វីឡានៅចង្កេះភ្នំក្នុងទីក្រុង Shenyang ភាគខាងជើងប្រទេសចិន ដែលធ្លាប់រំពឹងថាលក់បានក្នុងតម្លៃរាប់លានដុល្លារក្នុងមួយខ្នង ពេលនេះ បានក្លាយជាក្រោលគោ ពពែ របស់កសិករក្នុងតំបន់។
ស្ថិតនៅតំបន់ភ្នំក្នុងទីក្រុង Shenyang ខេត្ត Liaoning មានចម្ងាយប្រមាណ ៦៤០គីឡូម៉ែត្រនៃភាគឦសានរដ្ឋធានីប៉េកាំង Guest Mansions ជាគម្រោងផ្ទះវីឡាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Greenland Group មានមូលដ្ឋាននៅសៀងហៃ។ គម្រោងនេះចាប់ផ្តើមសាងសង់នៅឆ្នាំ២០១០ ដែលមានទាំងទីលានវាយកូនហ្គោល និងសណ្ឋាគារលំដាប់ខ្ពស់។
យ៉ាងណាមិញ គម្រោងនេះត្រូវបញ្ចប់វិញក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ នៅពេល Greenland Group ទើបតែលក់បានត្រឹម ៥ភាគរយ។ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP វាមិនមានហេតុផលច្បាស់លាស់នោះទេ ជុំវិញការបិទគម្រោងនេះ។ ប៉ុន្តែអ្នកស្រុកនិយាយថា ដោយសារប្រភពផ្តល់ហិរញ្ញវត្ថុត្រូវបានកាត់បន្ថយ ហើយរដ្ឋាភិបាលបានរឹតបន្តឹងគម្រោងអភិវឌ្ឍន៍ធំៗ។ បច្ចុប្បន្ន អ្នកស្រុកបានចិញ្ចឹមគោ ពពែ ព្រមទាំងបានដាំដំណាំនៅចន្លោះវីឡាទុកចោលទាំងនេះ។ ទន្ទឹមនោះ ចំណតរថយន្តបានក្លាយជាកន្លែងស្តុកស្មៅ និងចំបើង។
វីឡា Guest Mansions នៅចិនមិនទាន់បញ្ចប់គម្រោង។ រូបភាព ៖ AFP
Guest Mansions គ្រាន់តែជាគម្រោងមួយក្នុងចំណោមការអភិវឌ្ឍន៍ជាច្រើនដែលបានបោះបង់ចោលនៅពេសពេញប្រទេសចិន។ មិនឆ្ងាយប៉ុន្មានពីទៅនោះ មានអគារកម្ពស់១៥ជាន់ដែលត្រូវបានទុកចោលដូចគ្នា ដោយអគារនោស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន China Evergrande Group ដែលជំពាក់បំណុលគេវ័ណ្ឌក។ ក្រុមហ៊ុន Evergrande ត្រូវបានតុលាការហុងកុងសម្រេចរំលាយ ដើម្បីដោះបំណុល ៣០០ពាន់លានដុល្លារ។ បើតាម Wall Street Journal ផ្ទះចំនួន ៨០០ពាន់ខ្នងក្នុងចំណោម ១,២លានខ្នងរបស់ Evergrande ដែលបានលក់កាលពីមុន មិនទាន់មានដំណោះស្រាយនៅឡើយ។
អស់ជាច្រើនទស្សវត្សរ៍មកហើយ វិស័យអចលនទ្រព្យគឺជាសសរស្តម្ភយ៉ាងសំខាន់នៃសេដ្ឋកិច្ចចិន។ ប៉ុន្តែកត្តាកំណើនប្រជាជនវ័យចំណាស់ ការចំណាយតិច និងការរាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យនេះធ្លាក់ចុះយ៉ាងខ្លាំង។ ក្រោយមក រដ្ឋាភិបាលចិនបានចេញនូវគោលនយោបាយបន្ទាត់ក្រហមបី ដោយកម្រិតការការខ្ចីប្រាក់ដ៏ច្រើនហួសហេតុពីសំណាក់អ្នកអភិវឌ្ឍន៍លំនៅឋាន។
មិនត្រឹមតែ Evergrande មានក្រុមហ៊ុនជាច្រើនទៀតក្នុងវិស័យនេះដែលជំពាក់បំណុលគេ និងព្យាយាមងើបឡើងវិញយ៉ាងត្រដាបត្រដួសនៅពេលគម្រោងមិនទាន់បញ្ចប់។ Greenland Group អ្នកអភិវឌ្ឍន៍វីឡា Guest Mansions ដែលបានក្លាយជាក្រោលគោនោះ បានជាប់មូលប័ណ្ណបំណុលអន្តរជាតិប្រមាណ ៤០០លានដុល្លារ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យប្រមាណ ៥០បានក្ស័យទុននៅចិនក្នុងរយៈពេលចុងក្រោយនេះ ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ មានផ្ទះចំនួន ២០លានខ្នងបានលក់ទៅអថិតិជនទាំងមិនទាន់បញ្ចប់គម្រោង។ ការណ៍នេះបានធ្វើឱ្យបាត់បង់ទំនុកនៅក្នុងទីផ្សារ ដែលប៉ះពាល់ដល់តម្រូវការ និងការផ្គត់ផ្គង់ដោយបង្កើនហានិភ័យដល់សេដ្ឋកិច្ច។
បើតាមរបាយការណ៍ Bloomberg ភាគច្រើនប្រជាជនចិនបានក្លាយជាអ្នកមានដោយពឹងផ្អែកលើផ្ទះ និងដី។ ៧០ភាគរយនៃទ្រព្យសម្បត្តិរបស់គ្រួសារនៅចិន គឺជាអចលនទ្រព្យ។ ការថយចុះ ៥ភាគរយនៃតម្លៃផ្ទះនៅចិន នឹងបំផ្លាញទ្រព្យសម្បត្តិប្រមាណ ២៧០០ពាន់លានដុល្លារ៕