រដ្ឋាភិបាល បានសម្រេចបង្កើត «ពហុកីឡដ្ឋានជាតិ» (ព.ក.ជ.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ តាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែកុម្ភៈ ព.ក.ជ. ដែលមានឈ្មោះជាភាសាអង់គ្លេសថា «National Sports Complex» (NSC) មានពហុកីឡដ្ឋានជាតិមរតកតេជោ ជាអង្គភាពក្រោមឱវាទ ហើយស្ថិតក្រោមក្រសួងអប់រំ យុវជន និងកីឡា ជាអាណាព្យបាលបច្ចេកទេស និងក្រោមក្រោមអាណាព្យាបាល ហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមមាត្រា២នៃអនុក្រឹត្យ ព.ក.ជ. ជានីតិបុគ្គល នៃនីតិសាធារណៈ និងមានថវិកាស្វយ័តដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពីមានពហុកីឡដ្ឋានជាតិមរតកតេជោ ជាអង្គភាពក្រោមឪវាទ ការបញ្ចូលពហុកីឡដ្ឋាន ឬកីឡដ្ឋាន ដទៃទៀតឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព.ក.ជ. ត្រូវធ្វើឡើងដោយអនុក្រឹត្យតាមសំណើរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
«ពហុកីឡដ្ឋានជាតិ» មានអាសយដ្ឋានទីស្នាក់ការកណ្តាលបច្ចុប្បន្នស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពោលគឺនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយគ្រឹះស្ថានសាធារណៈរដ្ឋបាលនេះ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍពហុកីឡដ្ឋានជាតិ។
មុខងារ និងភារកិច្ច ដែល ព.ក.ជ. ត្រូវបំពេញ មានដូចជា ការគ្រប់គ្រង ថែទាំ ជួសជុល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ពហុកីឡដ្ឋានជាតិ, ការផ្តល់សេវាកម្មលើសកម្មភាព និងព្រឹត្តិការណ៍កីឡា សិល្បៈ វប្បធម៌ ពាណិជ្ជកម្ម នានាគ្រប់កម្រិត និងគ្រប់ប្រភេទ, ការគ្រប់គ្រងឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទ និងរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យ ក្នុងពហុកីឡដ្ឋានជាតិ។
បន្ថែមពីលើនេះ ព.ក.ជ. ជាស្ថាប័នផ្តល់ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធដល់មន្ត្រី បុគ្គលិកគ្រប់កម្រិតរបស់ពហុកីឡដ្ឋានជាតិ, ស្វែងរក និងកៀរគរមូលនិធិ តាមរយៈចលនូបត្ថម្ភ ទីផ្សារ កីឡា និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការ ការថែទាំ និងការជួសជុលពហុកីឡដ្ឋានជាតិ ព្រមទាំងការវិនិយោគបន្ថែម, គ្រប់គ្រង ផលិត និងផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ, គ្រប់គ្រង និងរៀបចំមុខតំណែង ប្រាក់បៀវត្ស និងប្រព័ន្ធលាភការផ្សេងៗទៀតសម្រាប់មន្ត្រី បុគ្គលិកគ្រប់កម្រិតរបស់ពហុកីឡដ្ឋានជាតិ។
ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ព.ក.ជ. ក៏មានតួនាទីអនុវត្តគោលនយោបាយ គោលការណ៍ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្តនានា និងបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ វិស័យកីឡា រួមទាំងកិច្ចសហការជាមួយសហព័ន្ធកីឡាជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ នានានៅពហុកីឡដ្ឋានជាតិ។
អនុក្រឹត្យបានកំណត់ថា ព.ក.ជ. មានសមាជិកក្រុមប្រឹក្សាភិបាល៩រូប ដែលដឹកនាំដោយតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុប្រធាន២រូប ជាតំណាងពីក្រសួងអប់រំ យុវជននិងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សមាជិកផ្សេងទៀត មានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច, ក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, រដ្ឋបាលរាជធានីភ្នំពេញ, នាយក ព.ក.ជ. និងតំណាងបុគ្គលិក ព.ក.ជ.។
នាយកនាយកប្រតិបត្តិនៃគ្រឹះស្ថាននេះ មានតួនាទីជានាយកប្រតិបត្តិ ដោយសមាសភាពជាមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ដែលត្រូវតែងតាំង និងបញ្ចប់មុខតំណែងដោយព្រះរាជក្រឹត្យ រីឯបុគ្គលិកអចិន្ត្រៃយ៍ គឺជាមន្ត្រីរាជការក្របខណ្ឌមុខងារសាធារណៈ៕