RFI
អន្តរជាតិ
ការសិក្សា៖ បារាំងអាចសម្រេចកម្មវត្ថុអាកាសធាតុ ដោយបន្ថយការបរិភោគសាច់៥០% 25, Feb 2024 , 7:39 pm
×
ដោយ៖ អៀង សុខម៉ិញ/RFI
ដើម្បីសុខភាពសូមបរិភោគបន្លែផ្លែឈើឱ្យបាន៥មុខក្នុងមួយថ្ងៃ និងកាត់បន្ថយការទទួលទានសាច់។ ដើម្បីអាកាសធាតុ និងសម្រេចកម្មវត្ថុទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី គេក៏ត្រូវកាត់បន្ថយការទទួលទានសាច់សត្វដែរ។ បើតាមការសិក្សារបស់បារាំង ចេញផ្សាយនៅថ្ងៃអង្គារទី២០កុម្ភៈ២០២៤នេះ បញ្ចុះការទទួលទានសាច់ឱ្យបាន៥០%នឹងជួយប្រទេសបារាំងឱ្យសម្រេចកម្មវត្ថុអាកាសធាតុបាន។
បណ្តាញសមាគមសកម្មដើម្បីអាកាសធាតុ ប្រមូលផ្តុំដោយសមាគមជាង៣០ និងសមាគមអាហារូបត្ថម្ភបារាំង ដែលប្រជុំទៅដោយបញ្ញាវន្ត អ្នកចេះដឹងខ្ពស់ៗ អ្នកជំនាញក្នុងវិស័យសាធារណៈនិងឯកជន បានដឹកនាំសិក្សាអំពីរបបអាហារ មិនប៉ះពាល់ដល់បរិស្ថាន។
លទ្ធផលបានបង្ហាញឱ្យឃើញថា គេអាចកាត់បន្ថយការទទួលទានសាច់សត្វ ៥០% ដោយបំពេញបានទាំងស្រុងនឹងសេចក្តីត្រូវការរបស់សរីរាង្គកាយផ្នែកអាហារូបត្ថម្ភ និងដោយគ្មានត្រូវការប្រើផលិតផលប៉ូវ ឬអ្វីបន្ថែមទេ។ បញ្ចុះការទទួលទានបរិមាណសាច់ពាក់កណ្តាល នេះ អាចនឹងជួយកាត់បន្ថយបរិមាណនៃការបញ្ចេញឧស្ម័នកាបូនរបស់ចំណីអាហារបានដល់២០ទៅ៥០% ទៅតាមប្រភេទនៃការផ្លាស់ប្តូររបបអាហារទៀត។ ពោលគឺតាមរយៈការ ការទទួលទានសាច់តិចជាងមុនពាក់កណ្តាល បារាំងនឹងអាចសម្រេចកម្មវត្ថុអាកាសធាតុដែលចង់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បញ្ចេញដោយវិស័យកសិកម្ម ឱ្យបាន៤៦%នៅឆ្នាំ២០៥០។ នេះបើតាមការលម្អិតរបស់ក្រុមអ្នកស្រាវជ្រាវដដែល។
របាយការណ៍សិក្សាបានរំលឹកថា បច្ចុប្បន្ននេះ ចំណីអាហារជាប្រភពបន្សល់ទុកនូវស្នាមកាបូនប្រមាណ២២% និង៦០%នៃឧស្ម័នកាបូនិកបំពុលបរិយាកាសនៅប្រទេសបារាំង បញ្ចេញដោយផលិតកម្មកសិកម្ម និងផលិតកម្មអាហារសម្រាប់បំពេញក្រពះរាល់ថ្ងៃ។ ការចិញ្ចឹមសត្វជាដើមហេតុនៃការបញ្ចេញឧស្ម័នបំពុលបរិយាកាសយ៉ាងខ្លាំងមួយនៃវិស័យកសិកម្ម។ នៅក្នុងអំឡុងពេលពីរទសវត្សរ៍ គឺពីឆ្នាំ១៩៩០ដល់ឆ្នាំ២០១២ ការបរិភោគសាច់សត្វនៅបារាំងបានថយចុះច្រើន តែចាប់ស្ទុះឡើងបន្តិចវិញតាំងពីជាង១០ឆ្នាំចុងក្រោយមកនេះ។ សព្វថ្ងៃ ប្រជាពលរដ្ឋបារាំងបរិភោគសាច់ច្រើនជាងមធ្យមភាគពិភពលោកដល់ទៅពីរដង។
ហេតុដូច្នេះហើយបានជាបណ្តាញសមាគមដើម្បីអាកាសធាតុនិងសមាគមអាហារូបត្ថម្ភបារាំង បានទទូចឱ្យរដ្ឋាភិបាលយល់អំពីភាពចាំបាច់ត្រូវបញ្ចូលបញ្ហាបរិស្ថានទៅក្នុងកម្មវិធីជាតិ នៅពេលចេញអនុសាសន៍ទាក់ទងនឹងរបបអាហារដើម្បីសុខភាព។ ក្នុងន័យនេះ ការសិក្សារបស់ក្រុមបញ្ញាវន្តបារាំង បានណែនាំឱ្យមនុស្សម្នាក់ៗ កុំទទួលទានសាច់ (សាច់ស្រស់ សាច់ប្រលាក់ សាច់កែច្នៃ សាច់ជ្រូកគោមាន់ទា) ហួសពី ៤៥០ក្រាម (បួនខាំកន្លះ) ក្នុងសប្តាហ៍។ បើតាមការសិក្សាដដែល របបអាហារដ៏ប្រពៃបំផុត គឺបង្កើនការទទួលទានបន្លែនិងផ្លែឈើ ពពួកបន្លែស្ងួតដូចជាសណ្តែកបាយ សណ្តែកសៀង... ពពួកផ្លែឈើមានសំបករឹង និងអាហារជាគ្រាប់ធញ្ញជាតិសម្រូប ហើយត្រូវបរិភោគស៊ុតនិងផលិតផលធ្វើពីទឹកដោះគោក្នុងបរិមាណតិចល្មម និងកាត់បន្ថយឱ្យបានច្រើនមែនទែន ការទទួលទានអាហារមាន ខ្លាញ់ជ្រុល ផ្អែម និងប្រៃខ្លាំង៕
Tag:
ការសិក្សា៖ បារាំងអាចសម្រេចកម្មវត្ថុអាកាសធាតុ ដោយបន្ថយការបរិភោគសាច់៥០% Pixabay
© រក្សាសិទ្ធិដោយ thmeythmey.com