អន្តរជាតិ
វៀតណាម ចង់លើកលែងទិដ្ឋាការប្រទេសអ្នកមានដើម្បីទាក់ទាញទេសចរ
24, Feb 2024 , 3:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ (Pham Minh Chinh) បានណែនាំអង្គភាពអន្តោប្រវេសន៍ឱ្យពិចារណាលើការលើកលែងទិដ្ឋាការពី៦ទៅ១២ខែសម្រាប់ប្រជាជនមកពីប្រទេសអ្នកមានដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ។
អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស ស្ថិតក្នុងចំណោមប្រទេសដែលវៀតណាមលើកលែងទិដ្ឋាការជាឯកតោភាគីក្នុងពេលបច្ចុប្បន្ន។ ប្រមុខរដ្ឋាភិបាលវៀតណាម ចង់ពង្រីកបញ្ជីនេះដើម្បីជំរុញកំណើនទេសចរ។
 
ក្នុងសេចក្ដីណែនាំនៅថ្ងៃទី២៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ផាម មិញឈិញ បានណែនាំដល់ទីភ្នាក់ងារនានាឱ្យពិចារណាលើការចេញទិដ្ឋាការរយៈពេលវែង និងច្រើនដងពី១២ទៅ៣៦ខែ ដើម្បីទាក់ទាញអ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្តិមកពីអឺរ៉ុប អាស៊ីឥសាន អាមេរិកខាងជើង ឥណ្ឌា និងបណ្តាប្រទេសមជ្ឈិមបូព៌ាមួយចំនួន។
 
ផែនការរបស់វៀតណាម ស្រដៀងនឹងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាថៃ និងម៉ាឡេស៊ី កំពុងធ្វើដែរ ដែលនាំដល់ការប្រណាំងផ្នែកទេសចរណ៍តាមរយៈការលើកលែងទិដ្ឋាការ។ សព្វថ្ងៃ វៀតណាម លើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពី២៥ប្រទេស បើធៀបនឹងការលើកលែង១៦២ប្រទេសដោយម៉ាឡេស៊ី ឯសិង្ហបុរីលើកលែង១៥៧ប្រទេស ហ្វីលីពីនលើកលែង៦៨ប្រទេសឯថៃមានមិនយកទិដ្ឋាការត្រឹម៦៤ប្រទេស។
 
ជាមួយគ្នានេះ វៀតណាម​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ដល់​ទៅ​បី​ខែ​ដល់​ពលរដ្ឋ​គ្រប់​ប្រទេស​និង​ដែនដីថែមទៀត។
 
នៅឆ្នាំ២០២៣ វៀតណាមទទួលភ្ញៀវអន្តរជាតិ១២,៦លាននាក់ ដែលស្មើនឹងប្រហែល៧០នៃចំនួនមុនវិបត្តិកូវីដ-១៩។ ចិន ឥណ្ឌា និងអូស្ត្រាលី ជាប្រភពភ្ញៀវទេសចរដ៏ធំបំផុតរបស់វៀតណាមកាលពីឆ្នាំមុន។ ជាមួយរដ្ឋាភិបាលលើកលែងទិដ្ឋាការ វៀតណាមទំនងផ្តល់ភាពទាក់ទាញដល់វិស័យទេសចរណ៍របស់ខ្លួនដែរ៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com