កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប Everton ឈ្នះបណ្តឹងឧទ្ធរណ៍ បន្ថយការកាត់ពិន្ទុពី១០ មកនៅត្រឹម ៦ពិន្ទុ
27, Feb 2024 , 3:12 pm        
រូបភាព
ក្លិប Everton ឈ្នះបណ្តឹងឧទ្ធរណ៍ចំពោះការដាក់ទណ្ឌកម្មលើពួកគេ ជុំវិញការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ក្របខណ្ឌ Premier League ។ ការឈ្នះបណ្ដឹងនេះ បានជួយឱ្យការកាត់បន្ថយពិន្ទុរបស់ពួកគេពីចំនួន ១០ពិន្ទុ ឱ្យមកនៅត្រឹម ៦ពិន្ទុវិញ។


ការដាក់ទណ្ឌកម្ម ១០ពិន្ទុ ត្រូវបានធ្វើឡើងដំបូង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោយពេលរកឃើញថា ពួកគេបានប្រព្រឹត្តិខុសលើច្បាប់ប្រាក់ចំណេញ (PSR) ដោយក្លិបក្នុងតំបន់ Merseyside បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ភ្លាមៗ ប្រឆាំងនឹងការពិន័យដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Premier League។
 
កាលពីឆ្នាំ ២០២៣ អំឡុងពេលកាត់ពិន្ទុ Everton កំពុងឈរលេខ ១៤ កាលនោះ ត្រូវបានធ្លាក់ទៅឈរនៅតំបន់កាត់ចោលដោយមានត្រឹមតែ ៤ពិន្ទុក្នុងដៃតែប៉ុណ្ណោះ។ 
 
សេចក្តីប្រកាសរបស់ក្លិប Everton ក្រោយការប្រកាសរបស់ Premier League បានបញ្ជាក់ដូច្នេះ៖«ក្លិប ​Everton អាចបញ្ជាក់ថាក្រុមប្រឹក្សាបណ្តឹងឧទ្ធរណ៍បានសន្និដ្ឋានថា ការកាត់ពិន្ទុដាក់ដោយគណៈកម្មាការឯករាជ្យរបស់ក្របខណ្ឌ Premier League នៅក្នុងខែវិច្ឆិកា ត្រូវបានកាត់បន្ថយពី ១០ពិន្ទុ មកនៅត្រឹម ៦ពិន្ទុដោយមានប្រសិទ្ធិភាពភ្លាមៗ។»។
 
ការកាត់បន្ថយពិន្ទុទណ្ឌកម្មពី ១០ មកនៅត្រឹម ៦ពិន្ទុ មានន័យថា ក្លិប Everton បានវិលត្រឡប់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៥ ជាមួយនឹង ២៥ពិន្ទុក្នុងដៃ។
 
ដោយឡែកបើតាមច្បាប់ PSR របស់ក្របខណ្ឌលីគកំពូលអង់គ្លេស បានកំណត់ថា ក្លិបមួយមិនអាចខាត់បង់ប្រាក់លើសពីចំនួន ១០៥លានផោន (១៣៣.៦លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំ បានឡើយ។ មូលហេតុនៃការរកឃើញការល្មើសច្បាប់ PSR នេះ ហើយទើបធ្វើឱ្យ Premier League សម្រេចចិត្តដាក់ទណ្ឌកម្មលើក្លិប Everton។
 
​«ក្រុមប្រឹក្សាឧទ្ធរណ៍ឯករាជ្យ បានសន្និដ្ឋានថាការដាក់ទណ្ឌកម្មចំពោះការបំពានរបស់ក្លិប Everton FC នៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSRs) របស់ Premier League សម្រាប់រយៈពេលបញ្ចប់រដូវកាល ២០២១/២២ នឹងក្លាយជាការកាត់ចេញចំនួន ៦ពិន្ទុភ្លាមៗ។»។ នេះបើតាមសេចក្តីប្រកាសរបស់ Premier League៕

Tag:
 Everton
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com