RFI
អន្តរជាតិ
ខួប​​បដិវត្តន៍​​ប្រឆាំង​អំណាច​ផ្តាច់​ការ ហ្វីលីពីន​ផ្ទុះ​បាតុកម្មប្រឆាំង​គម្រោងកែរដ្ឋធម្មនុញ្ញ
26, Feb 2024 , 7:39 pm        
រូបភាព
នៅហ្វីលីពីន ប្រជាពលរដ្ឋច្រើនកុះករមកប្រមូលផ្តុំគ្នា ដើម្បីអបអររំឭកខួបបដិវត្តន៍ ថ្ងៃទី២៥កុម្ភៈឆ្នាំ១៩៨៦។ AFP - JAM STA ROSA
នៅហ្វីលីពីន ប្រជាពលរដ្ឋច្រើនកុះករមកប្រមូលផ្តុំគ្នា ដើម្បីអបអររំឭកខួបបដិវត្តន៍ ថ្ងៃទី២៥កុម្ភៈឆ្នាំ១៩៨៦។ AFP - JAM STA ROSA
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
 
មហាវិថីធំៗ ក្នុង​​រដ្ឋធានីម៉ានីស​ ពោរពេញ​ដោយ​មនុស្ស​។ ប្រជា​ពល​រដ្ឋច្រើន​កុះករ​មកប្រមូលផ្តុំគ្នា ដើម្បី​​អបអរ​រំឭកខួប​បដិវត្តន៍ ថ្ងៃទី​២៥កុម្ភៈឆ្នាំ១៩៨៦ ដែល​ជាថ្ងៃ​បង្ហាញពី​«អំណាច​ប្រជាជន»​ នៅថ្ងៃ​២៥កុម្ភៈ២០២៤ ។ ការប្រមូល​ផ្តុំគ្នាធ្វើបាតុកម្ម​ចំថ្ងៃនេះ ក៏​ដើម្បីប្រឆាំង​នឹង«​អំណាច​ផ្តាច់​ការថ្មី​»ដែរ​​​។ «​អំណាច​ផ្តាច់​ការថ្មី​» សំដៅ​ដល់​ការ​ដឹកនាំរបស់​ប្រធានា​ធិបតី​ហ្វីលីពីនបច្ចុប្បន្ន​ ដែល​សើរើច្បាប់​រដ្ឋធម្មនុញ្ញ។ គម្រោង​វិសោធនកម្ម​ច្បាប់កំពូលនេះ​ ត្រូវ​ប្រជា​ពលរដ្ឋហ្វីលីពីន​ រិះគន់ថា លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉ ចង់​បន្ថែម​អាណត្តិដឹកនាំប្រទេស​​។​ សូមជ្រាបថា នៅហ្វីលីពីន ប្រធានាធិបតីមាន​អាណត្តិដឹកនាំត្រឹម​តែ ​៦ ឆ្នាំតែប៉ុណ្ណោះ។​
 
អ្នកតំណាងរាស្ត្រ​ប្រឆាំង លោកស្រី​ France L. Castro ​ប្រាប់វិទ្យុ​RFI ថា «ព្រឹត្តិការណ៍​ថ្ងៃ២៥កុម្ភៈឆ្នាំ១៩៨៦  ជានិមិត្តរូប​នៃការបញ្ចប់​របបផ្តាច់​ការ​ លុបបំបាត់​អំពើ​ពុករលួយ​ ហើយ​និង​បញ្ចប់​ការ​រំលោភបំពាន​ទៅលើ​សិទ្ធិមនុស្ស​ នៅសម័យ​នោះ។»
 
ក្នុង​ទសវត្សរ៍​១៩៨០ ​ប្រទេសហ្វីលីពីនឋិត​ក្រោម​អំណាច​ដឹកនាំ​ផ្តាច់ការ ជាង​២០ឆ្នាំ​ របស់ ហ្វ៊ែរឌីណង់ ម៉ាកូស។  ឆ្នាំ១៩៨៦ ស្ថានការណ៍ហ្វីលីពីន​ប្រែប្រួល ដ្បិត​​មាន​ចលនាកំហឹងពលរដ្ឋ ឈប់​ស្តាប់បង្កាប់រដ្ឋអំណាច ហើយប្រជាជនបះបោល ​ចុះផ្លូវ​តវ៉ា​។  ប្រឈម​​មុខ​នឹងការ​ងើប​បះបោលរបស់កម្លាំងមហាជន​កាន់តែខ្លាំងឡើងៗ ទីបំផុត​ទៅ​ រដ្ឋបាល​សហរដ្ឋអាមេរិកជាន់​នោះ ​​ប្រកាស​ឈប់​គាំទ្រ​រដ្ឋាភិបាល​ហ្វីលីពីន របស់​លោក ហ្វ៊ែរឌីណង់ ម៉ាកូស។ ប្រការនេះ​ជំរុញ​ឲ្យ​លោក ម៉ាកូស ទាល់ច្រក និងលែងហ៊ាន​ក្រាញ់​អំណាច។​ គ្រួសារ​របស់ ហ្វ៊ែរឌីណង់ ម៉ាកូស ​រត់ភៀសខ្លួន​ទៅ​សហរដ្ឋអាមេរិក ជ្រកកោននៅ​ហាវ៉ៃ​ ក្នុង​ថ្ងៃទី​២៥កុម្ភៈ១៩៨៦ ហើយ​លោក ម៉ាកូស ទទួល​អនិច្ចកម្ម​ នៅពីរឆ្នាំក្រោយមក​។
 
ហេតុដូចនេះហើយ ទើប​ ហ្វីលីពីនរៀបចំកំណត់​យកថ្ងៃ២៥កុម្ភៈ ជាថ្ងៃខួប​រំឭក​ព្រឹត្តិការណ៍​បណ្តេញ​មេដឹកនាំផ្តាច់​ចេញពីអំណាច។ តាមទម្លាប់​ជាប្រពៃណី​ ជាង៣ទសវត្សរ៍​មក  ​ថ្ងៃ​២៥កុម្ភៈ ជាទិវាបុណ្យ​ជាតិ និងជាថ្ងៃ​ឈប់សម្រាក​ទូទាំងប្រទេស។
 
វិទ្យុ​បារាំង​RFI បាន​បញ្ជូន​អ្ន​កកាសែត​ Nicolas Rocca ឲ្យ​ទៅធ្វើ​សេចក្តីរាយការណ៍​ផ្ទាល់ ពីរដ្ឋធានី​ម៉ានីល។ បាតុករម្នាក់​ លោក ហ្សាន់ ជាមន្ត្រីរាជការ​ ដែល​​​ធ្លាប់​រស់​ឆ្លង​កាត់​អំណាច​ផ្តាច់​ការ​គ្រួសារ ម៉ាកូស បាន​ប្រាប់​ RFI ថា «ព្រឹត្តិការណ៍​បណ្តេញ​មេផ្តាច់​ការ​ជាន់​នោះ គឺ​ព្រឹត្តិការណ៍​ធំសម្បើមណាស់ ធំជាង​ឆ្នាំនេះ។ ប៉ុន្តែ ស្មារតី​ប្រឆាំង​របបផ្តាច់​ការ នៅតែមាន​ក្នុង​ចិត្ត​ពលរដ្ឋហ្វីលីពីន​ដដែល។ យើង​អាច​រំលំ​មេផ្តាច់ការ​ម្តងហើយ ពេលនេះ យើង​នឹង​អាច​រំលំ​ជាថ្មី​ម្តងទៀត។​»
 
បាតុករ​វ័យ​ជាង​៦០ឆ្នាំ រូបនេះ ពន្យល់​បន្ថែមថា ​ប្រធានាធិបតី​ហ្វីលីពីន​សព្វថ្ងៃ ជាកូន ហ្វ៊ែរឌីណង់ ម៉ាកូស គឺ​ចង់សើរើទម្លាប់ជាប្រពៃណី​​ជាង ​៣០ ឆ្នាំមកនេះ និង​ចង់​​លុប​បំបាត់​ថ្ងៃឈប់​សម្រាក​នេះ​ចោល​​ថែម​ទៀត​។ មិនតែប៉ុណ្ណោះ «រដ្ឋាភិបាល​របស់​​លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បីឲ្យ​ខ្លួន​អាច​នៅ​ក្តាប់​អំណាច​រដ្ឋ​កាន់តែយូរ ហើយ​និង ចង់កែប្រែ​ច្បាប់សេដ្ឋកិច្ច​​ ឲ្យ​ពួក​បរទេស​មក​ត្រួតត្រាសេដ្ឋកិច្ច​​យើងទៀត»៕

© រក្សាសិទ្ធិដោយ thmeythmey.com