កីឡាអន្តរជាតិ
អន្តរជាតិ
Modric ស៊ុតគ្រាប់ជ័យជម្នះជួយ Real បន្តនាំមុខដាច់កំពូលតារាង La Liga
26, Feb 2024 , 2:29 pm        
រូបភាព
ខ្សែបម្រើ Luka Modric ស៊ុតគ្រាប់បាល់ជ័យជម្នះជួយក្រុម Real Madrid បន្ទាប់ពីប្តូរចូលលេងបាន ៦នាទី ដើម្បីជួយក្រុមដណ្តើមយក ៣ពិន្ទុ ពីក្រុម Sevilla និងបន្តនាំមុខដាច់កំពូលតារាងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។


១គ្រាប់នាទី៨១ ក្រោយប្តូរចូលរបស់ Modric នាទី៧៥ ធ្វើឱ្យ Real Madrid មាន ៦៥ពិន្ទុ ហើយគម្លាតដាច់ពីក្រុម Barcelona ស្ថិតនៅលេខ ២ ចំនួន ៨ពិន្ទុ និង ៩ពិន្ទុពីក្រុមកំពុងឡើងជើង Girona ដែលនៅលេខ ៣។
 
ជាការប្រកួតដ៏ទាក់ទាញមួយ ក្រុមអធិរាជសក្នុងវគ្គទីមួយ ហាក់បីបានដាក់សម្ពាធខ្លាំងទៅលើក្រុមភ្ញៀវ Sevilla ហើយនៅត្រឹម ១០នាទីដំបូងនៃការប្រកួត ខ្សែបម្រើ Lucas Vazquez ស៊ុតបានគ្រាប់នាំមុខ ប៉ុន្តែគ្រាប់បាល់ត្រូវបានបដិសេធដោយប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR)។ ​
 
Sevilla ក៏បានបង្ហាញទម្រង់លេងបានល្អ ទាំងការវាយបកសម្រុក និងការពារ ប៉ុន្តែទោះជាយ៉ាងណា ការផ្លាស់ប្តូរចូលរបស់កីឡាករវ័យ ៣៨ឆ្នាំ Modric បានកែប្រែស្ថានការ ការប្រកួតទាំងស្រុង។
 
Real មានស្ថិតិគ្រប់គ្រងការប្រកួត ៦៥ភាគរយ នឹងមានឱកាសស៊ុត ១៦លើក ប៉ុន្តែគ្រាប់បាល់ចំគោលដៅជាច្រើន ត្រូវបានសង្គ្រោះបានដោយអ្នកចាំទី Nyland របស់ក្រុម Sevilla។ អ្នកចាំទី Nyland បានសង្គ្រោះបាល់ចំគោលដៅ ៦លើក មុនពេលដែល Modric ស៊ុតគ្រាប់ជ័យជម្នះ។
 
«វាបានទាមទារឱ្យខ្ញុំហ្វឹកហាត់រៀងរាល់ថ្ងៃ អ្នកបានឃើញខ្ញុំបានហ្វឹកហាត់ការស៊ុតនេះជារឿងរាល់ពេល និងរាល់ថ្ងៃ។ នៅក្នុងបាល់ទាត់អ្នកត្រូវតែស៊ុត ហើយថ្ងៃនេះខ្ញុំបានធ្វើវា ហើយវាបានចូលទីដូចអ្វីដែលយើងបានហ្វឹកហាត់។ ការតស៊ូគឺជាកម្លាំងមួយរបស់យើង យើងមិនដែលឈប់ឡើយ យើងទទូចយើងបង្កើត ហើយស្វែងរកវារហូតដល់ទីបញ្ចប់។[…]»។ Modric បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
ជាលទ្ធផលនៃការប្រកួត Sevilla ម្ចាស់ជើងឯក Europa League បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ​ ១៥ ដោយរកបានត្រឹមតែ ២៤ពិន្ទុ ប៉ុណ្ណោះ ហើយមានគម្លាតត្រឹមចំនួន ៦ពិន្ទុ ពីតំបន់ដែលត្រូវកាត់ចោល៕

Tag:
 Luka Modric
  La Liga
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com