ជាតិ
សេដ្ឋកិច្ច
គម្រោងទន្លេសាបកម្ពុជា​ផ្លាស់ប្តូរជីវិត ឈ្នះពានរង្វាន់ឆ្នើមផ្នែកយេនឌ័រ លើគម្រោង១៧៧ប្រទេស
23, Feb 2024 , 9:29 pm        
រូបភាព
គម្រោងទន្លេសាបកម្ពុជា ដែលបានផ្លាស់ប្តូរជីវិត និងលើកកម្ពស់ជីវភាពរស់នៅ ឈ្នះពានរង្វាន់ឆ្នើមជាសកលផ្នែកយេនឌ័រ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD Gender Award)។ នេះជាពានរង្វាន់ ដ៏ល្បីល្បាញ តំណាងឱ្យតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈដំណើរការជ្រើសរើសប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ក្នុងចំណោមគម្រោងដទៃមកពី១៧៧ ប្រទេសជុំវិញពិភពលោក។
 
គម្រោងទន្លេសាប ​ មានភាពលេចធ្លោក្នុងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សិទ្ធិស្រ្តី។ សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (NCDDS) បានបញ្ជាក់ថា គម្រោងហិរញ្ញប្បទានបន្ថែមសម្រាប់កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) នេះ ឈ្នះពានរង្វាន់ ព្រោះតែការប្តេជ្ញាចិត្តផ្អែកលើលទ្ធផលយ៉ាងខ្លាំងលើសមភាពយេនឌ័រ។ ជាពិសេស ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជនបទក្នុងវិស័យកសិកម្ម និង ការលើកកម្ពស់ជីវភាព រួមទាំងលទ្ធភាពទទួលបានហិរញ្ញប្បទាន នៅក្នុងខេត្តគោលដៅចំនួន៧ ក្នុងតំបន់ទន្លេសាប។ 
 
គម្រោងនេះ ត្រូវបានអនុវត្តដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) នៃក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពី ឆ្នាំ២០១៨ មក។
 
ក្រោមសហហិរញ្ញប្បទានពីរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង IFAD គម្រោង TSSD-AF បានជំរុញឲ្យមានតំណាងស្ត្រីដល់ទៅ ៦0ភាគរយ នៅក្នុងគណៈកម្មការគ្រប់គ្រងនៅទូទាំង ឃុំគោលដៅចំនួន២៧០របស់ខ្លួន ធ្វើឲ្យធនធានកសិកម្មរបស់កម្ពុជា មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ និងអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាពរយៈពេលវែងក្នុងខេត្តគោលដៅ។ សកម្មភាពទាំងនេះ បានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ៦៥ម៉ឺនគ្រួសារ​ ជាពិសេសកសិករខ្នាតតូច ដែលធ្លាក់ក្នុងភាពក្រីក្រជាយូរមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NCDDS នាថ្ងៃទី២៣កុម្ភៈនេះ។​
 


លោក នី គឹមសាន អនុប្រធាន NCDDS និងជាប្រធានគម្រោង TSSD-AF លោកស្រី ម៉ន លក្ខិណា នាយិកាក្រុមប្រឹក្សាភិបាលនៃសមាគមកែលម្អជីវភាពកសិករ (ដែលបង្កើតឡើងក្រោមការអនុវត្ត គម្រោង) និងលោកស្រី លឹម សេរីរ័ត្ន ទីប្រឹក្សាយេនឌ័រ តំណាងឱ្យគម្រោងទៅទទួលពានរង្វាន់ខាងលើនៅក្នុងពិធីប្រគល់រង្វាន់ផ្លូវការ កាលពីថ្ងៃទី១៤-១៥ ខែកុម្ភៈ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
 
សម្រាប់លោកស្រី ម៉ន លក្ខិណា ពានរង្វាន់ឆ្នើមជាសកលផ្នែកយេនឌ័រ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនេះ ​គឺជាកិត្តិយសណាស់សម្រាប់ស្ត្រីដែលជាអ្នកទទួលផលនៃគម្រោង។ លោកស្រី បាននិយាយដូច្នេះ៖ « ពួកគាត់កំពុងរីករាយជាមួយនឹងជីវភាព រស់នៅដែលប្រើសើរជាងមុន មានលទ្ធភាពបញ្ជូនកូនៗឲ្យរៀនបានខ្ពស់ ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែម។ ក្នុងនាមជាអ្នកទទួលផលម្នាក់ពីគម្រោង និងក្នុងនាមជាខ្មែរម្នាក់ ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំង ចំពោះពានរង្វាន់ដែលទទួលបាននេះ»។
 
គម្រោង TSSD-AF នេះបានអនុវត្តបន្តពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ជាជំហានទីមួយ។ គម្រោង TSSD-AF មានថវិកាសរុប ៦៦ លានដុល្លារ ដែលក្នុងនោះ មានសហហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា ៦ លានដុល្លារ ពី ADB ៥០ លានដុល្លារ និងពី IFAD ១០ លានដុល្លារ។


 
បើតាម លោក នី គឹមសាន គម្រោង TSSD-AF បានឆ្លើយតបទៅ នឹងយុទ្ធសាស្ត្រចតុកោណ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពខ្ពស់ ក្នុងការកាត់បន្ថយ ភាពក្រីក្រប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់។ លោកបានបញ្ជាក់ថា៖ « គម្រោងទាំងមូល ផ្តល់អាទិភាពធំធេងលើការរួមបញ្ចូលស្ត្រី ជាពិសេសកសិករខ្នាតតូចស្ថិតក្នុងភាពក្រីក្រ ព្រមទាំងលើកកម្ពស់ ផលិតភាពនិងពិពិធកម្មកសិកម្ម ក៏ដូចជាលទ្ធភាពទទួលបានទីផ្សារក្នុងតំបន់គោលដៅរបស់គម្រោង។ វាធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរ និងមានចំណូលកាន់តែខ្ពស់»។
 
គួរជម្រាបថា គម្រោង TSSD-AF នឹងត្រូវអនុវត្តរហូតដល់ ខែកក្កដា ឆ្នាំ ២០២៤ ដែលគ្របដណ្តប់ជាពិសេសលើខេត្តក្នុងតំបន់ទន្លេសាប។ ក្នុងនោះខេត្តគោលដៅរបស់គម្រោងរួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង៕

Tag:
 កសិកម្ម
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com