អន្តរជាតិ
លោក Trump ឈ្នះការបោះឆ្នោត​បឋម​នៅរដ្ឋ South Carolina ហើយលោកស្រី Haley ឆ្ពោះទៅរដ្ឋ Michigan
25, Feb 2024 , 9:29 pm        
រូបភាព
បេក្ខជន​ប្រធានាធិបតី​ខាងគណបក្សសាធារណរដ្ឋនិង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែងនៅក្រុង Columbia រដ្ឋ South Carolina នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបថត AP)
បេក្ខជន​ប្រធានាធិបតី​ខាងគណបក្សសាធារណរដ្ឋនិង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថ្លែងនៅក្រុង Columbia រដ្ឋ South Carolina នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបថត AP)
ដោយ: VOA
លោក Donald Trump ឈ្នះការបោះឆ្នោត​បឋម​ខាងគណបក្ស​សាធារណរដ្ឋ​នៅ​ក្នុងរដ្ឋ South Carolina កាលពីថ្ងៃទី២៥ កុម្ភៈ ដោយយកឈ្នះលើ​អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley នៅក្នុង​រដ្ឋ​កំណើត​របស់លោកស្រី។ ជ័យជម្នះនេះ ​ជួយត្រួសត្រាយ​ផ្លូវ​របស់​លោក​ទៅរក​ការ​តែងតាំង​ជាបេក្ខជន​ប្រធានាធិបតី​ ខាងគណបក្ស​សាធារណរដ្ឋ​ជាលើកទី៣ជាប់ៗគ្នា។


លោក Trump ឥឡូវនេះ​បាន​ឈ្នះ​គ្រប់ការប្រកួត​ដែល​រាប់​សម្រាប់​ប្រតិភូ​គណបក្ស​សាធារណរដ្ឋ ដោយឈ្នះនៅរដ្ឋ Iowa រដ្ឋ New Hampshire រដ្ឋ Nevada និង​ដែន​កោះ U.S. Virgin Islands។ ជ័យជម្នះចុងក្រោយ​របស់​លោកអតីត​ប្រធានាធិបតី ទំនង​នឹង​បង្កើន​សម្ពាធ​លើលោកស្រី Haley ដែល​ធ្លាប់ជាអ្នកតំណាង​អង្គការ​សហប្រជាជាតិ​ឱ្យ​លោក Trump និងធា្លប់ជាអភិបាល​រដ្ឋ South Carolina ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ឱ្យ​ចាកចេញពីការប្រកួត។
 
លោកស្រី Haley ប្តេជ្ញា​បន្ត​ការប្រកួត​ដល់​យ៉ាងហោចណាស់​ ការបោះឆ្នោត​បឋម​នៅថ្ងៃទី៥ មីនា ដែលគេហៅថា​ការបោះឆ្នោត Super Tuesday ប៉ុន្តែលោកស្រី​មិនអាច​យកឈ្នះលោក Trump នៅក្នុងរដ្ឋកំណើត​របស់លោកស្រី បើទោះបីជា​លោកស្រី​បានធ្វើយុទ្ធនាការ​ច្រើនជាងលោក Trump ឆ្ងាយ ហើយ​លោកស្រី​ប្រកែក​ថា​រឿងក្តី​ប្រឆាំងលោក Trump អាចនឹងធ្វើឱ្យលោក​ពិបាក​យកឈ្នះលោក​ប្រធានាធិបតី​ Biden នៅក្នុងការបោះឆ្នោតនៅរដូវ​ស្លឹកឈើ​ជ្រុះខាងមុខ​ក៏ដោយ។
 
ការបោះឆ្នោតដំបូង​គេ​នៅរដ្ឋភាគខាងត្បូង​របស់​រដ្ឋ South Carolina ជាប្រវត្តិសាស្ត្រ​តែងតែ​តំណាង​ឱ្យ​គណបក្សសាធារណរដ្ឋ។ នៅក្នុងការបោះឆ្នោតបឋមទាំង​អស់​តាំងពីឆ្នាំ១៩៨០​មក បេក្ខជន​ខាងគណបក្សសាធារណរដ្ឋ​ដែល​ឈ្នះក្នុង​រដ្ឋ South Carolina តែង​បន្តឈ្នះការតែងតាំង​ជាបេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​សាធារណរដ្ឋ លើកលែងតែ​ក្នុងករណី​លោក Newt Gingrich ក្នុងឆ្នាំ២០១២ តែមួយ​គត់។
 
លោកស្រី Haley បានថ្លែង​នៅប៉ុន្មានថ្ងៃចុងក្រោយនេះថា លោកស្រី​នឹង​ឆ្ពោះទៅ​រដ្ឋ Michigan សម្រាប់ការបោះឆ្នោតបឋម​ចុងក្រោយ មុននឹង​ដល់​ការប្រកួត​ធំ Super Tuesday។
 
លោក Trump និងលោក Biden ហាក់ដូចជាបង្ហាញ​ថា ពួកគេ​រំពឹង​នឹង​ជួបគ្នា​ក្នុងការ​ប្រកួតតំណែង​ប្រធានាធិបតី​ នៅខែវិច្ឆិកា​ខាងមុខរួចទៅហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com