RFI
អន្តរជាតិ
សង្គ្រាម​២ឆ្នាំ​​នៅ​អ៊ុយក្រែន បង្កឲ្យ​​មាន​​ជនភៀសខ្លួន​​ប្រមាណ​​១៤លាននាក់
24, Feb 2024 , 7:29 pm        
រូបភាព
ដោយ៖ម៉ម ពិសី/RFI
 
ថ្ងៃទី​២៤កុម្ភៈ គឺជាថ្ងៃគម្រប់ខួប​២ឆ្នាំ នៃសង្គ្រាម​នៅអ៊ុយក្រែន ដែលរុស្ស៊ីបានដុតបញ្ឆេះឡើង កាលពីថ្ងៃទី​២៤កុម្ភៈ២០២២។ សង្គ្រាម​​ដែលមិនត្រឹមតែបានបំផ្លិចបំផ្លាញខ្ទិចខ្ទីរ ដល់សំណង់អគារផ្ទះសម្បែង​ ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែវាបានធ្វើឲ្យ​ប្រជាជនអ៊ុយក្រែន​ត្រូវ​បែក​ខ្ញែក​រត់ផ្លាស់ទីប្រសេកប្រសាច។ ​២ឆ្នាំមកនេះ ​ប្រជាជនអ៊ុយក្រែន ចំនួន​១៤​លាននាក់ ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ខ្លះភៀសខ្លួនក្នុងស្រុក ខ្លះទៀត ភៀសខ្លួន​ទៅ​បរទេស​។ នេះ​បើផ្អែកតាម​របាយការណ៍​បូកសរុប របស់​អង្គការ​អន្តរជាតិ​ដើម្បី​អន្តោប្រវេសន៍​។
សង្គ្រាម​២ឆ្នាំ​មកនេះ បានបណ្តាល​ឲ្យ​ប្រជាជនអ៊ុយក្រែន ចំនួន​១៤លាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ ពោលគឺ ១ភាគ៣នៃប្រជាជនអ៊ុយក្រែន​ទូទាំងប្រទេស ដែលត្រូវ​បង្ខំចិត្ត​ភៀសខ្លួន។ នេះបើផ្អែកតាម​តួលេខបូកសរុប ដោយ​អង្គការ​អន្តរជាតិ​ដើម្បីអន្តោប្រវេសន៍ OIM ដែល​ជាផ្នែក​មួយ​នៃអង្គការសហប្រជាជាតិ​។
 
ក្នុងចំណោម​អ្នកភៀសខ្លួនទាំងនេះ គឺមាន​យ៉ាងហោច ៦,៥លាននាក់ ដែលបានភៀសខ្លួនទៅ​បរទេស និងមាន ៣,៧លាននាក់ ដែល​បានភៀសខ្លួន​នៅក្នុងអ៊ុយក្រែន។ គិតត្រឹមពេលនេះ មានប្រជាជនអ៊ុយក្រែន​ ប្រមាណ​៤,៥លាននាក់ ដែលបានត្រលប់ទៅផ្ទះវិញហើយ ដោយ​រាប់ទាំងអ្នកដែលទៅពីបរទេស និង​ទៅពីតំបន់ផ្សេងទៀតក្នុងទឹកដីអ៊ុយក្រែន​។
 
លោកស្រី Amy Pope អគ្គនាយិកាអង្គការ​អន្តរជាតិដើម្បីអន្តោប្រវេសន៍ បាន​លើកឡើងថា សង្គ្រាម​២ឆ្នាំមកនេះ បាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​ខូចខាតយ៉ាងដំណំ ចំណែក​ប្រជាជនអ៊ុយក្រែន​វិញ បាន​ជួបទុក្ខលំបាកជាពន់ពេក​។ លោកស្រីបាន​កោតសរសើរ ចំពោះ​ភាពអំណត់​ និងការតស៊ូរបស់​ប្រជាជនអ៊ុយក្រែន។ ឆ្លៀតក្នុងឱកាសធ្វើបទបង្ហាញរបាយការណ៍ លោកស្រីអគ្គនាយិកាអង្គការ​អន្តរជាតិដើម្បីអន្តោប្រវេសន៍ បានអរគុណ​ចំពោះការប្រឹងប្រែងជួយចិត្តទុកដាក់​​ ពីសំណាក់​បណ្តាប្រទេសអឺរ៉ុប​ក្បែរខាងអ៊ុយក្រែន ដែល​បានជួយ​ទទួល​យក​ជនភៀសខ្លួនអ៊ុយក្រែន យ៉ាងយកចិត្តទុកដាក់។
 
អង្គការ​អន្តរជាតិដើម្បីអន្តោប្រវេសន៍ បានជួយទំនុកបម្រុង​ជនភៀសខ្លួនអ៊ុយក្រែន ចំនួន​៦,៥លាននាក់ ទាំងក្នុងអ៊ុយក្រែន​ និងនៅតាមប្រទេសអឺរ៉ុបខាងកើត ចំនួន​១១ប្រទេស។ លោកស្រី Amy Pope បានឲ្យដឹងថា ក្នុងរយៈពេល​​២ឆ្នាំមកនេះ ស្ថាប័ន​លោកស្រី បាន​ទទួល​ថវិកាជំនួ​យសប្បុរស សរុបចំនួន​៩៥៧លានដុល្លារ​។ ក៏ប៉ុន្តែ​ សង្គ្រាមនៅតែអូសបន្លាយ​ ដែលតម្រូវ​ឲ្យស្ថាប័នលោកស្រី ត្រូវតែបន្ត​ស្វះស្វែងរកថវិកាមកបន្តការងារ ជួយ​ជនភៀសខ្លួនអ៊ុយក្រែនបន្តទៀត។
 
សូមបញ្ជាក់ថា សង្គ្រាម​​ឈ្លានពានដែលរុស្ស៊ីបានធ្វើទៅលើអ៊ុយក្រែន គឺ​បង្កើតឲ្យ​មានវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប បើគិតចាប់ពីក្រោយ​សង្គ្រាម​លោក​លើកទី​២មក​។ អង្គការសហប្រជាជាតិ បានសន្និដ្ឋាន​ថា យ៉ាង​ហោចណាស់ គេត្រូវការ​ប្រាក់ចំនួន​៤២០០លានដុល្លារ ដើម្បីជួយ​ផ្នែក​មនុស្ស​ធម៌​ដល់អ៊ុយក្រែន ក្នុងឆ្នាំ​២០២៤នេះ។
 
លោក Soda Federico នាយកកម្មវិធី​មនុស្ស​ធម៌របស់អង្គការ​ដើម្បីអន្តោប្រវេសន៍ បាន​បញ្ជាក់ថា ប្រជាជនអ៊ុយក្រែន ភាគច្រើន​ដែល​បានត្រលប់ទៅផ្ទះ​វិញ តែពួកគេប្រឈមនឹងបញ្ហា​លំបាក​ខ្លាំងមួយចំនួន ក្នុងនោះគឺបញ្ហាអសន្តិសុខជាប្រចាំ បញ្ហាគ្មានមធ្យោបាយចិញ្ចឹមជីវិត ផ្ទះសំបែកត្រូវ​ខ្ទេចខ្ទីទាំងស្រុង ឬមួយផ្នែក បូកបន្ថែមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ទឹកភ្លើងបណ្តាញផ្លូវថ្នល់ជាដើម ត្រូវខូចខាតលែងដំណើរការ​។​ លោក​បានគូសបញ្ជាក់ថា គេ​ត្រូវ​ផ្តោតការយកចិត្តទុកដាក់ ដល់​ការងើបឡើងវិញនៃសេដ្ឋកិច្ច ដើម្បីអាចជួយជីវភាពប្រជាជនអ៊ុយក្រែន​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com