អន្តរជាតិ
ចិន និងរុស្ស៊ីថ្កោសទោសលើកញ្ចប់ទណ្ឌកម្មថ្មីរបស់លោកខាងលិចលើក្រុមហ៊ុនខ្លួន
27, Feb 2024 , 9:32 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី២៦ ខែកុម្ភៈ ប្រឆាំងដាច់ខាតចំពោះការសម្រេចចិត្តរបស់អង់គ្លេស សហភាពអឺរ៉ុប (EU) និងអាម៉េរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ខ្លួន ក្រោម ហេតុផលទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន។ ចំណែកក្រុងមូស្គូ បានច្រានចោលកញ្ចប់ទណ្ឌកម្មថ្មីនេះ ដោយព្រមានថា ប្រទេសដែលដាក់ទណ្ឌកម្មទាំងនោះទៅវិញទេដែលនឹងទទួលបានផលវិបាក។
 
រដ្ឋាភិបាលប្រធានាធិបតីអាម៉េរិករបស់លោក​ចូ បៃឌិន នៅថ្ងៃទី២៣ ខែកុម្ភៈ​ បានប្រកាសទណ្ឌកម្មលើអង្គភាពចំនួន ៩៣ មកពីរុស្ស៊ី ចិន តួកគី អេមីរ៉ាតអារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងការទិញអាវុធរុស្ស៊ី និងសង្រ្គាមនៅអ៊ុយក្រែន។ ទន្ទឹមនេះ សហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែកុម្ភៈ បានអនុម័តកញ្ចប់ទណ្ឌកម្មដោយឡែក ប្រឆាំងនឹងរុស្ស៊ី រួមទាំងក្រុមហ៊ុនចិនចំនួនបី រួមទាំងក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ អង់គ្លេសនៅថ្ងៃទី២២ ខែកុម្ភៈ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអេឡិចត្រូនិកចិនចំនួនបីផងដែរ។
 
«ចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន»។ ក្រសួងពាណិជ្ជកម្មចិនសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រក្រសួងបែបនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ។
ក្រុងប៉េកាំងព្រមានសហភាពអឺរ៉ុប និងអង់គ្លេសថា វិធានការរឹតត្បិតខាងលើ នឹងមានផលប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ 
 
ទន្ទឹមនឹងចិន វិមានក្រេមឡាំង បានច្រានចោលការដាក់ទណ្ឌកម្ម ដោយលើកឡើងថា សេដ្ឋកិច្ចរបស់រុស្ស៊ីបានសម្របខ្លួនទៅនឹងការរឹតបន្តឹង ហើយថាការដាក់ទណ្ឌកម្មទាំងនោះ កំពុងធ្វើឱ្យលោកខាងលិចរងការលំបាកទៅវិញ។
 
អាម៉េរិកកាលពីថ្ងៃទី២៣ ខែកុម្ភៈ បានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងរុស្ស៊ីដោយកំណត់ គោលដៅបុគ្គល និងអង្គភាពជាង ៥០០ ចំពេលប្រារព្ធខួបលើកទី ២នៃសង្រ្គាមនៅអ៊ុយក្រែន។

ទណ្ឌកម្ម​នោះ បាន​កំណត់​គោលដៅ​មន្ត្រី​ពន្ធនាគារ​ដែល​​អាម៉េរិក​អះអាងថា​មាន​ទំនាក់ទំនង​ជាមួយការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ថ្មីៗនេះផងដែរ។
 
ការដាក់ទណ្ឌកម្មចុងក្រោយនេះ ត្រូវបានរៀបចំឡើង ដើម្បីព្រមានក្រុមហ៊ុនផ្សេងទៀតមិនឱ្យរកស៊ី និងលក់អាវុធឱ្យរុស្ស៊ី យកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន ដែលឈានចូលឆ្នាំទី៣៕ 

Tag:
 ចិន
  រុស្ស៊ី
  អង់គ្លេស
  អាម៉េរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com