀវត្សរ៍ដូចគ្នានឹងអ្នកធ្វើការក្នុងការិយាល័យ ដែលធ្វើឱ្យកម្មករជាច្រើនមានការស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរទម្រង់ការងារនេះ។
 
យ៉ាងណាមិញ មិនមែនការងារទាំងអស់សុទ្ធតែអាចធ្វើនៅផ្ទះបានទេ ហើយការងារពីផ្ទះមិនតែងតែមានប្រយោជន៍សម្រាប់បុគ្គលិក ឬផលល្អសម្រាប់ក្រុមហ៊ុននោះទេ។
 
កាល​ពី​ខែ​មុន អាជ្ញាធរ​ការងារ​យុត្តិធម៌​អូស្ត្រាលី​បាន​និយាយ​ថា ការ​ធ្វើ​ការ​ពី​ផ្ទះបានកើតជា​បញ្ហា​​ច្រើន​ដែល​និយោជក​ត្រូវ​ដោះស្រាយ ពិភាក្សា ណែនាំ និង​សម្របសម្រួល​រវាង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ដែលមានភាពកាន់តែ​លំបាកឡើង។ ទន្ទឹមនេះ ការងារពីផ្ទះក៏ធ្វើឱ្យព្រំដែនរវាងការងារ និងពេលមិនធ្វើការកាន់តែមានភាពស្រពិចស្រពិល។ ហេតុនេះ វាអាចប៉ះពាល់ដល់សុខភាព និងផ្លូវចិត្តរបស់កម្មករ។
 
មិនទាន់ច្បាស់នៅឡើយ ថាតើអូស្ត្រាលីនឹងសម្រេចបែបណាចំពោះបញ្ហានេះ ប៉ុន្តែ​ទោះ​​គាំទ្រ​ឬ​មិន​គាំទ្រ ការសម្រេច​នេះ​នឹង​ប៉ះពាល់​ដល់​កម្មករ​រាប់លាន​នាក់​៕ 

Tag:
 អូស្រ្តាលី
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com