អន្តរជាតិ
អ្នកការទូតជាន់ខ្ពស់អាម៉េរិក មកកម្ពុជានៅសប្ដាហ៍ក្រោយ
25, Feb 2024 , 2:17 pm        
រូបភាព
ឧបការរីរដ្ឋមន្រ្តីការបរទេសអាម៉េរិក Daniel Kritenbrink ទទួលបន្ទុកកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក នាទស្សនកិច្ចនៅភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០២២។ រូបថត AFP
ឧបការរីរដ្ឋមន្រ្តីការបរទេសអាម៉េរិក Daniel Kritenbrink ទទួលបន្ទុកកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក នាទស្សនកិច្ចនៅភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០២២។ រូបថត AFP
ឧបការរីរដ្ឋមន្រ្តីការបរទេសអាម៉េរិក Daniel Kritenbrink ទទួលបន្ទុកកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅសប្ដាហ៍ក្រោយ។ បើតាមក្រសួងការបរទសអាម៉េរិកនៅថ្ងៃទី២៣ ខែកុម្ភៈ ទស្សនកិច្ចនេះ នឹងបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ទី៤ ខែមីនា លោក Daniel Kritenbrink នឹងទៅសិង្ហបុរី រួចមកកាន់ទីក្រុងភ្នំពេញ ហើយបន្តទៅទីក្រុងបាងកក មុនហោះទៅរដ្ឋធានីហាណូយ ទើបទៅគោលដៅចុងក្រោយនៅព្រុយណេ។
 
នៅរាជធានីភ្នំពេញ លោកឧបការីរដ្ឋមន្ត្រីការបរទេសកាន់កាប់កិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិករូបនេះ នឹងជួបជាមួយមន្ត្រីកម្ពុជា ដើម្បីជំរុញចក្ខុវិស័យរួមអំពីឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី វិបុលភាព សុវត្ថិភាព និងអត់ធន់។ 
 
«លោកឧបការីរដ្ឋមន្ត្រី ក៏នឹងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេសម្រាប់ប្រទេសមួយមានប្រជាធិបតេយ្យ និងឯករាជ្យ ដែលសំឡេងទាំងអស់ត្រូវបានស្តាប់ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ។» សេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិកសរសេរបែបនេះ។
 
អ្នកការទូតអាម៉េរិករូបនេះ ធ្វើទស្សនកិច្ចនៅកម្ពុជាចុងក្រោយកាលពីឆ្នាំ២០២២។
 
ក្រសួងការបរទេសអាម៉េរិកបញ្ជាក់ដែរថា ទស្សនកិច្ចរបស់លោក Kritenbrink ក្នុងតំបន់ពេលនេះ ជាការបញ្ជាក់ពីការប្ដេជ្ញាចិត្តរឹងមាំ និងយូរអង្វែងរបស់អាម៉េរិកចំពោះសម្ព័ន្ធមិត្ត និងដៃគូនៅអាស៊ីអាគ្នេយ៍៕
 

Tag:
 កម្ពុជា
 ​ អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com