អន្តរជាតិ
ប្រទេស G7 ប្ដេជ្ញាបន្ថែមទណ្ឌកម្មលើរុស្ស៊ី
25, Feb 2024 , 11:29 am        
រូបភាព
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានសន្យាគាំទ្រអ៊ុយក្រែនក្នុងការប្រឈមមុខនឹងរុស្ស៊ី និងប្ដេជ្ញាបន្ថែមទណ្ឌកម្មថ្មីៗទៀតលើរុស្ស៊ី អំឡុងកិច្ចប្រជុំតាមអនឡាញនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលចំខួបទី២ឆ្នាំនៃការឈ្លានពានរបស់មូស្គូ។
ក្រុមប្រទេស G7 បានបើកកិច្ចប្រជុំមេដឹកនាំនៅថ្ងៃទី២៤ ខែកុម្ភៈ​ ដែលជាខួបរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅរដ្ឋធានីកៀវ ដោយលោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី ប្រធានប្ដូរវេន G7 ជាអ្នកដឹកនាំ។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ និងប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺ លៃយេន ចូលរួមដោយផ្ទាល់ពីក្រុងកៀវ ឯមេដឹកនាំផ្សេងទៀតចូលរួមតាមអនឡាញ។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំដែលប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមផង មេដឹកនាំទាំងអស់បានប្តេជ្ញារួមគ្នាដាក់សម្ពាធលើរុស្ស៊ី។ យ៉ាងណាមិញ មេដឹកនាំ G7 មិនបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយពីជំនួយយោធាបន្ថែមដល់អ៊ុយក្រែនទេ ដោយបានត្រឹមជំរុញឱ្យមានការអនុម័តការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមដើម្បីបំពេញថវិកាដែលនៅសល់របស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤។
 
«យើងនឹងបន្តធ្វើឱ្យខូចប្រភពចំណូលរបស់រុស្ស៊ី និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការកសាងម៉ាស៊ីនសង្គ្រាម។» មេដឹកនាំអាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និងកាណាដាបញ្ជាក់បែបនេះ ជាមួយការអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការជួយយោធារុស្ស៊ី ក៏ដូចជាបង្ហាញការព្រួយបារម្ភអំពីការផ្ទេរដោយក្រុមហ៊ុនចិននូវគ្រឿងបន្លាស់សព្វាវុធ បរិក្ខាយោធា និងសម្ភារប្រើប្រាស់នានាទៅកាន់ទីក្រុងមូស្គូផងដែរ។
 
ពីកិច្ចប្រជុំ លោក ហ្សេលេនស្គី ក៏បន្តទទូចសុំជំនួយបន្ថែមទៀតដែរ។ មេដឹកនាំអ៊ុយក្រែននិយាយថា​ ក្រុម G7 សុទ្ធតែបានដឹងពីភាពចាំបាច់ក្នុងពង្រឹងសមត្ថភាពយោធាអ៊ុយក្រែនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក៕
 

Tag:
 G7
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com