អន្តរជាតិ
អ៊ូសបេគីស្ថានដាក់ពន្ធនាគារមនុស្ស ២៣នាក់ដល់ ២០ឆ្នាំ ជុំវិញការស្លាប់ដោយទឹកស៊ីរ៉ូក្អក
27, Feb 2024 , 10:16 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
បន្ទាប់ពីសវនាការបានបើករយៈពេលប្រាំមួយខែ តុលាការអ៊ូសបេគីស្ថាន នៅថ្ងៃទី២៦ ខែកុម្ភៈបានសម្រេចកាត់ទោសមនុស្សចំនួន ២៣នាក់ឱ្យជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ជុំវិញការស្លាប់របស់កុមារ ៦៨ នាក់ដោយសារថ្នាំក្អកផ្ទុកមេរោគដែលផលិតដោយក្រុមហ៊ុនឱសថ Marion Biotech របស់ឥណ្ឌា។
 
អ៊ូសបេគីស្ថាន ធ្លាប់បានរាយការណ៍ពីការស្លាប់ចំនួន ៦៥នាក់ពាក់ព័ន្ធនឹងថ្នាំក្អក ហើយកាលពីខែមុន រដ្ឋអាជ្ញានៅក្រុង Tashkent បានបញ្ជាក់ថា មនុស្សពីរនាក់បន្ថែមទៀត បានស្លាប់។
 
ចុង​ចោទ​រួម​ទាំង​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ​ទៅ​២០​ឆ្នាំ។ ពួកគេ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ពិរុទ្ធ​ពី​ការ​គេច​ពន្ធ ការ​លក់​ថ្នាំ​ដែល​មិន​មាន​ស្តង់ដារ ឬ​ក្លែងក្លាយ ការបរាជ័យក្នុងការបំពេញភារកិច្ចស្របតាមបទប្បញ្ញត្តិ ការ​ធ្វេសប្រហែស ការ​ក្លែង​បន្លំ និង​ការ​ស៊ីសំណូក។
 
នាយកប្រតិបត្តិនៃក្រុមហ៊ុន Quramax Medical លោក Singh Raghvendra Pratar ដែលជា ក្រុមហ៊ុនលក់ថ្នាំដែលផលិតដោយក្រុមហ៊ុន Marion Biotech របស់ឥណ្ឌានៅអ៊ូសបេគីស្ថាន ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេលវែងបំផុតរហូតដល់ ២០ ឆ្នាំ។ អតីតមន្ត្រី​ជាន់ខ្ពស់​ដែល​ទទួល​ខុស​ត្រូវ​លើ​អាជ្ញាប័ណ្ណ​ឱសថ​នាំ​ចូល​ក៏​ត្រូវ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​យូរ​ដែរ។
 
បន្ថែមពីនេះ តុលាការបានសម្រេចថាសំណងចំនួន ៨ ម៉ឺនដុល្លារនឹងត្រូវបង់ទៅឱ្យគ្រួសារនីមួយៗនៃកុមារ ៦៨ នាក់ដែលបានស្លាប់ដោយសារការទទួលទានទឹកស៊ីរ៉ូ ក៏ដូចជាកុមារ ៤ នាក់ផ្សេងទៀតដែលបានក្លាយជាជនពិការ។ ឪពុកម្តាយរបស់កុមារប្រាំបីនាក់ផ្សេងទៀត ដែលរងផលប៉ះពាល់ដោយថ្នាំនេះផងដែរនឹងទទួលបានពី ១៦,០០០ ដុល្លារទៅ ៤ ម៉ឺន ដុល្លារ។ សេចក្តី​សម្រេច​របស់​តុលាការ​បាន​បញ្ជាក់ថា ប្រាក់​សំណង​នឹង​ត្រូវ​ប្រមូល​ពី​ទណ្ឌិត ​៧​ នាក់​។ នេះ បើតាម​សេចក្តីសម្រេច​របស់​តុលាការ​កំពូល៕

Tag:
 អ៊ូសបេគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com