RFI
អន្តរជាតិ
សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​រួម​រឹត​ដោយ​សង្គ្រាម​ហ្កាហ្សា ​និង​អ៊ុយក្រែន
27, Feb 2024 , 7:39 pm        
រូបភាព
លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ថ្ងៃទី ២៦ កុម្ភៈ​២០២៤ AP - Salvatore Di Nolfi
លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ថ្ងៃទី ២៦ កុម្ភៈ​២០២៤ AP - Salvatore Di Nolfi
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៥៥​របស់​ខ្លួននៅ នៅ​ថ្ងៃ​ចន្ទ​ទី ២៦​កុម្ភៈ នា​​ទីក្រុង​ហ្សឺណែវ។ សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ចលនាហាម៉ាស ព្រម​ទាំង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា បានក្លាយ​ជា​ប្រធានបទ​ស្នូល​ ក្នុង​ថ្ងៃ​បើក​ប្រជុំដំបូង​តែម្តង។


ខុស​ពី​ទម្លាប់សព្វមួយ​ដង​ លោក​អង់តូនីញ៉ូ ហ្គូទែរស៍ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អញ្ជើញ​មក​ធ្វើ​ជាអធិបតី​បើក​សម័យ​ប្រជុំ​លើក​ទី​៥៥​​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ឱ្យ​កាន់​តែមាន​ទម្ងន់​ឡើង។ ក្នុង​សុន្ទរកថា​លោក​បាន​បំពង​សំឡេង​រំលឹក​ថា​ សិទ្ធិមនុស្ស​មិន​អាច​កាត់​ផ្តាច់​ពី​សន្តិភាព​បាន​ទេ តែសព្វថ្ងៃ​​សិទ្ធិមនុស្ស​និង​សន្តិភាព​កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង។ លោក​ចង់​សំដៅ​លើ​​ជម្លោះ​នៅ​ហ្កាហ្សា​និង​នៅ​អ៊ុយក្រែន។
 
ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ពិភពលោក​កាន់​តែ​គ្រោះ​ថ្នាក់​ឡើងៗ ហើយ​បញ្ហា​នៅ​ត្រង់​ថា​អង្គការ​សហប្រជាជាតិគ្មាន​​សមត្ថភាព​ដោះស្រាយទេ។ ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​គាំង​ស្តូក។ ឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លែង​យល់​ស្រប​គ្នា​ចំពោះ​វិបត្តិ​ធំៗ។ គេ​បាន​ដឹង​តាំងពី​យូរ​មក​ តែ​ពេល​នេះ​គឺ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយ​ចេញ​ពី​មាត់​លោក​ផ្ទាល់​តែ​ម្តង ទៅ​កាន់​រដ្ឋ​សមាជិក​។ ដូច្នេះ​ច្បាស់​ជា​លាន់​ខ្ទរ​ខ្លាំង​ហើយ។ លោក ហ្គូទែរស៍​ បាន​ថែមទាំង​អះអាងថា ភាព​ប្រេះឆា​ក្នុង​រង្វង់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​សន្តិសុខ​​ក្នុង​សំណុំ​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ហ្កាហ្សា ​នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​នេះអស់​តម្លៃ។ ដើម្បី​ដើរ​ចេញ​ពីភាព​​ទ័លច្រក លោក​អគ្គលេខាធិការ​រំពឹង​លើ​ជំនួប​កំពូល​​ខែ​កញ្ញា​នៅទីក្រុង​ញូវយ៉ក​ ដែល​ជា​ឱកាស​ជួប​ជុំ​​​មហាសន្និបាត​ដាស់​រំលឹក​ឱ្យ​គោរព​​​បទ​បញ្ជា​ផ្ទៃក្នុងនិង​គោលការណ៍​ពហុជាតិ។
 
ទាក់ទង​នឹង​ស្ថានភាព​នៅ​តំបន់​ហ្កាហ្សា លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​​ បាន​គូស​បញ្ជាក់ថា ប្រតិបត្តិការ​យោធា​​របស់​អ៊ីស្រាអែល​លើ​តំបន់​រ៉ាហ្វា គឺ​ជា​ការ​បញ្ចប់​ជំនួយ​មនុស្សធម៌ ដែល​ទោះ​មិន​គ្រប់​គ្រាន់​ក៏​អាច​ជួយ​ធានា​ភាព​រស់​រានរបស់​ពលរដ្ឋ​ហ្កាហ្សា​រាប់​សិប​រយនាក់។ គ្មានហេតុផល​អ្វី​ជា​សំអាង​សម្រាប់​ឱ្យ​ពួក​ហាម៉ាស​​មក​ធ្វើ​ឃាត ទារុណកម្ម និង​ចាប់​ខ្លួន​ជន​ស៊ីវិល​ ហើយ​ប្រើ​អំពើ​ហិង្សា​ផ្លូវភេទ ឬ​បាញ់​រ៉ុកកែត​សំដៅ​អ៊ីស្រាអែល​ទេ​។ ហើយ​ក៏​គ្មាន​អ្វី​ជា​សំអាងសក្តិសម​​ដែល​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ដាក់​ទណ្ឌកម្ម​ជា​សមូហភាព​លើ​ប្រជាជន​ប៉ាឡេស្ទីន​ដែរ។ នេះ​ជា​ប្រសាសន៍​​របស់​លោក​អង់តូនីញ៉ូ ហ្គូទែរស៍​ ដោយ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជា​បន្ទាន់​និង​ការ​ដោះលែងចំណាប់​ខ្មាំង​ទាំងអស់​​ភ្លាម​ដោយ​គ្មាន​លក្ខខណ្ឌ​។ 
 
ប្រតិកម្ម​របស់​លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ ពី​វេទិការបស់​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ធ្វើ​ឡើង​ក្រោយ​ពី​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ នេតាន់យ៉ាហ៊ូ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ លើ​តំបន់​រ៉ាហ្វា ដើម្បី​ធានា​ជោគជ័យ​ទាំង​ស្រុង​លើ​ពួក​ហាម៉ាស។ ​សម្រាប់​​លោក​នេតាន់យ៉ាហ៊ូ បទ​ឈប់​បាញ់​ថ្មី​ដែល​កំពុងស្ថិត​នៅលើ​តុចរចា​នៅ​ដូហា គ្រាន់​តែ​ពន្យឺត​ពេល​ធ្វើ​ប្រតិបត្តិការ​តែ​បន្តិច​តែ​ប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com