RFI
អន្តរជាតិ
របាយការណ៍សិក្សា៖ ចិន​​មិនអាច​សម្រេច​កម្មវត្ថុ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ​ ឆ្នាំ២០២៥
25, Feb 2024 , 9:59 am        
រូបភាព
រោងចក្រថាមពល​១​របស់ចិន នៅ​ប៉ែក​ពាយ័ព្យ​នៃផ្ទៃប្រទេស។ AP
រោងចក្រថាមពល​១​របស់ចិន នៅ​ប៉ែក​ពាយ័ព្យ​នៃផ្ទៃប្រទេស។ AP
ដោយ៖ហេង ឧត្តម/RFI
 
របាយការណ៍សិក្សា ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍ ទី​២២ កុម្ភៈ​ បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​ ទំនង​ជាពុំ​អាច​នឹង​សម្រេច​បាន​​​កម្មវត្ថុ​ទប់ទល់​ការប្រែប្រួល​អាកាសធាតុ​ឆ្នាំ២០២៥​ នោះឡើយ ព្រោះ​តែ​តម្រូវការ​សេដ្ឋកិច្ច​។ ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ចិន ត្រូវការ​​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​ធ្យូង​ថ្ម។ ធ្យូង​ថ្ម ជាប្រភព​បញ្ចេញ​ផ្សែង​ឧស្ម័ន​កាបូនិក ដែលនាំឲ្យ​កើនឡើង​កម្តៅ​ផែន​ដី។ ទោះជា​យ៉ាងនេះក្តី របាយការណ៍សិក្សា របស់​ក្រុម​អ្នក​ស្រាវជ្រាវឯករាជ្យមាន​មូលដ្ឋាន​នៅប្រទេស​ហ្វាំងឡង់ ក៏​​បង្ហាញដែរថា ចិន​​ បាន​ខំ​ប្រឹង​ព្យាយាម​វិនិយោគ​​ក្នុងវិស័យ​ថាមពលស្អាត។
ចិន និងសហរដ្ឋអាមេរិក​​ មហាយក្ស​ឧស្សាហកម្មពីរ ដែល​​បញ្ចេញ​ផ្សែងឧស្ម័ន​កាបូនិក ខ្លាំង​និងច្រើន​ជាងគេ។​ និយាយ​ចំពោះតែប្រទេស​ចិន, កាលពីឆ្នាំ២០២០ ប្រធានាធិបតី​ ស៊ី ជីនពីង បាន​សន្យា​ថា​ប្រទេស​របស់ខ្លួន​ប្រឹង​ព្យាយាម​កាត់បន្ថយ​ការបញ្ចេញ​ផ្សែងឧស្ម័ន​កាបូនិក​ ឲ្យ​បាន​នៅមុន​ឆ្នាំ២០៣០ ហើយ​និង​ធ្វើ​អព្យាក្រឹត្យ​កាបូន ពីពេលនេះ​ដល់ឆ្នាំ​២០៦០។​
 
ក្នុងកិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស រដ្ឋាភិបាល​ចិន​ ក៏បានចូលរួម​សន្យា​​បំពេញ​កម្មវត្ថុ​មួយ​​ចំនួន​ដើម្បី​ទប់ទល់​ការប្រែប្រួល​កម្តៅ​ផែនដី។​ ក្នុងនោះ ជាដំណាក់កាល​ៗ​ គឺ ចិន​ត្រូវ​ កាត់បន្ថយ​​ការប្រើប្រាស់​ធ្យូងថ្ម​​ក្នុង​ដំណើរ​ការ​សេដ្ឋកិច្ច ធ្វើយ៉ាងណាបន្ថយឲ្យ​បាន​យ៉ាង​ហោច​ត្រឹម ២០% នៃថាមពល​របស់ខ្លួន​ចេញពី​ចំហេះ​ផូស៊ីល​-ធ្យូងថ្ម​​។​ ទីភ្នាក់​ថាមពល​អន្តរជាតិ​ ធ្លាប់​បាន​បញ្ជាក់ថា ធ្យូងថ្ម​ ​តំណាង​ឲ្យ​ ៦០% ឯណោះ​នៃ​ប្រភព​ថាមពល​អគ្គិសនី​ របស់​ចិន ហើយ ធ្យូង​ថ្ម ក៏​ជា​ប្រភព​​​​បញ្ចេញ​ផ្សែង​ពុល ជាង​ពាក់កណ្តាល​​នៅ​ចិន។
 
ក្រោយ​សម័យ​កាល​វិបត្តិ​សកល​កូវីដ​១៩ ចិន​ត្រូវ​ដំណើរការ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ឡើង​វិញ ដែលត្រូវការ​ចាំបាច់​ប្រភព​ថាមពល។ ចិន​​ពឹងផ្អែក​លើ​ថាមពល​ធ្យូង​ថ្ម​កាន់តែច្រើន ស្របពេល​នឹង​តម្លៃប្រេង​ឥន្ធនៈ​លោតឡើងខ្ពស់ ព្រោះតែ​វិបត្តិ​សង្គ្រាម​រុស្ស៊ី​នៅអ៊ុយក្រែន។
 
​របាយការសិក្សា​បញ្ជាក់ថា ការបញ្ចេញ​ផ្សែង​ឧស្ម័ន​កាបូនិក នៅ​ចិន​ ​ហក់ឡើងខ្ពស់ ១២% ចន្លោះ​ពីឆ្នាំ២០២០ និងឆ្នាំ​​២០២៣។ ២០២៣ ជាឆ្នាំ​ ដែល ចិន ជាប់កំណត់ត្រាថាបាន​​ប្រើថាមពល​ឡើងខ្ពស់ខ្លាំង ក្នុងរយៈ​ពេល​ធៀប​ ប្រមាណ២ទសវត្សរ៍​ចុងក្រោយ។​ ចំហេះ​ធ្យូង​ថ្ម ដើម្បី​បំប៉ន​ថាមពលអគ្គិសនី​​ដល់​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ បានធ្វើឲ្យ​កំណើន​ផ្សែង​ឧស្ម័ន​កាបូន​ ចេញពី​ឧស្សាហកម្ម​ចិន បាន​កើនឡើង​ជាង ៥,៧%​ នៅឆ្នាំទៅមិញនេះ។

នេះ​បើផ្អែក​តាម​របាយការណ៍សិក្សា របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ថាមពល​និង​ខ្យល់​ស្អាត ហៅកាត់ថា Crea ជាក្រុម​អ្នក​ស្រាវជ្រាវឯករាជ្យមាន​មូលដ្ឋាន​នៅប្រទេស​ហ្វាំងឡង់។ ការសិក្សានេះ ផ្សាយ​លើ​វិបសាយ Internet Carbon Brief ហើយ​​ទីភ្នាក់​ងារ​​ព័ត៌មា​នបារាំង​អាអេហ្វ​ប៉េ ក៏យក​ទៅ​ផ្សព្វ​ផ្សាយបន្ថែម​​ដែរ។
 
ជា​​​ផលវិបាក ស្ថានភាព​ឧតុនិយម​មិន​ល្អ​សោះ ហើយនិងជួប​​​ឥទ្ធិពល​ប៉ះពាល់​អាក្រក់​ជាច្រើន។ រលកកម្តៅ និង​កម្តៅក្តៅខ្លាំង បាន​ធ្វើឲ្យ​ហួត​រីងទឹក ហើយ​ក៏បណ្តាល​ឲ្យ​ដំណើរ​​ផលិត​ថាមពល​ចេញ​ពី​វារីអគ្គីសនី​របស់​ចិន បាន​ធ្លាក់​ចុះ។ កម្រិត​នីវូ​ទឹក​​នៅចិន​ បានធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ជាខ្លាំង បើធៀប​នឹង​២០ឆ្នាំ​ចុងក្រោយ។
 
បើតាមរបាយការណ៍សិក្សាដដែល​ ដើម្បីសម្រេច​កម្មវត្ថុអាកាស​ធាតុ ចិន​នៅមិនទាន់​យឺតពេល​ពេកទេ ប្រសិន​ណា​បើ រដ្ឋាភិបាល​ចិន​​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ផ្សែង​ឧស្ម័ន​ឲ្យ​បាន​ កាន់​តែ​ច្រើន មុន​ឆ្នាំ២០២៥។
 
ដោយឡែក ​ក្រុម​អ្នក​ស្រាវជ្រាវឯករាជ្យ​​នៅប្រទេស​ហ្វាំងឡង់ បាន​បង្ហាញដែរថា ចិន​​ បាន​ខំ​ប្រឹង​​ក្នុងវិស័យ​ថាមពលស្អាត។  ក្នុងវិស័​យ​នេះ ចិន​បាន​វិនិយោគ​រហូតដល់ ៨៩០ ពាន់​លាន​ដុល្លារឯ​ណោះ។ ប្រការនេះបាន​​ធ្វើ​ឲ្យ​ ចិន ឈាន​នាំមុខ​គេ ជាប្រទេសទី១​លើលោក ផលិត​ថាមពលបាន​ច្រើន​ជាងគេ ​​ចេញពី ទឹក ​ខ្យល់ ​និងពន្លឺព្រះអាទិត្យ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com