ជាតិ
សិប្បករអង្គរបើកទ្វារឡើងវិញ ក្រោយផ្អាកដំណើរការ៣ឆ្នាំ ដោយសារជំងឺកូវីដ១៩
26, Feb 2024 , 8:39 am        
រូបភាព
រោងតម្បាញសិប្បករអង្គរ។
រោងតម្បាញសិប្បករអង្គរ។
សៀមរាប៖ ជាទីតាំងដែលមានភាពល្បីល្បាញខ្លាំងទាក់ទងនឹងចម្លាក់ សូត្រ ហូល ផាមួងជាដើម ក្រុមហ៊ុនសិប្បករអង្គរ ឬអ្នកខ្លះនិយមហៅអាទីសង់អង្គរ ដែលមានទីតាំងនៅកណ្ដាលក្រុងសៀមរាប បានបើកដំណើរការឡើងវិញ និងបានប្រមូលសិប្បករចាស់ៗដែលមានជំនាញ ឱ្យមកធ្វើការឡើងវិញ។
 
អគ្គនាយកអាទីសង់អង្គរ លោក កាយ ឡូត បានឱ្យដឹងថា អាទីសង់អង្គរបានបើកដំណើរការឡើងវិញ ក្រោយ​បិទទ្វារអស់ពេលប្រមាណ៣ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ត្រឡប់មកវិញជាមួយនឹងការរៀបចំថ្មី និងធំទូលាយ ងាយស្រួលទេសចរចូលទស្សនានៅរោងសិប្បកម្ម ក៏ដូចជាគាំទ្រផលិតផល​ចម្លាក់ និងសិប្បកម្មខ្មែរដ៏សម្បូរបែប។ អាទីសង់អង្គរ បានបើកទ្វារឡើងវិញនៅខែតុលា ឆ្នាំ២០២៣មក។ នេះជាការលើកឡើងរបស់លោក កាយ ឡូត។  
 


មកដល់បច្ចុប្បន្ននេះ អាទីសង់អង្គរ បានប្រមែប្រមូលសិប្បករចាស់ៗ ដែលមានជំនាញឱ្យត្រឡប់មកធ្វើការឡើងវិញ​ ក្រោយពួកគេមួយចំនួនធំ​បានចាកចោលអាជីពនៅរោងសិប្បករអង្គរ និងទៅធ្វើការងារថ្មីៗកំឡុងពេលកូវីដ-១៩។ មកដល់ពេលនេះ មានសិប្បករ២៥០នាក់ហើយ បានវិលមកវិញ។ 
 


លោក កាយ ឡូត បានប្រាប់ពេលហេតុផលចម្បងនៃការបើកទ្វារឡើងវិញរបស់​អាទីសង់អង្គរយ៉ាងដូច្នេះថា៖« អាទីសង់អង្គរ ក៏ដូចអាជីវកម្មផ្សេងដែរ ប៉ះពាល់ដោយសារកូវីដ។ តែសព្វថ្ងៃ ដោយសារចរន្តទេសចរត្រឡប់មកកកម្សាន្តសៀមរាបច្រើនឡើងវិញ ទើបយើងមានលទ្ធភាពគ្រប់គ្រាន់ យើងរៀបចំបើកអាជីវកម្មឡើងវិញ។ សព្វថ្ងៃ សន្ទុះនៃការទស្សនារបស់ភ្ញៀវទេសចរត្រឡប់មកវិញ មានកំណើនគួរឱ្យយើងសង្ឃឹម ទោះមិនទាន់ដល់កម្រិតមុនកូវីដ ក៏ប៉ុន្តែយើងសង្ឃឹមថា កំណើននោះវាអាចឈានដល់កម្រិតមួយខ្ពស់នាពេលឆាប់ៗ»។
 
ក្រៅពីបើកទីតាំងធំនៅក្នុងក្រុងសៀមរាប ក្នុងនោះសិប្បករអង្គរ ក៏គ្រោងបើកទីតាំងមជ្ឈមណ្ឌលសូត្រ​នៅស្រុកពួក នៅពាក់កណ្ដាលឆ្នាំនេះផងដែរ។ នេះជាការបញ្ជាក់របស់លោក កាយ ឡូត។



នៅក្នុងពិធីបើកសម្ពោធហាងលក់វត្ថុអនុស្សាវរីយ៍ថ្មីដែលបានរៀបចំកែលម្អឡើងវិញ នាថ្ងៃទី២៤ កុម្ភៈ អ្នកស្រី លឹម ម៉ានីល បានឱ្យដឹងថា ក្នុងមួយថ្ងៃរោងសិប្បករអង្គរអាចទទួលបានភ្ញៀវមកទស្សនា ពី៣០០ ទៅ១,០០០នាក់ ដែលជាចំនួនមួយដ៏ល្អ។ ទេសចរច្រើនជាជនជាតិអឺរ៉ុប ហើយពួកគេចូលចិត្តការទស្សនានោរោងសិប្បកម្មដូចជា ចម្លាក់ថ្មី ចម្លាក់ឈើ សូត្រ តម្បាញជាដើម។ 
 
សិប្បករចម្លាក់ឈើ លោក សូ មករា ដែលបម្រើការងារនៅអាទីសង់អង្គរជាង២០ឆ្នាំ រីករាយជាខ្លាំង នៅពេលកន្លែងដែលបានត្រឡប់មកធ្វើការវិញ។ កំឡុងពេលសម្រាក៣ឆ្នាំ លោក មករា ឆ្លៀតប្រកបរបរផ្សេងៗ ដូចជារត់រ៉ឺម៉កកង់បីជាដើមដើម្បីផ្គត់ផ្គង់គ្រួសារ។  
 
សម្រាប់លោក កាយ ឡូត ការបើកឡើងវិញរបស់អាទីសង់អង្គរ​ជាផ្នែកមួយជួយសិល្បៈ វប្បធម៌ខ្មែរ ក្រៅពីដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ជួយស្ដារវិស័យទេសចរណ៍នៅខេត្តសៀមរាប។​ ជាមួយគ្នានេះ លោកស្នើឱ្យសាធារណជនដែលមានចង់ស្វែងយល់ពីសិល្បៈ វប្បធម៌ និងចម្លាក់ក្បូរក្បាច់ចម្រុះបែប អាចទៅទស្សនានៅអាទីសង់អង្គរបាន ដែលមានមគ្គុទ្ទេសក៍ណែនាំ និងពន្យល់នៅតាមរោងសិប្បកម្ម​នីមួយៗផងដែរ។
 

លោក កាយ ឡូត អគ្គនាយកសិប្បករអង្គរ

សូមបញ្ជាក់ថា សិប្បករអង្គរ ត្រូវបានបង្កើតឡើងប្រមាណ២៥ឆ្នាំមកហើយ ដែលជាក្រុមហ៊ុនមានលក្ខណៈសង្គម ដែលវិវឌ្ឍន៍ចេញពីគម្រោងអប់រំមួយឈ្មោះថា ការដ្ឋានសាលា​បណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុវត្តន៍ដោយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋាភិបាល​នៃសាធារណរដ្ឋបារាំង និងកម្មវិធីរបស់សហគមន៍អឺរ៉ុប ដែលផ្តោតលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតការងារ និងផ្ដល់ការងារដល់សិប្បករដែលបានទទួលការបណ្ដុះបណ្ដាល និងហ្វឹកហាត់រួច៕


 អ្នកស្រី លឹម ម៉ានីល ប្រធានគ្រប់គ្រងហាងលក់របស់សិប្បករអង្គរ
 
 
 
 

Tag:
 អាទីសង់អង្គរ
  សិប្បករអង្គរ
  Artisans Angkor
© រក្សាសិទ្ធិដោយ thmeythmey.com