អន្តរជាតិ
ថៃ​ត្រៀម​ទប់ទល់​ការ​ហូរ​ចូល​ជនភៀសខ្លួន​ ក្រោយរបប​យោធា​មីយ៉ាន់ម៉ា​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា
23, Feb 2024 , 9:59 pm        
រូបភាព
រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​តម្រង់​ជួរ​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ទៅប្រទេសថៃ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​តម្រង់​ជួរ​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​ទៅប្រទេសថៃ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយ: VOA
ប្រទេស​ថៃ​កំពុង​ត្រៀម​ទប់ទល់​លំហូរ​ជនភៀសខ្លួន​បន្ទាប់​ពី​របប​យោធា​មីយ៉ាន់ម៉ា​ទើប​បាន​ប្រកាសប្រើ​ច្បាប់​កាតព្វកិច្ច​យោធា។


អ្នក​វិភាគ​និយាយ​ថា ​រដ្ឋាភិបាល​ថៃ​គួរ​ដាក់​អ្នក​ដែល​ភៀស​ខ្លួន​ពី​មីយ៉ាន់ម៉ា​ទៅ​ក្នុង​តំបន់​សុវត្ថិភាព។
 
កាលពី​សប្តាហ៍​មុន​ ​របប​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​ប្រកាស​ឲ្យ​ប្រើច្បាប់​ស្តីពី​សេវា​យោធា​ប្រជាជន ដែល​មានន័យ​ថា​បុរស​ដែល​មាន​អាយុ​ពី ​១៨ ទៅ​ ៤៥ ឆ្នាំ​ និង​ស្ត្រី​ដែល​មាន​អាយុពី​ ១៨ ទៅ ​៣៥​ ឆ្នាំ​ អាច​ត្រូវ​ជ្រើសរើស​ចូល​បម្រើ​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​រយៈពេល​ពីរឆ្នាំដែល​ជា​កាតព្វកិច្ចយោធា។ បុគ្គលិក​មួយ​ចំនួន​ដែល​មានវិជ្ជាជីវៈ​ឯកទេស​ ដូចជា​វេជ្ជបណ្ឌិត​ និង​វិស្វករ​ ត្រូវ​តែ​បម្រើ​ជួរទ័ព​រយៈពេល​បីឆ្នាំ។ ក្នុង​ករណី​ប្រទេស​មាន​គ្រា​អាសន្ន​ សេវា​យោធា​អាច​បន្ត​រហូត​ដល់​ប្រាំ​ឆ្នាំ។
 
យោធា​និយាយ​ថា បទបញ្ជាចូលបម្រើ​កងទ័ព​គឺ​មាន​សារៈសំខាន់​ដោយសារ​ជម្លោះ​ជាមួយ​ក្រុម​ឧទ្ទាម​ក្នុង​ប្រទេស។
 
អ្នកវិភាគ​និយាយ​ថា​ រឿង​នេះ​គឺ​ដោយសារ​តែ​របប​យោធា​ប្រឈម​នឹង​ការ​លំបាក​ជ្រើសរើស​អ្នក​ចូល​បម្រើ​ទ័ព​ថ្មី​ ហើយ​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដ៏ធំ​បំផុត​របស់​ខ្លួន​នៅលើ​សមរភូមិ។
សេចក្តី​ប្រកាស​នៃ​កាតព្វកិច្ច​យោធា​បាន​ចូល​ជាធរមាន​នៅថ្ងៃ​ទី ​១៣ ​ខែកុម្ភៈ​ ​ដោយ​របប​យោធា​មីយ៉ាន់ម៉ាគ្រោងនឹង​ជ្រើសរើសមនុស្ស​ ៥.០០០ ​នាក់ ​ក្នុងមួយ​ខែ​ ចាប់ពី​ខែ​មេសា​ ដោយ​គ្រោង​កេណ្ឌ​ទ័ព​ថ្មី​ចំនួន ៦​០០.០០០ ​នាក់​ ក្នុង​មួយ​ឆ្នាំ។
 
វីដេអូ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បង្ហាញ​ពីមនុស្ស​ឈរ​ជាជួរ​យ៉ាងវែង​ ដើម្បី​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នៅ​ស្ថានទូត​ថៃ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ ស្ថានទូត​ថៃ​ចេញ​សំបុត្រ​ចំនួន​ ៤០០​ ក្នុង​មួយ​ថ្ងៃ។
 
លោកស្រី Khin Ohmar ​ស្ថាបនិក​អង្គការ​សិទ្ធិ​មនុស្ស Progressive Voice Myanmar ​និយាយ​ថា យុវជន​ជា​ច្រើន​កំពុង​ភៀស​ខ្លួន​ដើម្បី​គេច​ពី​កាតព្វកិច្ច​យោធា។
លោក​ស្រី​បាន​និយាយ​ថា៖ «យុវជន​ជា​ច្រើន​កំពុង​រត់​គេច​ខ្លួន​ហើយ។ ពី​ការ​រាប់​នៅ​តំបន់​មួយឃើញ​មាន​១ទៅ​២រយ​នាក់​ហើយ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នៅ​ច្រក​ព្រំដែន»។
 
យ៉ាង​ហោចណាស់​មាន​ជនជាតិ​មីយ៉ាន់ម៉ា​ចំនួន​ ២៧ នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​រួចហើយ​នៅក្នុង​តំបន់ Tak ​ភាគ​ខាងជើង​ប្រទេស​ថៃ ​ដោយ​ក្រុម​កិច្ចការ​ព្រំដែន​ថៃ​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Eleven Media Myanmar។
 
លោកស្រី​ Khin Ohmar ថ្លែង​ទៀត​ថា៖ «ថៃ​គួរ​ធ្វើ​រឿង​ពីរ។ សម្រាប់​ការ​ឆ្លើយតប​ភ្លាមៗ​ ជំនួស​ឱ្យការ​ចាប់ខ្លួន​ និង​ដាក់​ពួកគេ​នៅក្នុង​ប៉ុស្តិ៍​នគរបាល ​និង​មណ្ឌល​ឃុំឃាំង​ គឺ​បើក​តំបន់​សុវត្ថិភាព​បណ្តោះ​អាសន្ន​នៅ​ខាង​ទឹកដី​ថៃ​ ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ​ អង្គការ​សហប្រជាជាតិ ​ហើយ​នឹង​ផ្តល់​ការ​ការពារ»។
 
លោកស្រី Khin Ohmar ថ្លែង​បន្ត​ទៀត​ថា៖ «រដ្ឋាភិបាល​ថៃ​គួរតែ​បញ្ចុះបញ្ចូល​របប​យោធា​មីយ៉ាន់ម៉ា​ឱ្យ​បញ្ឈប់​រឿង​នេះ។ ហើយ​ក៏សូម​អំពាវនាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ឱ្យ​ជួយ​ ខណៈ​ដែល​សកម្មភាព​របស់​របប​យោធា​បាន​គំរាម​កំហែង​ដល់​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​ ដែល​បណ្តាល​មក​ពី​យុទ្ធនាការ​ភេរវកម្ម​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ ដែល​ផ្តោត​លើ​ប្រជាជន​ស៊ីវិល​ដោយគ្មាន​មេត្តា​ ជាពិសេស​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការបង្ខំ​ឲ្យ​ចូល​បម្រើ​កងទ័ព»។


រូបឯកសារ៖ ទាហានមីយ៉ាន់ម៉ាឈរល្បាតក្បែរ​រថយន្តយោធា​ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
 
ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្នុង​ភាព​ចលាចល​ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​ខែកុម្ភៈ ​ឆ្នាំ​ ២០២១ ​ដែល​ត្រូវ​បាន​ប្រឆាំង​យ៉ាងខ្លាំង​ដោយ​ប្រជាជន​មីយ៉ាន់ម៉ា។ អ្នក​នយោបាយ​ដែល​ត្រូវបាន​បណ្តេញ​ចេញ និង​មេដឹកនាំ​ក្នុង​តំបន់​បាន​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ​ឬ NUG​ ខណៈ​ពេល​ដែល​ការ​បង្រ្កាប​ដោយ​យោធា​បាន​ជំរុញ​ឱ្យ​មាន​ការ​តស៊ូ​ប្រដាប់​អាវុធ​ពីក្រុម​ប្រឆាំង​ និង​ក្រុម​ជនជាតិ​ភាគតិច។ ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា ​មាន​ព្រំដែន​ជាប់គ្នា​ ២.៤១៤ ​គីឡូ​ម៉ែត្រ​ ដែល​អាច​ធ្វើឱ្យ​ជនភៀសខ្លួន​ពី ​មីយ៉ាន់ម៉ា​ ឆ្លង​កាត់​ដោយ​សុវត្ថិភាព​បាន។
 
សម្ព័ន្ធភាព​នៃ​កង​កម្លាំង​ប្រឆាំង​នាពេល​ថ្មីៗនេះ​ បាន​ចាប់ផ្តើម​ប្រតិបត្តិការ​វាយ​លុក​ដ៏​ធំមួយ​ ដែល​ឃើញ​ថា​បាន​ដណ្តើម​កាន់​កាប់​ក្រុងរាប់​សិប​ និង​ទីតាំង​រាប់​រយ​កន្លែង​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា។ រដ្ឋាភិបាល​រួបរួម​ជាតិ​និយាយ​ថា​ ៦០%​ នៃ​ប្រទេស​មីយ៉ាន់ម៉ា​ឥឡូវនេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លាំង​ប្រឆាំង។
 
លោក Tun Aung Shwe ​តំណាង​ប្រទេស​អូស្ត្រាលី​សម្រាប់​រដ្ឋាភិបាល​រួបរួម​ជាតិ​និយាយ​ថា​ ច្បាប់​ស្តីពី​កាតព្វកិច្ច​យោធាបាន​ធ្វើ​ឲ្យ​យុវជន​មីយ៉ាន់ម៉ា​ដែល​រស់​នៅក្នុង​ទីក្រុង​ស្វែងរក​ការ​ការពារ។
 
លោកថ្លែងថា៖ «យុវជន​ក្នុង​ទីក្រុង​ឥឡូវ​កំពុង​ជ្រួល​ច្របល់​ក្នុងការ​ស្វែង​រក​កន្លែង​ជ្រកកោន​នៅ​ក្នុង​តំបន់​រំដោះ​ក្រោម​ការ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​រួបរួម​ជាតិ​និង​កម្លាំង​ប្រជាធិបតេយ្យ។

ជា​រឿង​គួរឲ្យ​សោក​ស្តាយ​ យុវជន​ក្រីក្រ​ជាច្រើន ត្រូវបាន​កេណ្ឌ​បញ្ចូល​ទៅ​បម្រើ​ក្នុង​ជួរ​ទ័ព​ ដោយ​មិនមាន​ឆន្ទៈ​ក្នុង​ការ​បម្រើ​ជា​របាំង​កាណុង​កាំភ្លើង​នៅក្នុង​ជម្លោះ​ជួរមុខ ​និង​ចំការមីន​ទេ»។
 
ប្រទេស​ថៃ​ជា​ប្រទេស​ដែល​ប្រជាជន​មីយ៉ាន់ម៉ា​ដែល​ភៀស​ខ្លួន​ចេញ​ពី​ជម្លោះ​ទៅ​ស្នាក់​នៅ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​រាយការណ៍​កាលពី​ខែ​វិច្ឆិកា​ថា​ ជន​ភៀសខ្លួន​មីយ៉ាន់ម៉ា​ប្រមាណ​ ៤៥.០០០ ​នាក់​ បាន​ចូល​ទៅក្នុង​ប្រទេសថៃ​ចាប់​តាំងពី​រដ្ឋប្រហារ​យោធា​កាលពី​បីឆ្នាំ​មុន។
 
ប្រទេស​ថៃ​មិនមែន​ជា​ភាគី​នៃ​អនុសញ្ញា​ជនភៀសខ្លួន​ឆ្នាំ​ ១៩៥១​ ហើយ​មិនមាន​ក្របខ័ណ្ឌ​ច្បាប់​ក្នុង​ស្រុក​ជាក់​លាក់​សម្រាប់​ការ​ការពារ​ជនភៀសខ្លួន​នៅ​ទីក្រុង ​និង​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​នោះ​ទេ។
 
យ៉ាង​ណា​មិញ ប្រទេស​ថៃ​បាន​ផ្លាស់​ប្តូរ​វិធី​ដោះស្រាយ​របស់​ខ្លួន​ចំពោះ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​កំពុង​ដើរ​តួនាទី​មនុស្សធម៌​បន្ថែម​ទៀត​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ចូល​កាន់​អំណាច​កាល​ពី​ឆ្នាំ​មុន។ ឥឡូវនេះ​ ព្រះរាជាណាចក្រ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នៃ​គណបក្ស​ភឿថៃ ​ខណៈ​ដែល​មេទ័ព​ថ្មី​នៃ​ប្រទេស​ថៃ​ គឺ​លោក​ឧត្តមសេនីយ៍ ​Songwit Noonpakdee ​ត្រូវ​បាន​តែងតាំង​កាលពី​ខែ​តុលា។
 
រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ​Parnpree Bahiddha-Nukara ​បាន​និយាយ​កាល​ពីឆ្នាំ​មុន​ថា​ រដ្ឋាភិបាល​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​សាង​សង់​ជម្រក​នៅ​តាម​ព្រំដែន​ថៃនិង​មីយ៉ាន់ម៉ា​ ប្រសិន​បើជម្លោះ​បង្ខំ​ជន​ភៀសខ្លួន​ឱ្យ​ហូរចូល​មក​ប្រទេស​ថៃ។ លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ក្នុងរដ្ឋធានីវ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​ ដោយ​ពិភាក្សា​អំពី​តម្រូវការ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បន្ថែម​ទៀត។
 
សេចក្តី​ថ្លែងការណ៍​មួយ​ពី​ការិយាល័យ​របស់​លោក​ Blinken​ បាន​និយាយ​ថា​ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​៖ «បាន​សង្កត់​ធ្ងន់​លើ​តម្រូវការ​ជាបន្ទាន់​ក្នុងការ​ពង្រីក​ជំនួយ​មនុស្សធម៌​ដល់​ជនភៀសខ្លួន​ ...នៅក្នុង​ប្រទេស​ភូមា(មីយ៉ាន់ម៉ា)​និង​ ...ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌​ទាំងអស់​ បញ្ចប់​អំពើ​ហិង្សា​ និង​ធ្វើឱ្យ​ប្រទេស​ភូមា​ត្រឡប់​ទៅ​លើផ្លូវ​ទៅ​កាន់​ អភិបាលកិច្ច​ស៊ីវិល​តាម​បែប​ប្រជាធិបតេយ្យ»។
 
លោក Parnpree ​ក៏បាន​ទៅ​ទស្សនា​ទីក្រុង​ព្រំដែន ​Mae Sot ​ក្នុង​ខែនេះ ​ដើម្បី​បង្កើត​ច្រក​របៀង​មនុស្ស​ធម៌ ខណៈ​ដែល​ជម្លោះ​កាន់តែ​អាក្រក់​ទៅៗ។ ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា ថៃចាំ​បាច់​ត្រូវ​បញ្ចូល​កម្លាំង​ប្រឆាំង​របស់​មីយ៉ាន់ម៉ា​ក្នុង​កិច្ច​ព្រម​ព្រៀង​ឆ្លង​ព្រំដែន​ណា​មួយ។
 
លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស​ក៏បាន​អំពាវនាវ​ឱ្យ​ប្រទេសថៃ​ទទួល​ជនជាតិ​ភូមា​ដែល​ភៀស​ខ្លួន៖ «ប្រទេស​ថៃមាន​ទាំង​កាតព្វកិច្ច​សិទ្ធិមនុស្ស​ និង​មនុស្ស​ធម៌​ក្នុងការ​ទទួល​ប្រជាជន​ភូមា​ដែល​រត់គេច​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ រួមទាំង​អ្នក​ដែល​រត់គេច​ពី ​ក្រុមប្រឹក្សា​រដ្ឋ​បាលរដ្ឋ​ ច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា​ដោយ​បង្ខំ​នៃ​របប​យោធា​ដែល​ហាក់​ដូចជា​មាន​បំណង​បណ្តេញ​យុវជន​ចេញ​ពី​ប្រទេស»។
 
លោកថ្លែងថា៖ «ពី​យោធាដែល​មាន​ជំនាញ​ស្រាប់​ក្នុងការ​វាយ​ប្រហារ​ជាប្រព័ន្ធ​ដល់​ជន​ស៊ីវិល​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ស្នូល​របស់​ខ្លួន​ ចលនា​ចុង​ក្រោយ​បំផុត​របស់​របប​យោធា​ដែល​មិនមាន​ប្រជាប្រិយភាព​ខ្ពស់​ មើល​ទៅដូច​ជា​បំភិត​បំភ័យ​ និងការ​គ្រប់គ្រង​លើយុវជន​ទូទាំង​ប្រទេស​ដោយ​គាប​សង្កត់​ពួកគេ​ឲ្យ​ចូល​បម្រើ​យោធា។ រដ្ឋាភិបាល ​និង​យោធាថៃ​ ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​របប​យោធា[មីយ៉ាន់ម៉ា]ហើយ​មាន​ឆន្ទៈ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ​ផងដែរ​ ចាំបាច់​ត្រូវ​គិត​ឡើង​វិញ​ ព្រោះ​វាច្បាស់​ណាស់​យុទ្ធសាស្ត្រ​របស់​របប​យោធា​ គឺ​បញ្ជូន​យុវជន​ឆ្លង​ព្រំដែន​ ដើម្បី​គេច​ចេញ​ពី​កាតព្វកិច្ច​ទ័ព​ដ៏​ឃោរឃៅ»​។
 
វិបត្តិ​នេះ​ក៏​បាន​មើល​ឃើញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​មីយ៉ាន់ម៉ា​រង​ការ​លំបាក​ផង​ដែរ ដែល​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ស្វែង​រក​ឱកាស​ផ្សេង​ទៀត​នៅ​តាម​ព្រំដែន​របស់​ខ្លួន។ យោង​តាម​របាយ​ការណ៍របស់​ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​ថា​ មនុស្ស​រាប់​លាន​នាក់​គ្មាន​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដោយ​សារ​សេដ្ឋកិច្ច​របស់​ខ្លួន​ទាប​ជាង​ ១០% ​ធៀប​នឹង​ឆ្នាំ​ ​២០១៩​ មុន​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។
 
សម្រាប់​អ្នក​ខ្លះ ច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា​គឺ​ជា​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។
 
អ្នកស្រី ​Emilie Palamy Pradichit ​ស្ថាបនិក​នៃ​មូលនិធិ ​Manushya​ ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​នៅ​ទីក្រុង​បាងកក​ បាន​និយាយ​ថា​ អ្នកស្រីបាន​ទទួល​ពាក្យ​សុំការងារ​យ៉ាង​ច្របូក​ច្របល់​ពី​ប្រជាជន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដើម្បី​ចៀសវាង​ការ​ចូល​បម្រើ​យោធា។
 
អ្នកស្រី​ថ្លែងថា៖ «យើង​បាន​ទទួល​ពាក្យ​សុំ​ជាច្រើន​ពី​ប្រជាជន​មីយ៉ាន់ម៉ា​នៅក្នុង​ការ​បើក​ឱកាស​ការងារ​របស់​យើង ភាគ​ច្រើន​គឺ​ក្មេង​ជំនាន់​ក្រោយ ​និង​សហស្សវត្សរ៍​នេះ ​ដែល​ប្រាប់​យើង​ថា​ពួកគេ​ត្រូវការ​ចាក​ចេញ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន ។ ជារឿង​ខូច​ចិត្ត។ ក្នុង​អំឡុង​ពេល​ដំណើរ​ការ​សម្ភាស ​ពួកគេ​បាន​ សុំ​ឱ្យ​យើង​ជួយ​ពួក​គេ ហើយ​ថា​ពួក​គេ​ត្រូវ​ការ​ចេញពីភូមា​»៕

© រក្សាសិទ្ធិដោយ thmeythmey.com