សេដ្ឋកិច្ច
អន្តរជាតិ
ក្រុមហ៊ុនវៀតណាម VinFast ចាប់ផ្តើមសង់រោងចក្ររថយន្តអគ្គិសនីនៅឥណ្ឌា
24, Feb 2024 , 8:29 pm        
រូបភាព
រូបភាព ៖ VinFast
រូបភាព ៖ VinFast
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast Auto បានប្រកាសពីពិធីបើកការដ្ឋានសាងសង់គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុង Thoothukudi រដ្ឋ Tamil Nadu ប្រទេសឥណ្ឌានៅថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាមសារព័ត៌មាន VnExpress ។
 
កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន VinFast និងរដ្ឋាភិបាលរដ្ឋ Tamil Nadu ត្រូវបានបង្កើតឡើងចាប់តាំងពីការប្រកាសចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ពេលនោះ VinFast ប្តេជ្ញាវិនិយោគ ៥០០លានដុល្លារសម្រាប់ដំណាក់កាលទី១ នៃគម្រោងរោងចក្រផលិតរថយន្តអគ្គិសនីដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ។
 
គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីរបស់ ក្រុមហ៊ុន VinFast នៅរដ្ឋ Tamil Nadu ត្រូវបានរំពឹងថានឹងបង្កើតការងារប្រហែល ៣០០០នាក់ទៅ ៣៥០០នាក់សម្រាប់ទីផ្សារការងារក្នុងស្រុក។
 
គម្រោងរោងចក្រនេះ មានសមត្ថភាពផលិតរថយន្តអគ្គិសនីរហូតដល់ ១៥០ពាន់គ្រឿងក្នុងមួយឆ្នាំ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ។ រោងចក្រនេះ មិនត្រឹមតែបំពេញតាមគោលដៅអភិវឌ្ឍន៍នៅក្នុងទីផ្សារឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់គោលដៅនាំចេញទៅកាន់បណ្តាប្រទេសអាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងអាហ្វ្រិកដែរ។
 
ក្រៅពីឥណ្ឌា ក្រុមហ៊ុន VinFast បានប្រកាសពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការពង្រីកទៅកាន់ទីផ្សារមួយចំនួនទៀតដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងបណ្តាប្រទេសមជ្ឈិមបូព៌ា។
 
ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ខ្លួន​នឹង​វិនិយោគ​យ៉ាង​តិច១,២ ពាន់​លាន​ដុល្លារ​នៅឥណ្ឌូណេស៊ី។ ជំនួសការនាំចូលរថយន្តពីវៀតណាម ក្រុមហ៊ុន VinFast នឹងវិនិយោគ ២០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ដោយរំពឹងថានឹងផលិតរថយន្តពី ៣០ពាន់គ្រឿងទៅ ៥០ពាន់គ្រឿងក្នុងមួយឆ្នាំនៅឥណ្ឌូណេស៊ី។
 
ក្រៅពីក្រុមហ៊ុន VinFast ក្រុមហ៊ុន GSM ដែលជាក្រុមហ៊ុនតាក់ស៊ីអគ្គិសនីរបស់មហាសេដ្ឋីវៀតណាមលោក ផាម ញឹត វឿង ក៏បានប្រកាសផែនការវិនិយោគរហូតដល់ ៩០០លានដុល្លារនៅប្រទេសឥណ្ឌូណេស៊ីដែរ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com