កីឡាអន្តរជាតិ
អន្តរជាតិ
Messi សង្គ្រោះអាជីវកម្មបុរសអាហ្សង់ទីនម្នាក់ដែលប្រឈមក្ស័យធន
27, Feb 2024 , 7:59 am        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi បានជួយសង្គ្រោះអាជីវកម្មលក់សាច់អាំង (BBQ) របស់បុរសសញ្ជាតិអាហ្សង់ទីនម្នាក់ឈ្មោះ Guillermo Fernandez ពីការក្ស័យធន នៅពេលឧបករណ៍អាំងសាច់របស់បុរសរូបនោះ ត្រូវបានតារាបាល់ទាត់ល្បីប្រចាំពិភពលោក បានកុម្ម៉ង់ទិញ។


​តារាបាល់ទាត់វ័យ ៣៦ឆ្នាំ បានបានប្រើបណ្តាញសង្គម Instagram ដែលមានអ្នកតាមដាន់ជាង ៥០០លាននាក់ ដើម្បីកុម្ម៉ង់ទិញឧបករណ៍អាំងសាច់ពីហាងឈ្មោះ Lebohierro របស់លោក ​Fernandez។ ហាង Lebohierro ជាហាងលក់សាច់អាំង និងឧបករណ៍ប្រើប្រាស់ក្នុងការចម្អិនសាច់ប្រភេទ BBQ មានទីតាំងនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ហើយបើកដំណើរការកាលពីខែធ្នូ ឆ្នាំ ២០២៣។
 
នៅក្នុងការបញ្ជាទិញនោះ ខ្សែប្រយុទ្ធ Messi បានសរសេរដូច្នេះ៖ «ថ្មីៗនេះខ្ញុំបានទិញឧបករណ៍អាំងសាច់ពីអ្នក ហើយអ្នកបានផ្ញើវាទៅកាន់ទីក្រុង Miami សហរដ្ឋអាម៉េរិក។ តើខ្ញុំអាចទិញឧបករណ៍ធំជាងនេះ ហើយតើអ្នកអាចនឹងផ្ញើវាទៅអាស័យដ្ឋានដដែលបានដែរឬទេ?»។ 
 
លោក Fernandez បានបង្ហា្ភាពភ្ញាក់ផ្អើលខ្លាំង និងសឹងតែមិនជឿនឹងភ្នែក ពេលដែលឃើញម្ចាស់ពាន World Cup 2022 បានបញ្ជាទិញឧបករណ៍អាំងសាច់នៅហាងរបស់ខ្លួនតាមរយៈបណ្តាញសង្គម Instagram។ 
  


«វាពិតជាកិត្តិយសសម្រាប់ខ្ញុំខ្លាំងណាស់ និងសេចក្តីរីករាយ ក្នុងការចម្អិនសម្រាប់អ្នក Messi។ Messi បានជួយសង្គ្រោះខ្ញុំ ហើយជួយឱ្យខ្ញុំមានប្រាក់ឈ្នួលបើកឱ្យកម្មករ។ នេះហើយជាពន្លឺនៅចុងបញ្ចប់នៃភពងងឹតរបស់អាជីវកម្មខ្ញុំ។»។
 
ជាមួយការបញ្ជាទិញរបស់ Messi បុរសសញ្ជាតិអាហ្សង់ទីន បានបង្ហោះសារដែលឆ្លើយឆ្លងគ្នាជាមួយ Messi នៅលើ Instagram ហើយទទួលបានការសរសើរជាច្រើន។ មិនតែប៉ុណ្ណោះការលក់របស់ហាង Labohierro ក៏មានការកើនឡើងខ្លាំងផងដែរនៅលើពិភពលោក ​ហើយគណនី Instagram របស់ Fernandes មានចំនួនអ្នកតាមដានកើនឡើងខ្លាំងចំនួនជាង ១សែនអ្នកដូចគ្នា។
 
កាលពីឆ្នាំមុខ ស្រដៀងគ្នានេះ Messi បានកុម្ម៉ង់ទិញទំនិញ ពីហាងមួយកន្លែងឈ្មោះ Churro ស្ថិតក្នុងទីក្រុង Rosario ស្រុកកំណើតរបស់គេផ្ទាល់ ហើយការបញ្ជាទិញនោះបានជួយពង្រឹងអាជីវកម្មរបស់ហាងនោះឡើងវិញ និងបន្តពង្រីកសាខាទៅកាន់ទីក្រុងដទៃផ្សេងទៀតក្នុងប្រទេសអាហ្សង់ទីន៕

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com