អន្តរជាតិ
ឥណ្ឌូណេស៊ី និង​អូស្ត្រាលី​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​
25, Feb 2024 , 3:19 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles (ឆ្វេង) និងសមភាគីឥណ្ឌូណេស៊ី លោក Prabowo Subianto។ រូបភាព AFP
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles (ឆ្វេង) និងសមភាគីឥណ្ឌូណេស៊ី លោក Prabowo Subianto។ រូបភាព AFP
បន្ទាប់​ពី​បាន​ជួប​សម​ភាគី​​នៅ​ទីក្រុង​ហ្សាកាតា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃទី២៣ ខែកុម្ភៈ បានលើកឡើងថា ឥណ្ឌូណេស៊ី និងអូស្ត្រាលីសង្ឃឹមនឹង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិដ៏សំខាន់មួយក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
«អូស្ត្រាលី និងឥណ្ឌូណេស៊ីមានជោគវាសនារួមគ្នា និងសន្តិសុខរួមរួមគ្នា ហើយនោះគឺជា មូលដ្ឋានដែលយើងកំពុងឆ្ពោះទៅមុខ»។ លោក រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles មានប្រសាសន៍បែបនេះ បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto។
 
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយផ្សេងទៀត លោក Prabowo ដែលត្រូវបានរំពឹងថា ជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី បានសាទរ ចំពោះទំនាក់ទំនងដ៏ល្អ ហើយបាននិយាយថា ប្រទេសទាំងពីរមានអនាគតជាអ្នកជិតខាងដ៏ល្អ។
 
យ៉ាងណាមិញ រដ្ឋមន្ត្រីទាំងពីរមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែលោក Prabowo សម្គាល់ថា លោករំពឹងកិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលពីរ ឬបីខែ ខាមុខនេះ។
 
គួរបញ្ជាក់ថា ការបង្កើនឥទ្ធិពលរបស់ចិននៅក្នុងតំបន់កាន់តែខ្លាំងឡើងបានជំរុញឱ្យប្រទេសក្នុងតំបន់ ជាពិសេស​សម្ព័ន្ធមិត្តអាម៉េរិក ខិតជិត និងសហការគ្នាក្នុងការពង្រឹងសមត្ថភាពការពារ និងផ្នែកសន្តិសុខរបស់ពួកគេ។ នាយករដ្ឋមន្ត្រីអូស្ដ្រាលី លោក អាន់តូនី អាល់បានីស កាលពីខែធ្នូ ឆ្នាំមុនបាននិយាយថា អូស្ត្រាលីនឹងជំរុញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកកិច្ចព្រមព្រៀងការពារជាតិថ្មីដែលមានភ្ជាប់ជាមួយឥណ្ឌូណេស៊ី ខណៈ ស្វែងរកការកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ផងដែរ៕
 

Tag:
 ឥណ្ឌូណេស៊ី
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com