អន្តរជាតិ
ប្រជាជនអូស្ត្រាលីជាច្រើនត្រូវជម្លៀស ព្រោះការគំរាមពីភ្លើងឆេះព្រៃនៅរដ្ឋVictoria
23, Feb 2024 , 11:39 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រជាជនរាប់រយនាក់នៅក្នុងរដ្ឋVictoria អូស្ត្រាលី នៅថ្ងៃទី២៣ ខែកុម្ភៈ ត្រូវបានអំពាវនាវឱ្យភៀសខ្លួន បន្ទាប់ពីភ្លើងឆេះព្រៃកាន់តែរីកធំ និងបានសម្លាប់សត្វពាហនៈ។ កម្លាំងពន្លត់អគ្គិភ័យ ដែលមានការគាំទ្រពីយន្តហោះចំនួន ៥០គ្រឿង កំពុងខិតខំទប់ស្កាត់ការរីកសាយភ្លើងឆេះព្រៃ។
 
មនុស្សច្រើនជាង ២ពាន់នាក់នៅថ្ងៃទី២២ ខែកុម្ភៈត្រូវបានជម្លៀសចេញពីក្រុងក្នុងរដ្ឋ Victoria ភាគខាងលិច បន្ទាប់ពីការបញ្ជាឱ្យជម្លៀសជាបន្ទាន់ បើទោះមានសុវត្ថិភាពក៏ដោយ។ ប្រជាជនទាំងនោះ បានភៀសខ្លួនទៅក្រុង Ballarat ដែលមានចម្ងាយ ៩៥ គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Melbourne។
 
ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់កំពុងប្រយុទ្ធនឹងការឆាបឆេះដ៏ធំនេះ ដោយមានជំនួយពីយន្តហោះ ៥០គ្រឿង ខណៈដែលរាយការណ៍អំពីការជម្លៀសថ្មីបានគ្របដណ្តប់ទីក្រុងជនបទចំនួន១៤ផ្សេងទៀត។ បន្ថែមពីនេះ ខ្យល់ខ្លាំងជាងការរំពឹងទុកកំពុងជំរុញឱ្យភ្លើងរាលដាលកាន់តែលឿន។ ភ្លើងឆេះព្រៃមានទំហំ ១១០០០ហិចតា។ 
 
«ខ្ញុំរំពឹងថាលក្ខខណ្ឌអគ្គីភ័យនឹងនៅតែប្រែប្រួលយ៉ាងខ្លាំងនៅថ្ងៃនេះ»។ ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ Victoria លោក Jason Heffernan បានលើកឡើងបែបនេះប្រាប់ស្ថានីយវិទ្យុ Australian Broadcasting នៅថ្ងៃទី២៣ ខែកុម្ភៈ ដោយបន្តប៉ាន់ប្រមាណថា ភ្លើងឆេះព្រៃនេះ អាចបំផ្លាញទ្រព្យសម្បត្តិក្នុងទំហំធំ។  
 
យ៉ាងណាមិញ ខ្យល់ត្រជាក់ឆ្នេរសមុទ្រភាគខាងត្បូងនៃអូស្ត្រាលីនឹងរសាត់ទៅតំបន់នៅភាគខាង កើតដែលកំពុងរងដោយភ្លើងឆេះព្រៃ ហើយអាចជំរុញឱ្យសីតុណ្ហភាពធ្លាក់ចុះ។  តាមការព្យាករណ៍របស់ការិយាល័យអាកាសធាតុ​ ខ្យល់ត្រជាក់នេះអាចទំនងជាធ្វើឱ្យមានការធូរស្រាលខ្លះ។ 
 
ចំណែកសាលារៀនចំនួន ២ត្រូវបិទ និងសិស្សសាលាចំនួន ៤កន្លែង ត្រូវប្តូរទៅសាលាផ្សេង ខណៈផ្ទះចំនួន ៥ពាន់កន្លែង មិនមានអគ្គិសនីប្រើប្រាស់៕

Tag:
 អូស្តា្រលី
© រក្សាសិទ្ធិដោយ thmeythmey.com