RFI
អន្តរជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​G20 ក្នុងបរិបទបាក់បែកគ្នាខ្លាំង ដោយសារសង្គ្រាម​នៅហ្កាហ្សា និងអ៊ុយក្រែន
23, Feb 2024 , 7:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសក្រុមប្រទេសG20 ប្រជុំគ្នា​នៅ ទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល ថ្ងៃទី​២១ កុម្ភៈ ២០២៤ AP - Silvia Izquierdo
រដ្ឋមន្ត្រីការបរទេសក្រុមប្រទេសG20 ប្រជុំគ្នា​នៅ ទីក្រុង រីយ៉ូ ប្រទេសប្រេស៊ីល ថ្ងៃទី​២១ កុម្ភៈ ២០២៤ AP - Silvia Izquierdo
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
 
បន្ថែមពី​ព្យុះសង្ឃរាការទូត រវាងប្រេស៊ីល និង​អ៊ីស្រាអែល គេសង្កេតឃើញថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​ នៃក្រុម​ប្រទេសG20 ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ នៅទីក្រុងរីយ៉ូ គឺបានប្រព្រឹត្តិទៅ​ក្នុង​បរិយាកាស​ បាក់បែក​ឈ្លោះប្រកែកគ្នាខ្លាំង​ណាស់​។ ក្រៅពីបញ្ហា​សង្គ្រាមនៅហ្កាហ្សា សំណុំរឿងសង្គ្រាម​​នៅ​អ៊ុយក្រែន គឺជា​ចំណុចដ៏ធំ ដែលបង្កឲ្យភាពតានតឹងខ្លាំង រវាង​រុស្ស៊ី និង​ក្រុមប្រទេសលោក​ខាងលិច។ យ៉ាងណាមិញ នៅ​ក្នុងឱកាសប្រជុំនៅវបប្រេស៊ីលនេះ លោកស៊ែរហ្កី ឡាវរ៉ូវ និង​លោកអង់តូនី​ ប្លីងកិន​​មានវត្តមានដូចគ្នា ហើយ​ដែលគេកំពុងតាមដានថា នឹងមានជំនួបទ្វេភាគី រវាង​រដ្ឋមន្ត្រីការបរទេសទាំង​២នេះដែរឬទេ។
 
លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល Mauro Vieira ដែលជាប្រធានកិច្ចប្រជុំ បានបើកអង្គប្រជុំ ជាមួយនឹងពាក្យសំដីរិះគន់ខ្លាំងៗ ទៅលើស្ថាប័ន​អន្តរជាតិ ជាពិសេសគឺទៅលើ​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​។ លោកបានលើកឡើងថា ស្ថាប័ន​អន្តរជាតិ​ពហុភាគី គ្មានសមត្ថភាពគ្រប់គ្រាន់ទាល់តែសោះ ក្នុងការដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ ដែលកំពុងតែធ្វើបាបពិភពលោក តួយ៉ាងដូចជាបញ្ហាសង្គ្រាមនៅ​អ៊ុយក្រែន និងបញ្ហាសង្គ្រាមនៅហ្កាហ្សា​។ លោក​បន្តថា ជីវិតមនុស្ស​ត្រូវស្លាប់មិនស្វាង ដោយតសារភាពអសកម្មរបស់​ស្ថាប័នអន្តរជាតិកំពូលៗ​។
 
គួរកត់សំគាល់ថា បរិយាកាសទូទៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G20 នៅទីក្រុង​រីយ៉ូ គឺ​មាន​ភាព​តានតឹង ពោរពេញដោយការបាក់បែងខ្វែងគំនិតគ្នា​។ មុនពេលប្រជុំមួយថ្ងៃ លោក​ប្រធានាធិបតី​​ប្រេស៊ីល បានថ្លែងចោទ​អ៊ីស្រាអែល ថាកំពុងធ្វើអំពើប្រល័យពូជសាសន៍ទៅ​លើប្រជាជន​ប៉ាឡេស្ទីន មិនខុសពី​របបណាស៊ីសធ្វើទៅលើជនជាតិជ្វីហ្វ។ សំដីនេះ បានបង្កឲ្យ​មានព្យុះសង្ឃរាការទូត រវាង​​ប្រេស៊ីល និង​អ៊ីស្រាអែល។ ផ្អែកតាមប្រភពពី​មន្ត្រី​ការទូត​អាមេរិក ក្នុងពេលជួបជាមួយ​លោក​លូឡា កាលពីថ្ងៃពុធ លោក​ អង់តូនី ប្លិងកិន បានប្រាប់ថា​ សហរដ្ឋមិនគាំទ្រសំដី និងការយល់ឃើញរបស់លោក​ប្រធានាធិបតី​ប្រេស៊ីលទេ​។
 
គួរបញ្ជាក់ដែរថា ក្នុងឱកាសប្រជុំពេលនេះ គឺជាពេលដែល​លោក អង់តូនី ប្លីងកិន និង​លោក​ស៊ែរហ្កី ឡាវរ៉ូវ ត្រូវជួបឃើញ​មុខគ្នាដោយ​ផ្ទាល់​។ តែយ៉ាងណា គិតត្រឹមពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយ ថានឹងមានជំនួបទ្វេភាគី រវាងរដ្ឋមន្ត្រីការបរទេសទាំង២នេះទេ។ ប្រសិនបើមានមែន​ វាអាចជាដំណឹងល្អមួយដែរ ព្រោះថាពេលនេះ សង្គ្រាមនៅអ៊ុយក្រែន កំពុងតែធ្វើឲ្យ​សហរដ្ឋអាមេរិក និងរុស្ស៊ី​ប្រឈមមុខគ្នាកាន់តែខ្លាំងឡើង។ ជាងនេះទៀត ក្រោយ​ការស្លាប់​របស់​លោក អាឡិចសី ណាវ៉ាល់នី គឺ​សហរដ្ឋអាមេរិក បានចេញ​មុខខ្លាំង ចោទថាលោកពូទីន គឺជាអ្នកទទួលខុសត្រូវ​តែម្នាក់គត់ លើការស្លាប់​ដ៏អយុត្តិធម៌របស់​លោកណាវ៉ាល់នី​។
 
ដោយឡែក តាមការគ្រោងទុក លោក​ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវរ៉ូវ នឹងជួបប្រជុំជាមួយលោក​ប្រធានាធិបតី​ប្រេស៊ីល​។ នៅក្នុងបទសម្ភាសន៍មួយ ផ្តល់ឲ្យ​កាសែតប្រេស៊ីល O Globo  លោក​ស៊ែរហ្កី ឡាវរ៉ូវ បានថ្លែង​រិះគន់ថា ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច គឺគ្មាននរណាមួយបង្ហាញជំហរ និងមានឆន្ទៈនយោបាយ​ ចង់ដោះស្រាយបញ្ហា ចរចាជាមួយរុស្ស៊ីទេ គឺពួកគេគិតតែពីចង់ធ្វើសង្គ្រាម​។
 
ដោយ​សង្កេតឃើញ បរិយាកាសដ៏តានតឹងនៅក្នុងកិច្ចប្រជុំនៅរីយ៉ូនេះ ក្រុមមន្ត្រីការទូតបារាំង បាន​លើកឡើងថា សម្រាប់បារាំងវិញ គឺបារាំងគិតថា​ ការថ្លែងពាក្យ​សំដី​អំណះអំណាង ស្តីបន្ទោសគ្នា នាំឲ្យ​មាន​ការបាក់បែកកាន់តែខ្លាំង គឺវាមិនអាចទៅចូលរួមដោះស្រាយ​បញ្ហា និង​ឈានទៅកសាងសន្តិភាពនោះទេ​។ ចំណែក លោក Josep Borrell ប្រមុខការទូតអឺរ៉ុបវិញ បាន​លើកឡើងថា វាជារឿងចាំបាច់ណាស់ ដែលG20 ត្រូវតែ​បង្ហាញ​ថា យន្តការ​ពហុភាគី អាចដំណើរការបាន ហើយអាចចូលរួមដោះស្រាយ​បញ្ហារបស់ពិភពលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com