កីឡាអន្តរជាតិ
អន្តរជាតិ
អាវ ដែល Son ពាក់ថតជាមួយ Kang-in ក្នុងឱកាសត្រូវរូវគ្នា លក់អស់ហើយ
23, Feb 2024 , 2:29 pm        
រូបភាព
អាវយឺតដៃវែងដែលកំពូលតារាកូរ៉េខាងត្បូង Son Heung-min ពាក់ថតរូបជាមួយ Lee Kang-in ផ្សះផ្សាគ្នា ហើយបង្ហោះលើបណ្តាញសង្គម Instagram លក់អស់គ្មានសល់។ អាវធ្វើពីកប្បាសដែលមានម៉ាក NOS7 មានតម្លៃ៧៣ដុល្លារ។


Son ប្រធានក្រុម Tottenham Hotspur និងជម្រើសជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២២ ខែកុម្ភៈ បានបង្ហោះរូបមួយសន្លឹកលើ Instagram អមដោយការបង្ហាញការលើកលែងទោសដល់មិត្តរួមក្រុម និងជាសិស្សប្អូន Lee Kang-in ដែលមានទំនាស់នឹងគ្នាអំឡុងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup 2023 នៅកាតា។
 
កាសែតកូរ៉េខាងត្បូង Ajunews បានរាយការណ៍ថា អាវដៃវែងពណ៌ប្រផេះ ដែល Son ពាក់ក្នុងរូបថតជាមួយ Kang-in កីឡាករ Paris Saint Germain នោះ លក់អស់ពីស្តុកតែម្តង។ អាវនេះមានយីហោ NOS7 (Nothing, Ordinary Sunday) ដែលជាម៉ាកបង្កើតឡើងដោយ Son ផ្ទាល់តែម្តង។ នៅលើគេហទំព័ររបស់ NOS7 អាវដៃវែងធ្វើពីកប្បាសដែល Son ពាក់នោះ មានតម្លៃ ៧៣ដុល្លារ។
 
ក្រៅពីជាម្ចាស់ម៉ាកសម្លៀកបំពាក់ NOS7 ខ្សែប្រយុទ្ធឆ្នើមវ័យ៣១ឆ្នាំ ក៏បានដាក់ឈ្មោះម៉ាកយីហោនៅលើ​ភេសជ្ជៈ និង​ឧបករណ៍​ទំនាក់ទំនង​ផង​ដែរ។ ដោយសារជាម្ចាស់ម៉ាកខ្លួនឯងផ្ទាល់​ បានធ្វើឱ្យ Son ប្រឈម​មុខ​នឹង​ម៉ាក​​ល្បីៗ​មួយ​ចំនួន​ផង​ដែរ ស្របពេលរូបគេជាទូតសុឆន្ទៈរបស់ Burberry និង Calvin Klein។
 
សូមបញ្ជាក់ថា ប្រធានក្រុម Son មានទំនាស់នឹងសិស្សប្អូន Kang-in រហូតបង្កឱ្យមានរបួសដៃ អំឡុងទទួលទានអាហារជួបជុំមុនការប្រកួតរវាងកូរ៉េខាងត្បូង និងហ្សកដានីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asian Cup។ ហេតុការនេះ បានធ្វើឱ្យ Kang-in រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកូរ៉េខាងត្បូង។ 
 
ក្រោយមក Kang-in បានសម្រេចចិត្តទៅសុំទោសសិស្សច្បង Son ដល់ទីក្រុងឡុងដ៏ ហើយ Son ក៏បានអត់ទោសឱ្យ និងបានថតរូបជុំគ្នាមួយសន្លឹកបង្ហោះលើបណ្តាញសង្គម Instagram ដើម្បីបញ្ចប់រឿងអាស្រូវ និងដើម្បីឱ្យអ្នកគាំទ្រត្រជាក់ចិត្ត៕

Tag:
 Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com