ជាតិ
រដ្ឋបាលខេត្ត​កំពង់ចាម បញ្ជា​ឱ្យ​ម្ចាស់​ដី​កាយ​ថ្ម​ដែល​ចាក់​ក្នុង​ទន្លេ​ចេញ​ឱ្យអស់ ​ក្នុងពេលយ៉ាងយូរ​៧០​ថ្ងៃ​
22, Feb 2024 , 9:42 pm        
រូបភាព
រូបភាពចាក់ថ្មចូលផ្ទៃទន្លេ ក្នុងខេត្ត​កំពង់ចាម។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
រូបភាពចាក់ថ្មចូលផ្ទៃទន្លេ ក្នុងខេត្ត​កំពង់ចាម។ រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញ​៖ ក្រោយ​ការ​បង្ហោះ​រូបភាព ទាក់ទង​នឹង​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្រី​សន្ធរ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​ចំណាត់ការ​បន្ទាន់ ដោយ​បញ្ជា​ឱ្យ​បញ្ឈប់​សកម្មភាព និង​ត្រូវ​កាយ​ថ្ម​ចេញពី​ទឹក​ឱ្យអស់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​យប់​ថ្ងៃទី​២២ កុម្ភៈ​នេះ​។


​នៅលើ​បណ្ដាញ​សង្គម មានការ​ចែកចាយ​រូបភាព​ដែល​ម្ចាស់​ដី​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃទទឹង ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ បាន​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​។ សកម្មភាព​បែបនេះ ធ្វើឱ្យមាន​ការរិះគន់​ជា​ហូរហែ ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​។ ជុំវិញ​ករណីនេះ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ភ្លាមៗ ដោយ​បញ្ជាក់ថា​៖«​ពិតជា មាន​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ពិតប្រាកដ​មែន​»​។​

​ករណី​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​នេះ បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២ ខែមករា ឆ្នាំ ២០២៤​។ បើតាម​រដ្ឋបាល​ខេត្តកំពង់ចាម ការចាក់​ថ្ម​នេះ គឺ​ចាក់​ចូលទៅក្នុង​ផ្ទៃ​ទន្លេ​ប្រវែង ៥៥​ម៉ែត្រ និង​គ្រោង​ចាក់បណ្តោយ​ទន្លេ​ប្រវែង ២៩៤.៦​ម៉ែត្រ ដោយ​បច្ចុប្បន្ន​ចាក់​បាន​ប្រវែង ១៣០​ម៉ែត្រ​។

​ក្រោយ​ចុះ​ពិនិត្យ​ដល់ទី​តាំង​ខាងលើ រដ្ឋបាលខេត្ត​កំពង់ចាម អះអាងថា សកម្មភាព​នៃ​ការចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​នេះ គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​។  ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​វិធានការ​បន្ទាន់ ដោយ​តម្រូវឱ្យ​ភាគី​ម្ចាស់​ដី បញ្ឈប់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ទោះ​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ​។


រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន រដ្ឋបាលខេត្ត​កំពង់ចាម បញ្ជាថា​៖ «​ម្ចាស់​ដី ត្រូវ​កាយ និង​យក​ថ្ម​ដែល​បាន​ចាក់​រួច​ចេញ​ឱ្យអស់ ក្នុង​រយៈពេល​យ៉ាងយូរ ៧០ ថ្ងៃជា​កំណត់ និង​មិនត្រូវ​កាយ​ពង្រាយ​ទម្លាក់​ចូលក្នុង​ទឹកទន្លេ​ឡើយ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ទៅ​ថ្ងៃក្រោយ​សម្រាប់​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ទឹក​»​។​

​ជាមួយគ្នានេះ ភាគី​ម្ចាស់​ដី​ត្រូវ​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការកាយ​ថ្ម​នេះ មក​រដ្ឋបាល​ខេត្តកំពង់ចាម មួយខែ​ម្តង នៅ​រៀងរាល់​ចុងខែ​នីមួយៗ​។ ក្រុមការងារ​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ចាម នឹង​បន្ត​ចុះ​ធ្វើការ​ពិនិត្យ តាមដាន​ការអនុវត្ត​វិធានការ​នេះ នៅ​រៀងរាល់​មួយ​សប្តាហ៍​ម្តង ឬ​តាម​ពេលវេលា​ជាក់ស្ដែង​ផងដែរ​។​

​វិធានការ​ខាងលើ ជា​វិធានការ​បឋម​។ សម្រាប់​វិធានការ​បន្ទាប់ គឺ​រដ្ឋបាលខេត្ត​កំពុង​សិក្សា​តាមផ្លូវ​ច្បាប់ ដើម្បី​ស្នើ​ដាក់បន្ទុក​ទៅលើ​ជនល្មើស​បន្ថែមទៀត​។ សូមបញ្ជាក់ថា ក្រោយ​ចុះ​ពិនិត្យឃើញ​ពី​បញ្ហា​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន ដែល​បានផ្តល់ ព័ត៌មាន​ពិតប្រាកដ ទាន់​ហេតុការណ៍​មកកាន់​រដ្ឋបាលខេត្ត ដើម្បី​មាន​វិធាន​ទប់ស្កាត់​នូវ​បទល្មើស​នានា​៕


រូបភាពពីរដ្ឋបាលខេត្តកំពង់ចាម

© រក្សាសិទ្ធិដោយ thmeythmey.com