សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃរំពឹងទាញភ្ញៀវទេសចរចិន និងឥណ្ឌា១០លាននាក់ក្នុងឆ្នាំ២០២៤
26, Feb 2024 , 9:59 pm        
រូបភាព
ភ្ញៀវទេសចរឥណ្ឌាមកទស្សនាវត្តភូ នៅទីក្រុងបាងកក ។ រូបភាព ៖ TTG Asia
ភ្ញៀវទេសចរឥណ្ឌាមកទស្សនាវត្តភូ នៅទីក្រុងបាងកក ។ រូបភាព ៖ TTG Asia
ថៃបានបោះទុនយ៉ាងច្រើនលើការផ្សព្វផ្សាយ ការលើកលែងទិដ្ឋាការ និងការបង្កើនផលិតផលសម្រាប់ស្រ្តី និងកុមារ ដើម្បីទាក់ទាញភ្ញៀវទេសចរពីចិន និងឥណ្ឌា។ នៅឆ្នាំនេះ ថៃរំពឹងបានភ្ញៀវទេសចរពីចិន ៨លាននាក់ ខណៈឥណ្ឌា ២លាននាក់។
 
ថៃរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់ ៣៥លាននាក់នៅឆ្នាំនេះ។ ទេសចរចិន និងឥណ្ឌា ត្រូវបានមើលឃើញថា ជាទីផ្សារដ៏សំខាន់ដើម្បីបំពេញនូវគោលដៅនេះ។ ជិត២ខែដើមឆ្នាំនេះ ភ្ញៀវទេសចរចិនបានមកកម្សាន្តនៅថៃមានជាង ១លាននាក់។ 
 
«នេះជាលើកដំបូងក្រោយការរាលដាលជំងឺកូវីដ-១៩ យើងទទួលបានភ្ញៀវទេសចរចិនជាងមួយលាននាក់ក្នុងរយៈពេលជិត២ខែ»។ លោកស្រី Thapanee Kiatphaibool ដែលជាប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានលើកឡើងក្នុងកម្មវីធីមួយនៅទីក្រុងញូវដេលីកាលពីថ្ងៃទី២១ ខែកុម្ភៈ។ នេះបើតាមសារព័ត៌មាន TTG Asia ។ 
 
លោកស្រីសង្កត់ធ្ងន់ថា បុណ្យចូលឆ្នាំចិន ការលើកលែងទិដ្ឋាការ ការផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រតិករទេសចរ បានជួយឱ្យថៃសម្រេចបានជោគជ័យខាងលើ។ អាជ្ញាធរទេសចរណ៍ថៃ រំពឹងថា ចិននឹងក្លាយជាទីផ្សារលំដាប់លេខមួយនៅឆ្នាំនេះ​ ដោយមានភ្ញៀវប្រមាណ ៨លាននាក់។ 
 
នៅខែ៩ ឆ្នាំ២០២៣ ថៃបានប្រកាសកម្មវិធីលើកលែងទិដ្ឋាការទៅមកជាមួយចិនរយៈពេល ៥ខែ ហើយក្រោយមកប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ តទៅ។ 
 
នៅឆ្នាំ២០២៣ ចិនបានជាប់ចំណាត់ថ្នាក់ទី២ ដែលមានចំនួន៣,៥លាននាក់ក្នុងចំណោមទីផ្សារទេសចរកំពូលទាំង ៥របស់ថៃ។ ឥណ្ឌាឈរលំដាប់លេខ៤ ជាមួយភ្ញៀវ ១,៦លាននាក់ ខណៈអាម៉េរិកនៅលំដាប់លេខ១ មានចំនួន ៤,៦លាននាក់។ ក្នុងឆ្នាំ២០២៣ ថៃទទួលបានភ្ញៀវទេសចរ ២៨លាននាក់។ 
 
ឥណ្ឌាជាប្រភពទេសចរដ៏សំខាន់ដែលអាជ្ញាធរ TAT រំពឹងទទួលបានភ្ញៀវ ២លាននាក់នៅឆ្នាំនេះ។ «ឥណ្ឌាជាទីផ្សារដែលមានគុណភាពខ្ពស់ ចំណាយច្រើន នោះជាហេតុផលដែលយើងលើកលែងទិដ្ឋាការបណ្តោះអាសន្នដល់ទីផ្សារនេះ»។ លោកស្រី Thapanee Kiatphaibool បានថ្លែងបែបនេះ។ ថៃកំពុងពិចារណាគោលនយោបាយបន្ធូរបន្ថយបន្ថែមទៀត ដូចជាការលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍សម្រាប់ភ្ញៀវឥណ្ឌា។ 
 
ដើម្បីជំរុញភ្ញៀវទេសចរពីឥណ្ឌា TAT កំពុងផ្តោតលើគោលដៅថ្មីដូចជាស្រ្តី និងកុមារ ព្រមទាំងផ្សព្វផ្សាយទេសចរប្រភេទកីឡាផ្សងព្រេងជាដើម។ ថៃក៏ជំរុញការផ្សព្វផ្សាយផលិតផលថ្មីៗ និងកន្លែងទេសចរថ្មីជាច្រើនដូចជា​ Thann Wellness នៅខេត្តអយុធ្យា, ស្ពាន Mon និងភូមិ Pilok នៅ Kanchanaburi , ចម្ការទំពាំងបាយជូរក្នុងស្រុក និងឧទ្យានជាតិ Khao Yai។ 
 
រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃបាននិយាយថា ថៃនឹងបើកជើងហោះហើរបន្ថែមទៅឥណ្ឌាដើម្បីជំរុញទេសចរមកកាន់តែច្រើន។ ចាប់ពីថ្ងៃទី២ ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways នឹងចាប់ផ្តើមជើងហោះហើរថ្មី Bangkok-Kochi ចំនួន៣ជើងក្នុងមួយសប្តាហ៍៕ 
 

Tag:
 ទេសចរ
  ថៃ
  ចិន
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com