កីឡាអន្តរជាតិ
អន្តរជាតិ
​Ronaldo ប្រឈមការរិះគន់ខ្លាំង ជុំវិញកាយវិការអាសអាភាសអំឡុងពេលប្រកួត
26, Feb 2024 , 3:59 pm        
រូបភាព
Cristiano Ronaldo ប្រឈមមុខនឹងការរិះគន់ខ្លាំងពីសំណាក់ប្រជាជនអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបង្ហាញកាយវិការអាសអាភាស ក្រោយពេលដែលក្រុម Al Nassr យកឈ្នះ Al Shabab លទ្ធផល ៣-២ នៃជំនួបក្របខណ្ឌ Saudi Pro League។


Ronaldo រួមចំណែកស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជាគ្រាប់បើកឆាកនាំមុខ ១គ្រាប់សម្រាប់ Al Nassr នៅនាទី២១ មុនពេលដែលមិត្តរួមក្រុម Anderson Talisca ស៊ុត ២គ្រាប់បន្តបន្ទាប់ នៅនាទី៤៦ និងនាទី៨៦។ ២គ្រាប់របស់ Al Shabab ធ្វើបានដោយកីឡាករ Yannick Carrasco នាទី៤៥+៨ និងកីឡាករ Carlos Carvalho នាទី៦៧។
 
បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗ វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បង្ហាញកាយវិការរបស់តារាបាល់ទាត់ព័រទុយហ្កាល លើកដៃដាក់លើត្រចៀកជាការឌឺដង មុនពេលធ្វើកាយវិការដៃរុញចុះឡើងត្រង់តំបន់​ប្រដាប់ភេទ ក្រោយពេលអ្នកគាំទ្រ Al Shabab បានស្រែកពាក្យចំអន់ខ្លួន ដោយប្រើពាក្យថា «Messi, Messi, Messi»។ 
 
ហេតុការណ៍នោះមិនត្រូវបានកាមេរ៉ាទូរទស្សន៍ថតជាប់ឡើយ ប៉ុន្តែអ្នកវិភាគរបស់អារ៉ាប៊ីសាអូឌីតមួយចំនួន បានចោទប្រកាន់ Ronaldo ថាធ្វើមិនសមរម្យ និងគួរតែត្រូវបានដាក់ទណ្ឌកម្ម។ ក្លិប Al Nassr មិនទាន់មានការឆ្លើយតប ប៉ុន្តែតាមការចុះផ្សាយរបស់កាសែត Asharq Al-Awsat សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត បានបើកការ​ស៊ើប​អង្កេត​លើបញ្ហានេះ។
 
ប្រធានក្រុមវ័យ ៣៩ឆ្នាំ កាលឆ្នាំ ២០២៣ ក៏ធ្លាប់បានជួបនឹងបញ្ហាការរិះគន់នេះម្តងរួចមកហើយដែរ អំឡុងពេល Al Nassr ប្រកួតចាញ់ Al Hilal ២-០។ កាលនោះ Ronaldo បានបង្ហាញកាយវិការដូចជាការចាប់ប្រដាប់ភេទរបស់គេ ពេលកំពុងដើរទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
 
អំឡុងការប្រកួត Riyahd Season Cup ក្លិប Al Nassr ចាញ់លទ្ធផល ២-០ ដដែល ពេល Ronaldo អង្គុយនៅកៅអីបម្រុងត្រូវបានអ្នកគាំទ្រយកក្រម៉ាក្លិប Al Hilal បោះទៅចំរូបគេ ហើយគេយកក្រម៉ានោះដាក់ក្នុងខោខ្លី មុនពេលបោះទៅច្រកចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់៕

Tag:
 Cristiano Ronaldo
  Al Nassr
  Al Shabab
© រក្សាសិទ្ធិដោយ thmeythmey.com